
ភ្នំពេញៈ ក្រុមហ៊ុនចំនួន ៤ ដែលជាក្រុមហ៊ុននាំចូលជ្រូករស់បានដាក់លិខិតទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ដើម្បីស្នើសុំឱ្យមានការដាក់ដេញថ្លៃគោលការណ៍នាំចូលជ្រូករស់មកបំពេញទីផ្សារកម្ពុជា។
អ្នកក្នុងវិស័យនេះថា ទង្វើនេះបាននិងកំពុងដើរផ្ទុយពីគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការជំរុញលើកកម្ពស់ផលិតភាពផលិតកម្មចិញ្ចឹមសត្វក្នុងស្រុក។
ក្នុងលិខិតនេះ បានបញ្ជាក់ថា ការដាក់ចេញនឹងផ្តល់ផលប្រយោជន៍ដល់ការប្រមូលចំណូលចូលដល់ថវិកាជាតិជាង ៣ លានដុល្លារក្នុង១ឆ្នាំៗ។ ក្រុមហ៊ុន១ មានសិទ្ធិនាំចូលសត្ចជ្រូករស់បានចំនួន ៩៦០ ក្បាលក្នុង១ថ្ងៃ និងត្រូវបង់ថវិកាចូលជាតិជាងកន្លះលានដុល្លារ១ ឆ្នាំ។ សព្វថ្ងៃ ក្រុមហ៊ុនទទួលអាជ្ញាបណ្ណនាំចូលជ្រូកមានចំនួន ៧ ក្រុមហ៊ុន។
លិខិតនេះ បានឱ្យដឹងទៀតថា តាមរយៈការដេញថ្លៃនឹងជួយប្រជាពលរដ្ឋបានហូបសាច់ជ្រូកក្នុងតម្លៃមួយសមរម្យ មិនថ្លៃហួសហេតុដូចសព្វថ្ងៃនេះទេ។
លិខិតនេះបន្តថា៖«ដោយសារកន្លងមក កាអនុញ្ញាតនាំចូលសត្វជ្រូករស់សម្រាប់យកមកបំពេញសេចក្តីត្រូវការលើទីផ្សារនៅកម្ពុជា មិនមានតម្លាភាពធ្វើឱ្យឈ្មួញដែលនាំចូលមានលក្ខណៈផ្តាច់មុខគ្រប់គ្រងទីផ្សារ និងតម្លើងតម្លៃសាច់ជ្រូកលើទីផ្សារខ្ពស់ស្រេចតែចិត្ត។កត្តានេះធ្វើឱ្យក្រុមហ៊ុនដទៃទៀត មិនមានឱកាសទទួលបានសិទ្ធិនាំចូល ដើម្បីប្រកួតប្រជែងលក្ខណៈទីផ្សារសេរីបាននោះទេ»។
ក្រុមហ៊ុនទាំង ៤ នេះ គឺក្រុមហ៊ុន ផៅវ័រ អ៊ិនធើ អេស៊ាន ជេអិន (ខេមបូឌា) អ៊ិនវេសម៉ិន ឯ.កក្រុមហ៊ុន ឆាង រិទ្ធី ត្រេឌីង អ៊ិមផត អិចផត ឯ.ក ក្រុមហ៊ុន រ៉ូស៊ីតា (អអេសធី) និងក្រុមហ៊ុន ជីធី ហ្វោនដេសិន (ខេមបូឌា) ឯ.ក។
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា សព្វថ្ងៃមានក្រុមហ៊ុនចំនួន ៦ ដែលកំពុងទទួលបានគោលការណ៍នាំជ្រូករស់ចូលមកក្នុងកម្ពុជា និងមានចំនួន ៤ ក្រុមហ៊ុនទទួលគោលការណ៍នាំឆ្លងកាត់។
អគ្គនាយកដ្ឋាននេះ បានឱ្យដឹងទៀតថា ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២១ នេះ ការសុំបង្កើតកសិដ្ឋានចិញ្ចឹមជ្រូកនៅកម្ពុជាមាន ៦១ កន្លែង ក្នុងនេះកសិដ្ឋានចិញ្ចឹមពូជជ្រូកចំនួន ៧ កន្លែង និងកសិដ្ឋានចិញ្ចឹមជ្រូកសាច់ចំនួន ៥៤ កន្លែង៕