ក្រុមហ៊ុន Walmart របស់អាមេរិកនឹងនាំចេញផលិតផលផ្សេងៗទៀតក្រៅពីសំលៀកបំពាក់ពីកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Walmart ដែលជា​ក្រុមហ៊ុន​លក់រាយ​ធំជាងគេ​បំផុត​លើ​ពិភពលោក គ្រោង​នឹង​ពង្រីក​ការបញ្ជា​រទិញ​ផលិតផល​ពី​កម្ពុជា ខណៈ​ក្រុមហ៊ុន​នេះ ជា​ក្រុមហ៊ុន​ធំ​លំដាប់​ទី១០ ដែល​បាន​បញ្ជា​រទិញ​ផលិតផល​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀកបំពាក់​ពី​កម្ពុជា។

នៅក្នុង​ជំនួប​ការងារ​តាមរយៈ​ប្រព័ន្ធ​អន​ទ្បា​ញ ជាមួយ​រដ្ឋមន្ត្រីក្រសួង​ការងារ​កម្ពុជា កាលពី​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២  តំណាង​ក្រុមហ៊ុន Walmart បាន​លើកឡើងថា ក្រុមហ៊ុន​មាន​គម្រោង​ពង្រីក​ការបញ្ជាទិញ​ផលិតផល​ពី​កម្ពុជា ដើម្បី​ចូលរួម​លើកកម្ពស់​ឱកាស​ការងារ និង​ជីវភាព​របស់​ប្រជាជន​កម្ពុជា ព្រមទាំង​អាចជួយ​ដល់​ការអភិវឌ្ឍ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ របស់​កម្ពុជា​ថែមទៀត។

លោកស្រី អាន​ប៊ី​ញ ផាន បាន​មានប្រសាសន៍ថា ដោយសារតែ​កម្ពុជា មាន​លក្ខខណ្ឌ​ការងារ​បាន​ប្រសើរ ជាពិសេស​គ្រប់គ្រង និង​ទប់ស្កាត់បាន​យ៉ាង​ល្អ របស់​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ការឆ្លង​រាលដាល​នៃ​កូ​វីដ-១៩ ទើប​អាច​ធានាបាន​នូវ​និរន្តរភាព​ចង្វាក់​ផលិតកម្ម និង​ការនាំចេញ​ផលិតផល​កម្ពុជា​ទៅ​ក្រៅប្រទេស។

លោកស្រី​បាន​ថ្លែងថា ក្រុមហ៊ុន​Walmart គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុងការ​នាំចេញ​សម្លៀកបំពាក់ ស្បែកជើង សម្ភារ​ធ្វើដំណើរ និង​ផលិតផល​កម្សាន្ត​តាម​រដូវ​កាល។ នាពេល​អនាគត Walmart គ្រោង​នាំ​ចេញពី​ប្រទេស​កម្ពុជា​នូវ ផ្លែឈើ ផលិតផល​ចំណីអាហារ គ្រឿង​អេ​ឡិច​ត្រូ​និ​ច និង​សង្ហា​រឹម គឺ​ពេលដែល​ផលិតផល​ទាំងនេះ​ត្រូវ​តាម​ស្តង់ដារ​អន្តរជាតិ។

លោក អ៊ិត សំហេង បាន​លើកឡើងថា ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ជំងឺ​កូ​វីដ-១៩ រាជរដ្ឋាភិបាល​កម្ពុជា បាន​ជម្រុញ និង​ផ្តល់​អាទិភាព​ជូន​កម្មករនិយោជិត​រួមទាំង​កម្មករនិយោជិត​ជនបរទេស​តាម​រោងចក្រ សហគ្រាស ក្នុងការ​ទទួលបាន​នូវ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩ បាន​ទាន់ពេលវេលា និង​ដោយ​ឥតគិតថ្លៃ ទាំង​ដូ​ស​មូលដ្ឋាន និង​ដូ​ស​ជម្រុញ។

លោក​បាន​បញ្ជាក់ថា៖« រាជរដ្ឋាភិបាល​ក៏បាន​ដាក់ចេញ​ជា​បន្តបន្ទាប់ និង​អនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​កញ្ចប់​វិធានការ​អន្តរាគមន៍​ចំនួន ១០ជុំ រួចមកហើយ ក្នុង​ការបង្ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ក៏ដូចជា​ការធានាបាន​នូវ​ប្រក្រតីភាព​នៃ​អាជីវកម្ម ពាណិជ្ជកម្ម ផលិតកម្ម វិនិយោគ ការងារ និង​មុខរបរ ជីវភាព​រស់នៅ​របស់​បងប្អូន​កម្មករនិយោជិត និង​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ក្រីក្រ»។

Walmart ជា​ក្រុមហ៊ុន​លក់រាយ​ធំជាងគេ​បំផុត​លើ​ពិភពលោក ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៦។ មាន​ទីស្នាក់ការ​កណ្តាល​នៅ​រដ្ឋ​អាកា​ន​សាស់ សហរដ្ឋអាមេរិក មាន​បុ​គ្គិល ២.៣លាន​នាក់ និង​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅក្នុង ២៤ប្រទេស។

ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បង្ហាញថា ការនាំចេញ​ទំនិញ​ទៅកាន់​សហរដ្ឋអាមេរិក ក្នុង​រយៈពេល៥ខែ ឆ្នាំ២០២២នេះ មានតម្លៃ​ទឹកប្រាក់​ជាង៣ ៧២៩លាន​ដុល្លារ កើនឡើង​ជាង៥៧ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០២។ផលិត​ដែល​កម្ពុជា នាំ​ចេញទៅ​អាមេរិក​ភាគច្រើន​ជាង​ផលិតផល​សម្លៀកបំពាក់ ស្បែកជើង កាបូប និង​សម្ភារៈ​ធ្វើដំណើរ៕