ក្រុមហ៊ុន​ជប៉ុន​មានបំណង​ចង់​នាំ​គ្រឿងចក្រ​កែច្នៃ​សំរាម​ផ្លា​ស្ទិ​ក​ទៅជា​បេតុង​កៅស៊ូ​(AC) ម​កម្ពុជា​


​ភ្នំពេញ​៖ លោក NISHIYAMA នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ជប៉ុន​បានបង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​នាំចូល​គ្រឿងចក្រ​កែច្នៃ​សំរាម​ថង់​ផ្លា​ស្ទិ​ក​ជា​បេតុង​កៅស៊ូ (AC) ក្នុង​ចូលរួមចំណែក​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅ​កម្ពុជា​ឱ្យ​កាន់​តែមាន​គុណភាព​ខ្ពស់​ស្តង់ដារ​ជប៉ុន​។​


​ការបង្ហាញ​នូវ​ផែនការ​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​អង្គារ ទី​២៥ ខែមករា ឆ្នាំ​២០២២ នៅ​ទីស្តីការ ក្រសួង ក្នុង​ជំ​បួន​រវាង​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ក្រុមហ៊ុន​ជប៉ុន ដែល​ដឹកនាំ​ដោយ​លោក Shu NISHIYAMA នាយក​ប្រតិបត្តិ​ក្រុមហ៊ុន និង​គណៈប្រតិភូ ដោយមាន​ការ​អមដំណើរ​ពី​ជំនាញការ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ប្រចាំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ផងដែរ​។


​លោក Shu NISHIYAMA បាន​ណែនាំ​គ្រឿងចក្រ​ប្រភេទ​ថ្មី ដែលមាន​សមត្ថភាព​អាច​កែច្នៃ​សំរាម​ប្លា​ស្ទិ​ក​ឱ្យទៅជា​បេតុង​កៅស៊ូ (AC) សម្រាប់​ការសាងសង់​ផ្លូវ​នៅ​កម្ពុជា និង​បានស្នើ​សុំឱ្យ ក្រសួង​ពិចារណា​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​នេះ ដោយហេតុថា​វា​មាន​លក្ខណៈ​សមស្រប​អាច​ប្រើ ប្រាស់​បាន​នៅក្នុង​ស្ថានភាព​ប្រទេស​កម្ពុជា ដែល​សំបូរ​ទៅដោយ​ភ្លៀង​ធ្លាក់​រយៈពេល​យូរ អាច​ធានាបាន​នូវ​ការ​ជ្រាប​ទឹក និង​ធ្វើឱ្យ​ផ្លូវ​ជាប់​រឹងមាំ​បានយូរ​អង្វែង​ផងដែរ​។


​លោក ស៊ុន ចាន់ថុល បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ពិនិត្យ​ស្ថានភាព​នៅ​កម្ពុជា​ឱ្យបាន​ល្អិតល្អន់ មុននឹង​សម្រេច​លើ​ការ​នាំចូល​បច្ចេកវិទ្យា​ថ្មី​នេះ ជាពិសេស​ពិនិត្យ​ទៅលើ​សំរាម​នៅ​កម្ពុជា ដែល​មិនមាន ការបែងចែក​ប្រភេទ​សំរាម អាច​បង្ក​ជា​បញ្ហា​ស្មុគស្មាញ​ក្នុងការ​ផ្គត់ផ្គង់​សម្រាប់​ដំណើរការ​កែច្នៃ និង​ការ ប្រមូល​សំរាម​ផងដែរ ប៉ុន្តែ​ទោះយ៉ាងណា​ក៏ដោយ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​នៅតែ​បង្ហាញ​នូវ​ការគាំទ្រ​លើ គំនិត​ផ្ដួចផ្ដើម​នៃ​ការនាំយក​មកប្រើប្រាស់​នូ​វ​បច្ចេកវិទ្យា​ថ្មី​នេះ​ផងដែរ ដើម្បី​ចូលរួម​ថែរក្សា​បរិស្ថាន​ស្អាត​។


​បន្ថែម​ពីលើ​នេះ លោក​រដ្ឋមន្ត្រី បាន​ស្នើឱ្យ​ក្រុមហ៊ុន​ធ្វើការ​សិក្សា​ឱ្យបាន​លម្អិត​ទាក់ទង​នឹង បរិមាណ​ប្លា​ស្ទិ​កនៅ​កម្ពុជា​ថា​តើ​អាច​ផ្គត់ផ្គង់​សម្រាប់​ការកែច្នៃ​បាន​កម្រិតណា និង​បាន​បញ្ជាក់ថា​៖ តម្លៃ ផលិតផល​នោះ​មិនត្រូវ​ឱ្យលើស​ថ្លៃ​បេតុង​កៅស៊ូ (AC) ដែល​កំពុង​ប្រើប្រាស់​នាពេល​បច្ចុប្បន្ន​ទេ និង​ត្រូវ សិក្សា​អំពី​បញ្ហា​ផលប៉ះពាល់​បរិស្ថាន​ដោយ​ប្រៀបធៀប​នឹង​ការប្រើប្រាស់​បេតុង​កៅស៊ូ​ផងដែរ​៕