ក្រុមការងារជំរុញការវិនិយោគនិងពាណិជ្ជកម្មកម្ពុជា-ចិនត្រូវបានបង្កើតឡើង

ភ្នំពេញ៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋ​ប្រជា​មានិតចិន បានចុះអនុស្ស​រ​ណៈយោគ​យល់គ្នា(MoU)បង្កើតក្រុមការងារកិច្ចសហប្រតិបត្តិការ វិនិយោគនិង​សេដ្ឋកិច្ច​កាល​ពីសប្តាហ៍មុនក្នុងគោលបំណងដើម្បីជំរុញការធ្វើពាណិជ្ជកម្ម វិនិយោគ រវាងប្រទេសទាំងពីរ។

បើយោងតាមការសេចក្តីប្រកាសព័ត៌​មានរបស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជាបានដកស្រង់ លោក សុខ ចិន្តា សោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា  បានលើកឡើងថា MoU នេះ នឹងដើរតួនាទីសំខាន់ក្នុងការជំរុញលំហូរ​វិនិយោគ និងពាណិជ្ជកម្មទ្វេទិសរវាងប្រទេសទាំងពីរកាន់តែច្រើនបន្ថែមទៀត។

លោកបានមានប្រសាសន៍ថា ៖«យើងសង្កេតឃើញថាយើងមានការវិនិយោគយ៉ាងច្រើន របស់វិនិយោគិន​ចិននៅ​កម្ពុជា ធ្វើឱ្យការវិនិយោគរបស់​ចិន​​ឈរ​នៅ​លំដាប់ទី១ ដែលនឹងជួយជំរុញ និងពន្លឿនសមត្ថភាពកម្ពុជា ជាពិសេស​​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីកម្ពុជា-ចិន នឹងជួយស្តារសង្គមសេដ្ឋកិច្ចឡើងវិញ​ក្រោយវិបត្តិកូវីដ-១៩ផងដែរ» ។

យោងតាម​របាយការណ៍​ពី​ក្រសួង​ពាណិជ្ជកម្ម ក្នុង​រយៈពេល​៩​ខែ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-​ចិន សម្រេច​បាន​ជិត ៧ ៩៦៨​លាន​ដុល្លារ​ កើន​ឡើង​ ៣៨,៣៦​ភាគ​រយ​ ដោយ​ក្នុង​នោះ​នាំ​ចេញ​ទៅ​មាន​ទំហំ​ទឹកប្រាក់​ជាង ១ ០៩៣​លាន​ដុល្លារ កើន​ ៥២,៧៤​ភាគ​រយ ខណៈ​កម្ពុជា​នាំចូល​ពី​ចិន​វិញ​មាន​ទំហំ​ទឹកប្រាក់ ៦ ៨៧៥​លាន​ដុល្លារ កើន ៣៦,៣២​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​​ឆ្នាំ​២០២០៕