ក្រុមហ៊ុន Coupang ផ្ដល់ប្រាក់ចំណូលបំបែកកំណត់ត្រាចំនួន ៤,៧ពាន់ពាន់លានវ៉ុននៅត្រីមាសទី១

ទីក្រុង​សេអ៊ូលៈ Coupangជា​ក្រុ​មហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក​របស់​ប្រទេសកូរ៉េ​ខាងត្បូង​ បាន​បង្ហាញ​ប្រាក់​ចំណេញ​ ៤,៧​ពាន់ពាន់​លាន​វ៉ុន (​៤,២ពាន់​លាន​ដុល្លារ)​ដែល​បំបែក​កំណត់ត្រា​ ក្នុង​អំឡុងពេល​​ត្រីមាស​ទី១​ឆ្នាំនេះ ដោយ​សារតែ​អាជីវ​កម្ម​បន្ត​​រីក​ចម្រើន​បើ​និយាយ​អំពី​ទំហំ ​ប៉ុន្តែ​ប្រតិបត្តិការ​របស់ខ្លួន​ខាតបង់​ជិត​ពីរដង​ ដោយ​សាររតែ​​ការ​កើន​ឡើង​ការចំណាយ​លើ​ប្រតិបត្តិការ​ និង​រដ្ឋបាល​។​​

យោង​តាម​របាយការណ៍​​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​ ប្រាក់​ចំណូល​បាន​កើន​ឡើង​ ៧៤​ភាគរយ​ធៀប​នឹង​រយៈពេល​មួយ​ឆ្នាំ​មុន​ ដែលជា​តួលេខ​លក់​ធំ​ជាងគេ​នៅ​ត្រីមាស​ទី១​ របស់​ខ្លួន​មក​ដល់​ពេលនេះ។​​

ក្រុម​ហ៊ុន​ដែល​ជួញ​ដូរ​នៅលើ​​ផ្សារហ៊ុន​New York Stock Exchange បាន​ឲ្យ​ដឹងកាល​ពី​ថ្ងៃ​ពុធ​ថា៖ «​យើង​បាន​បញ្ចប់​​ត្រីមាស​នេះ​ជាមួយនឹង​អតិថិជន​ដ៏សកម្ម​​ចំនួន​១៦​លាននាក់​ កើន​ឡើង​​២១​ភាគរយ​ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ ដែល​ឆ្លុះ​បញ្ចាំង​អត្រា​រក្សា​ទុក​អតិថិជន​ខ្ពស់​ និង​ការ​បន្ថែម​អតិថិជន​ថ្មី​ជាច្រើន​ទៀត»។

ការខាត​បង់​ផ្នែក​ប្រតិបត្តិការ​របស់​ខ្លួន​ បានកើន​ឡើង​ដល់​៣៣០​ពាន់​លាន​វ៉ុន (​២៩៥លាន​ដុល្លារ) ​កើន​ឡើង​១៨០​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំមុន​។​

ក្រុមហ៊ុន​បាន​ពន្យល់​ថា ការកើន​ឡើង​ការ​ចំណាយ​​ផ្នែក​ប្រតិបត្តិការ​ ទូទៅ ​និង​រដ្ឋបាល​ នៅ​ត្រីមាស​ទី១​នេះ​ រួម​មាន​ការ​ចំណាយ​សំណង​ដោយ​ផ្អែក​លើ​សមធម៌​សរុប​ចំនួន​៨៧​លាន​ដុល្លារ ​មួយ​ផ្នែក​ដោយ​សារតែ​ការ​ចំណាយ​៦៦លាន​ដុល្លារ​ ដែល​ជាប់ទាក់​ទង​នឹង​ការចំណាយ​ពាន​រង្វាន់​សម​ធម៌​ ស្រប​ជាមួយ​នឹង​​ការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​លើក​ដំបូង​ជា​សាធារណៈ​របស់​ក្រុមហ៊ុន​កាល​ពីដើម​ឆ្នាំនេះ​។


ក្រុមហ៊ុន Coupang​បាន​មើល​ឃើញ​ការលក់​របស់ខ្លួន​កើនឡើង​ជា​បន្ត​បន្ទាប់​ក្នុង​រយៈពេល​ពីរបីឆ្នាំ​ចុងក្រោយ​នេះ។ តួលេខ​នេះ​បាន​កើន​ឡើង​ដល់​២,៦​ពាន់ពាន់​លាន​វ៉ុន​កាល​ពី​ឆ្នាំ​២០១៧ ​និង​៤,៣​ពាន់ពាន់​លានវ៉ុន​កាល​ពី​ឆ្នាំ​២០១៨​ មុនពេល​វា​បាន​កើន​ឡើង​ដល់​​៧,១​ពាន់ពាន់​លានវ៉ុន​កាល​ពីឆ្នាំ​២០១៩ ​និង​១៣,​៩ពាន់​ពាន់​លានវ៉ុន​​កាល​ពីឆ្នាំ២០២០​៕

Leave a Reply

Your email address will not be published. Required fields are marked *