ក្រសួងពាណិជ្ជកម្មនឹងដាក់ឱ្យប្រើប្រាស់នូវ ប្រព័ន្ធគ្រប់គ្រងធនធានមនុស្សតាមប្រព័ន្ធអេឡិចត្រូនិក

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រសួងពាណិជ្ជកម្មកំពុង​តែរៀបចំ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ប្រព័ន្ធគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងពាណិជ្ជកម្ម តាមរយៈការប្រើប្រាស់​ប្រព័ន្ធអេឡិចត្រូនិកជំនួសវិញ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងភាពងាយស្រួលក្នុងការគ្រប់គ្រង​មន្រ្តីរាជការរបស់ក្រសួងពាណិជ្ជកម្ម។

លោករដ្ឋមន្ត្រី បានថ្លែងបែបនេះ កាលពីរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ នាឱកាសដែលលោក ចូលរួម​ជាអធិបតីក្នុងកិច្ចប្រជុំស្តីពី “ការដាក់ឱ្យប្រើប្រាស់ MOC Web Portal និងប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស​របស់ក្រសួងពាណិជ្ជកម្ម” ដែលបានរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម។

លោកបានថ្លែងបន្តថា ក្រសួងពាណិជ្ជកម្មបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យឌីជីថល ជាក់ស្ដែងក្រសួង​បានដាក់ឱ្យដំណើរការជាបណ្ដោះអាសន្ននូវមជ្ឈមណ្ឌលទិន្ន័យថ្មី កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ដើម្បីធានាឱ្យបាននូវការប្រើប្រាស់ប្រពន្ធ័ស្វ័យប្រវត្តកម្ម (Online Service) របស់ក្រសួងពាណិជ្ជកម្ម​កាន់តែ​មានប្រសិទ្ធភាព និងសុវត្ថភាពខ្ពស់ ដែលប្រព័ន្ធទាំងនេះកំពុង​មានការប្រើប្រាស់យ៉ាងទូលំទូលាយពីអ្នក​ទទួលសេវា។ ប្រព័ន្ធស្វ័យប្រវត្តកម្មទាំងនេះ រួមមាន៖ ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម ប្រព័ន្ធចេញវិញ្ញាបន​បត្រប្រភព​ដើមទំនិញ ប្រព័ន្ធចុះបញ្ជីម៉ាក និងប្រព័ន្ធប្រតិបត្តិការដែលមានកិច្ចធានា ជាដើម។

លោករដ្ឋមន្រ្តីថ្លែងបញ្ជាក់ថា៖ បន្ថែមពីលើប្រពន្ធ័ស្វ័យប្រវត្តកម្មទាំងនេះ ក្រសួងពាណិជ្ជកម្ម បានឈានមួយ​ជំហានទៀតក្នុងវិស័យឌីជីថល ដោយនឹងរៀបចំដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអនឡាញមួយចំនួនទៀត រួមមាន៖ ប្រព័ន្ធ​គ្រប់គ្រងធនធានមនុស្សរបស់ក្រសួងពាណិជ្ជកម្ម (MOC HR System – Vitual Office) ផ្សារក្រសួងពាណិជ្ជកម្ម (Phsar MOC) និងការប្រើប្រាស់ Power BI (Business Intelligence) ដើម្បីវិភាគទៅលើការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាដើម។ ប្រព័ន្ធអនឡាញថ្មីទាំងនេះ ត្រូវបានគ្រប់គ្រងដោយ MOC Web Portal ដែលត្រូវបានធ្វើការអភិវឌ្ឍន៍ដោយមន្រ្តីបច្ចេកទេសរបស់ក្រសួងផ្ទាល់ និងរក្សាទុកនៅក្នុងមជ្ឈមណ្ឌលទិន្ន័យថ្មីរបស់ក្រសួងពាណិជ្ជកម្មតែម្ដង៕