គម្រោងវារីវប្បកម្ម តាមបែបចិញ្ចឹមត្រី​សមុទ្រ​ក្នុងបែនឹងលេចរូបរាងឡើង នៅជិតតំបន់កោះដែកគោល និង កោះថាសឆាប់ៗនេះ

ភ្នំពេញ៖ក្រុមហ៊ុន ជីន យូ តាំង (ខេមបូឌា) ហ្វីសឺរី ឯ.ក មានផែនការវិនិយោគវារីវប្បកម្ម តាមបែបចិញ្ចឹមត្រី​សមុទ្រ​ក្នុងបែ នៅជិតតំបន់កោះដែកគោល និងកោះថាស ដែលដំណាក់កាលទី ១ នៃផែនការវិនិយោគនោះគឺ​លើផ្ទៃទឹកសមុទ្រចំនួន ១ ៩៨៤ហិកតា។

ការបង្ហាញនូវផែនការរបស់ក្រុមហ៊ុនត្រូវលើកឡើងក្នុងជំនួបរវាងលោកស្រី ជេស៊ីកា តំណាងក្រុមហ៊ុន ជីន យូ តាំង (ខេមបូឌា) ហ្វីសឺរី ឯ.ក និងលោក វេង សុខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅព្រឹក ថ្ងៃអង្គារ នេះ ក្នុងគោលបំណងជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបអំពីវឌ្ឍនភាព និងស្នើសុំការណែនាំបន្ថែម​ពាក់ព័ន្ធ​នឹងផែនការវិនិយោគវារីវប្បកម្មសមុទ្រក្នុងបែនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកស្រីតំណាងក្រុមហ៊ុន ជីន យូ តាំង (ខេមបូឌា) ហ្វីសឺរី ឯ.ក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ ឯកឧត្តមរដ្ឋមន្រ្តី និងមន្ត្រីជំនាញនៃរដ្ឋបាលជលផល ដែលបានផ្តល់ឱកាស និងគាំទ្រចំពោះ​សំណើ​ផែនការ​វិនិយោគវារីវប្បកម្ម តាមបែបចិញ្ចឹមត្រីសមុទ្រក្នុងបែ នៅជិតតំបន់កោះដែកគោល និងកោះថាស ដែល​ដំណាក់​កាលទី ១ នៃផែនការវិនិយោគនោះគឺលើផ្ទៃទឹកសមុទ្រចំនួន ១ ៩៨៤ហិកតា។

លោកស្រីបន្ថែមថា បន្ទាប់ពី​បាន​ចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួង និងក្រុមហ៊ុន​កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ និងទទួលបានការណែនាំពីលោករដ្ឋមន្រ្តី និងមន្ត្រីជំនាញកន្លងមក ក្រុមហ៊ុនបាន​ធ្វើការពិនិត្យ សិក្សា និងពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ ជាពិសេសលើការសិក្សា​វាយតម្លៃ​លើផលប៉ះពាល់ បរិស្ថាន និងសង្គម ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដោយក្រសួងពាក់ព័ន្ធបានសម្រេច​កំណត់យកតំបន់កោះថាស ជាតំបន់សាកសម និងមានសក្ដានុពលបំផុតសម្រាប់ក្រុមហ៊ុនធ្វើការវិនិយោគ។

ជាការឆ្លើយតប លោករដ្ឋមន្ត្រីស្វាគមន៍ និងគាំទ្រចំពោះផែនការវិនិយោគវារីវប្បកម្មសមុទ្ររបស់ក្រុមហ៊ុន ដែល​ផែនការវិនិយោគនេះ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា គឺពិតជាសំខាន់សម្រាប់ជួយដល់​ការអភិវឌ្ឍ​ដល់​វិស័យជល​ផលនៅកម្ពុជា និងជាពិសេសចូលរួមបង្កើតការងារជូនប្រជាពលរដ្ឋ បង្កើនទាំងផល​ត្រីសមុទ្រធម្មជាតិ និងផល​ត្រីចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក។

លោករដ្ឋមន្ត្រីក៏បានណែនាំបន្ថែមដល់ក្រុមហ៊ុនឲ្យបញ្ជូនឯកសារវាយតម្លៃលើផលប៉ះពាល់ បរិស្ថាន និងសង្គម​លើគម្រោងវិនិយោគវារីវប្បកម្មសមុទ្រនេះមកក្រសួង និងជាពិសេសត្រូវធ្វើការស្នើសុំ និងមានការអនុម័ត​ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាមុនសិន ទើបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអាចចុះ​កិច្ចព្រមព្រៀង​លើការអនុវត្តគម្រោងនេះជាមួយក្រុមហ៊ុនបាន៕