ក្រសួងពាណិជ្ជកម្ម​នឹង​ចាត់វិធានការ​ដល់​សហ​គ្រាស​ឬ​អាជីវកម្ម​ប្រព័ន្ធ​អេឡិចត្រូនិក​ដែល​មិនទាន់មាន ​អាជ្ញា​បណ្ណ

​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម​ដាក់​ឪ​សា​នុ​វាទ​ដល់​រយះពេល​៤​ខែ​ដល់​សហគ្រាស​ឯកបុគ្គល នីតិបុគ្គល និង​សាខា​ក្រុមហ៊ុន​បរទេស ដែល​ធ្វើ​អាជីវកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ទាំងអស់​ដែល​មិនទាន់​ទទួល លិខិតអនុញ្ញាត ឬ​អាជ្ញា​បណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ត្រូវដាក់​ពាក្យស្នើសុំ ដើម្បី​ការពារ​អ្នកប្រើប្រាស់​។​


​ក្រសួងពាណិជ្ជកម្ម​កាល​ពីថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២១ បាន​ជូនដំណឹង​ពី​ការពន្យា​ពេលនេះ ពី​ការដាក់​ពាក្យស្នើសុំ លិខិតអនុញ្ញាត ឬ​អាជ្ញា​បណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ រហូតដល់​ថ្ងៃទី​១ មីនា ឆ្នាំ​២០២២ ដោយសារតែ​ក្រសួង​សង្កេតឃើញថា សហគ្រាស​-​ក្រុមហ៊ុន​ទាំងនោះ បាននិងកំពុង កំពុង​រៀបចំ​ឯកសារ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។​


​បើតាម​ប្រធាន​នាយកដ្ឋាន​ចុះបញ្ជី​ពាណិជ្ជកម្ម​អះអាងថា នៅក្នុង​ករណី​ដែល​ក្រសួង​ពន្យា​ពេល​ដល់​ដើមខែ​មីនាឆ្នាំ​២០២២​ហើយ តែ​ក្រុមហ៊ុន និង​សហគ្រាស​ទាំងនោះ​នៅតែ​មិន​ព្រម​ដាក់ពាក្យ​ស្នើសុំ​ទៀត​នោះ​ក្រសួង​នឹង​ចាត់វិធានការ​តាមច្បាប់ ដោយ​នឹង​ផ្អាក​ប្រតិបត្តិការ​អាជីវកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​(​ការលក់ដូរ​អន​ឡាញ​) ហើយនឹង​អាច​ពិន័យ​ជា​ប្រាក់​រហូតដល់​១០​លាន​រៀល សម្រាប់​អាជីវកម្ម​តាម​អន​ឡាញ​ណា ដែល​ធ្វើ​សកម្ម​លក់ដូរ​តាម​អន​ឡាញ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​នេះ​។​


​កាលពី​០២ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៩ ច្បាប់​ស្តីពី កិច្ចការពារ​អ្នកប្រើប្រាស់ មាន​១១​ជំពូក ៥១​មាត្រា ត្រូវបាន​ប្រកាស​ឲ្យ​ប្រើប្រាស់​ក្នុង​គោលដៅ​កំណត់​វិធាន និង​យន្តការ​ដើម្បី​រួមចំណែក​បង្កើត​បរិយាកាស​នៃ​ការធ្វើ​ពាណិជ្ជកម្ម និង​ផលប្រយោជន៍​អ្នកប្រើប្រាស់​ត្រូវ​បានការ​ពារ ការធ្វើ​ពាណិជ្ជកម្ម​មានការ​ប្រកួត​ប្រជែង​ដោយ​សុចរិត និង​អ្នកប្រើប្រាស់​ក៏ដូចជា​ពាណិជ្ជករ ធ្វើ​សកម្មភាព​ជាមួយគ្នា​ដោយមាន​ទំនុកចិត្ត​៕