ក្រុមហ៊ុនចិនបោះទុនវិនិយោគ៧០លានដុល្លារលើដំណាំស្វាយនៅកម្ពុជា

ខេត្ត​ស្ទឺ​ង​ត្រែង​៖ ក្រុមហ៊ុន ហ្គ្រី​ន ស៊ី អេ​ហ្គ្រី​ខ​ល​ជ័រ បាន​ចំណាយ​ថវិកា​ជិត​៧០​លាន​ដុល្លារ ក្នុង​រយៈពេល​ជាង​៣​ឆ្នាំ ដើម្បី​ដាំ​ដុះ​ស្វាយ​៦​ប្រភេទ សម្រាប់​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​។

នៅ​អំឡុង​ពេល ដែល​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចុះ​ទៅ​ពិនិត្យ​ចំការ​ស្វាយ នៅ​ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង Mr.Jackyនាយក​ចាត់ការ​ទូទៅ​ក្រុមហ៊ុន ហ្គ្រី​ន ស៊ី អេ​ហ្គ្រី​ខ​ល​ជ័រ បាន​និយាយ​ថា កម្មវត្ថុ​នៃ​ផលិតកម្ម​ស្វាយ របស់​ក្រុមហ៊ុន គឺ​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន ដោយ​ត្រូវ​ឆ្លងកាត់​ប្រទេស​វៀតណាម ថៃ និង​កំពង់​ផែ​ក្នុង​ព្រះ​សីហ​នុ​។ ហើយ​គិត​មក​ទល់​បច្ចុប្បន្ន ក្រុមហ៊ុន​បាន​ចំណាយ​ថវិកា​ជិត ៧០​លាន​ដុល្លារ​ហើយ សម្រាប់​ការ​វិនិយោគ​លើ​ចំការ​ស្វាយ​នេះ ។

លោក​បាន​បន្ថែម​ថា ពូជ​ស្វាយ​ដែល ក្រុមហ៊ុន​បាន​ដាំ​ដុះ ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​តៃវ៉ាន់ អា​មេ​រិ​ក និង​អូស្ត្រាលី ដែល​រួម​មាន​រួម​មាន ពូជ R2E2 , Jinh Wang , Keitt Mango , Red Golden Dragon, Tainong , និង Guire។​ហើយ​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​បាន​ដាំ​ដុះ​លើ​ផ្ទៃដី​សរុប​ចំនួន ១ ២០០ ហិ​កតា ហើយ ស្មើនឹង ១២​ភាគរយ ធៀប​នឹង​ផែនការ​ម​លើ​ផ្ទៃដី​ទំហំ ៩ ៧៧២,១១៧៦​ហិ​កតា​។

លោក​បាន​បង្ហាញ​ពី​បារម្ភ​ថា​៖« បច្ចុប្បន្ន ក្រុមហ៊ុន បាន​និង​កំពុង​រៀបចំ​មធ្យោបាយ​ដឹក​ជញ្ជូន និង​រួម​ទាំង​ទូ​ត្រជាក់​ផង​ដែរ​ដើម្បី​កាត់​បន្ថយ​ថ្លៃដើម​។ ដោយឡែក​ការងារ​បច្ចេកទេស ក្រុមហ៊ុន​បាន​ដាក់​ពាក្យ​ចុះបញ្ជី​ចម្ការ​ស្វាយ​នៅ​អគ្គនាយកដ្ឋាន​កសិកម្ម ហើយ​ទទួល​បាន​កិច្ចសហការ​ល្អ​មក​វិញ​គឺ​អគ្គនាយកដ្ឋាន​បាន​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​មក​ណែនាំ​អំពី បច្ចេកទេស​ដាំ ប្រមូល​ផល វេច​ខ្ចប់ និង​ជា​ពិសេស​លក្ខខណ្ឌ​តម្រូវ​នៃ​ភូតគាម​អនាម័យ​»​។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បាន​ថ្លែង​ថា ក្រសួងកសិកម្ម​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ឲ្យ​បន្ត​ខិតខំ​លើ​ការងារ​ផលិតកម្ម​បន្ថែម​ទៀត ពិសេស​ការ​អនុវត្ត​នីតិវិធី​ភូតគាម​អនាម័យ​ដែល​ជា​គោលការណ៍​គ្រឹះ សម្រាប់​នាំ​ចេញ បើ​ទោះ​សកម្មភាព​នៃ​ការ​នាំ​ចេញ​បាន​និង​កំពុង​តែ​ប្រឈម ហើយ​នេះ​មិនមែន​តែ​ប្រទេស​កម្ពុជា​ទេ តែ​ជា​បញ្ហា​សកល​ដែល​មិន​អាច​ចៀសវាង​បាន​។

លោក​បាន​បញ្ជាក់​ថា​៖« ក្រុមហ៊ុន​ក៏​ត្រូវ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម និង​មន្ទីរ​កសិកម្ម ខេត្ត ធ្វើ​យ៉ាងណា​ឲ្យ​កិច្ច​ដំណើរការ​នៃ​ការ​វិនិយោគ​នេះ​ប្រ​ព្រ​ត្តិ​ទៅ​ដោយ​រលូន និង​ទទួល​បាន​ជោគជ័យ ។ ភាព​ជោគជ័យ​នេះ មិនមែន​សម្រាប់​តែ​ក្រុមហ៊ុន​ទេ គឺ​សម្រាប់​សេដ្ឋកិច្ចជាតិ និង​ជា​ពិសេស​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ផ្ទាល់​តាម​រយ​:​ការ បង្កើត​ការងារ មានការ​ងារ មាន​ចំណូល គ្មាន​ចំណាកស្រុក មាន​ជីវភាព​ល្អ​ប្រសើរ ទាំងនេះ​ជា​ក្តី​បំណង​របស់​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​តេ​ជោ ជា​នាយក​រដ្ឋមន្ត្រី ដែល​តែងតែ​គាំទ្រ និង​លើក ទឹកចិត្ត បង្កើត​លក្ខខណ្ឌ​អំណោយផល​ដល់​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅប្រទេស​»​៕