ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនាពេលឆាប់ៗ

ភ្នំពេញ៖ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានសុទិដ្ឋិនិយមខ្ពស់ថា ខេត្តព្រះសីហនុគឺនឹងកាន់តែ​ជាប៉ូល​សេដ្ឋកិច្ចសំខាន់ជាងគេមួយក្នុងចំណោមប៉ូលសេដ្ឋកិច្ចសំខាន់របស់កម្ពុជា បន្ទាប់ពីរដ្ឋាភិបាលបាន​សម្រេចឱ្យក្រុមហ៊ុនចិន រៀបចំផែនការមេដើម្បីអភិវឌ្ឍន៍ និងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ច​ពិសេស​គំរូពហុបំណង។

ការលើកឡើងរបស់លោក   ឡុង ឌីម៉ង់ ធ្វើឡើងក្រោយពេលដែលលោកបានចូលរួម កិច្ចប្រជុំរវាងក្រុមការងារ នៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួល អន្ដរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍​ខេត្ដព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នៃគណៈអភិវឌ្ឍន៍ខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមវត្ដមាន លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក ជា កុកហុង អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងជានាយកគម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកបានសរសេរនៅលើបណ្តាញសង្គមហ្វេសហ៊ុកផ្លូវការរបស់លោកថា ក្នុងបណ្ដាប៉ូលសេដ្ឋកិច្ចដែលមាន​កាលានុវត្តភាពសំខាន់ៗរបស់កម្ពុជា ខេត្តព្រះសីហនុជាតំបន់ដែលមានឧត្ដមភាពលេចធ្លោសម្រាប់ការអភិវឌ្ឍ ដោយសារខេត្តព្រះសីហនុមានភូមិសាស្ត្រជាប់សមុទ្រ មានកំពង់ផែទឹកជ្រៅ មានអាកាសយានដ្ឋាន និងតំបន់ឆ្នេរទេសចរណ៏ជាច្រើន។

ជាមួយនឹងកាលានុវត្តភាពនេះ ខេត្តព្រះសីហនុបានក្លាយជាខេត្តដែលបានទទួលការយកចិត្តទុក​ដាក់​ខ្ពស់​ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍ ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចឲ្យមានការសិក្សា និងរៀបចំផែនការ​មេដើម្បីអភិវឌ្ឍន៍ និងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលបាន​កំណត់​នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ 2015-2025។

លោកបានសរសេរបន្ថែមទៀតថា ៖«ផែនការមេនេះគឺជាត្រីវិស័យក្នុងការអភិវឌ្ឍន៍ខេត្ត​ព្រះសីហនុ​ឲ្យទៅ​ជា​តំបន់សេដ្ឋកិច្ចគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយ ដើម្បីបម្រើឱ្យខ្សែ​ច្រវ៉ាក់​ផលលិតកម្មក្នុងតំបន់ សំដៅជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងការការពារបរិស្ថានប្រកបដោយចីរភាព និងនិរន្តរភាព»។

«ជាមួយនឹងកត្តាភូមិសាស្រ្ត និន្នាការវិវត្តន៍ថ្មីៗនៃសេដ្ឋកិច្ចសកល និងចរន្តបំលាស់ទីនៃប្រភេទឧស្សាហកម្ម​នៅក្នុងពិភពលោកមួយចំនួនមកកាន់តំបន់អាស៊ី ដែលបណ្ដាលមកពីសង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចធំៗ ខេត្តព្រះសីហនុនឹងកាន់តែមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញ និងស្រូបយកវិនិយោគពីខាងក្រៅ និងអាច​ក្លាយ​ទៅជាក្បាលម៉ាស៊ីន ឬជាក្បាលនាគជំរុញកំណើនសេដ្ឋកិច្ចជាតិយើង»។ នេះបើយោងតាម​ការថ្លែង​អះអាង​របស់លោកឡុង ឌីម៉ង់។

​កាល​ពី​ថ្ងៃទី​១៧ ខែ​តុលា​កន្លង​មក​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​សម្រេច​ជ្រើស​រើស​វិទ្យាស្ថាន​នគរូបនីយ​កម្ម និង​ឌីហ្សាញ​ស៊ិន​ជិន(UPDIS)​ របស់​ប្រទេស​ចិន ​ដើម្បី​រៀបចំ​ផែនការ​មេ​សម្រាប់​អភិវឌ្ឍ ​និង​ប្រែ​ក្លាយ​ខេត្ត​ព្រះសីហនុ ឱ្យ​ទៅ​ជា​«តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង»​ដែល​ជា​មជ្ឈ​មណ្ឌល​នវានុវត្តន៍​ថ្មី  និង​ជា​មជ្ឈមណ្ឌល​ឡូជីស្ទីក និង​រមណីយ​ដ្ឋាន​ក្នុង​តំបន់​។

ផែនការ​មេនេះ ​គឺជា​ផែនទី​បង្ហាញ​ផ្លូវ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ក្រុង​ព្រះសីហនុ​ទៅ​ជា​«ទីក្រុង ​Shenzhen ទី ២» ស្រប​តាម​ការ​អនុវត្ត​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហ​កម្ម ​ឆ្នាំ២០១៥-២០២៥​។ ការ​អភិវឌ្ឍ​ផែនការ​មេ​នេះ អាច​ចំណាយ​ពេល​ប្រហែល ១៨​ខែ ​និង​បែង​ចែក​ជា ៤​ដំណាក់​កាល គឺ​ការ​ប្រមូល​ទិន្នន័យ ​និង​ការ​ស្ទង់​ទីតាំង, ការ​វាយ​តម្លៃ​ និង​ការ​ស្នើ​សុំ​, ការ​រៀបចំ​ផែនការ​មេ និង​ការ​បញ្ចប់​គម្រោង​ផែនការ​មេ៕