គម្រោង​អភិវឌ្ឍន៍​ថាមពល​ និង​បង្កើ​នការអភិវឌ្ឍន៍​ថាមពល​កកើត​ឡើង​វិញ​ជាផែនការអាទិភាពរបស់កម្ពុជា

ភ្នំពេញៈ​កម្ពុជា​នឹ​ង​ធ្វើ​ការ​ផ្ទេរ​បច្ចេក​វិទ្យា​ថ្មី​ៗ​ទៅ​លើ​គម្រោង​អភិវឌ្ឍន៍​ថាមពល​ និង​បង្កើ​នការអភិវឌ្ឍន៍​ថាមពល​កកើត​ឡើង​វិញ​ជា​អតិប្បរមា​ ដើម្បី​ធានាដល់ការ​​ផ្គត់​ផ្គង់​ថាម​ពល​ដែល​មាន​តម្លៃ​សមរម្យ អាចទុក​ចិត្ត និង​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូន​។​​​

លោក ​ស៊ុយ ​សែម ​រដ្ឋ​មន្រ្តី​ក្រសួង​រ៉ែ​ និង​ថាមពល ​តំណាង​ដ៏ខ្ពង់ខ្ពស់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​ ថ្លែង​ក្នុង​កិច្ច​សន្ទនា​ថ្នាក់​ខ្ពស់​ស្តីពី ​«ថាមពល»​ ក្រោម​ប្រធាន​បទ «ការ​បង្កើន​សកម្ម​ភាព ​ដើម្បី​សម្រេច​ការ​ទទួល​បាន​ថាមពល​ប្រើប្រាស់​ជាសកល ​និង​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​សូន្យ»​(Accelerating action to achieve universal energy access and zero emission) ដែល​រៀបចំ​ដោយ​អង្គការ​សហ​ប្រជា​ជាតិ​ កាលពី​ថ្ងៃទី ២៤ ខែ​កញ្ញា ឆ្នាំ​២០២១។​

ក្នុង​ឱកាស​នេះ លោក​ថ្លែងទៀតថា ក្នុង​រយៈ​ពេល​កន្លង​មក កម្ពុជាសម្រេច​បាន​គោល​ដៅ​នៃការ​ផ្គត់​ផ្គង់​ថាម​ពល​​គួរ​ឱ្យ​កត់​សម្គាល់​ ដែល​ភូមិជាង​ ៩៧ ភាគ​រយ​ ទទួល​បានការ​ផ្គត់​ផ្គង់​ថាមពល​ពី​ប្រព័ន្ធ​បណ្តាញ​ និង​ផ្ទះ​ជាង ៨១ ភាគ​រយ ទទួល​បាន​ការ​តភ្ជាប់​បណ្តាញ​ប្រើប្រាស់។​ ក្នុង​ន័យ​នេះ រដ្ឋាភិបាល​នឹង​ខិតខំ​ប្រឹង​ប្រែង​អភិវឌ្ឍន៍​វិស័យ​ថាមពល​បន្តទៀត​ ដើម្បី​ពង្រីក​លទ្ធភាព​ទទួល​បាន​ការ​ផ្គត់​ផ្គង់​ថាម​ពល​អគ្គិសនី​មួយ​ដែ​ល​ទំនើប​ មាន​តម្លៃ​សមរម្យ​ អាចទុក​ចិត្ត​បាន​ និង​មាន​នៅ​គ្រប់​ទីកន្លែង​។

លោកបាន​ដឹងទៀតថា ការ​កាត់បន្ថយ​ដងស៊ីតេ​ការ​បញ្ចេញ​ឧស្ម័នផ្ទះ​កញ្ចក់​គឺជា​ចាំ​ចាប់​ណាស់​សម្រាប់​កម្ពុជា​ក្នុងការ​សម្រច​គោល​ដៅ​ និង​របៀប​វារៈ​នៃការ​សេដ្ឋកិច្ច​ និង​សង្គម​កម្ពុជា និង​គោល​ដៅ​អន្តរកាល​ឆ្ពោះ​ទៅ​ការ​កាត់​បន្ថយ​ឧស្ម័ន​កាបូន​ ផងដែរ។ ការ​អភិវឌ្ឍ​ថាមពល​បន្តទៀត កម្ពុជា​នឹង​បន្ត​បង្កើន​ការ​ប្រើប្រាស់​ថាមពល​ស្អាត​ឱ្យ​បាន​ជា​អតិប្បរមា​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​រួម​ចំណែក​ការ​កាត់​បន្ថយ​ការ​ប្រែ​ប្រួល​អាកាស​ ព្រមទាំង​ធានា​ភាព​គ្រប់​គ្រាន​​ សន្តិសុខ​ថាម​ពល​ តម្លៃសមរម្យ​ និង​អាច​ទុក​ចិត្ត​បាន​នៃការ​ផ្គត់​ផ្គង់​ថាម​ពល​។​

លោក​និយាយថា៖ «សម្រាប់​គោល​ដៅ នេះ​យើង​កំពុង​ធ្វើសមាហរណកម្ម​អភិវឌ្ឍន៍​គមោង​ថាម​ពល​កកើត​ឡើង​វិញ​ឱ្យ​កាន់​តែ​ច្រើន​នៅក្នុង​ផែនការ​អភិវឌ្ឍន៍​របស់​យើង​។ អភិវឌ្ឍន៍​ប្រព័ន្ធ​អាគុយ​ស្តុក​ថាមពល​ទ្រង់ទ្រាយ​ធំ ដើម្បី​បង្កើនការ​ទទួល​គម្រោង​អភិវឌ្ឍន៍​​ថាម​ពល​កកើត​ឡើង​វិញ​បន្ថែម​ទៀត និង​ធ្វើ​ការ​អនុម័ត​គោល​នយោ​បាយ​ និង​ផែនការ​សកម្ម​ភាព​សម្រាប់​ការងារ​ប្រសិទ្ធភាព​ថាមពល»​។

លោក​បន្ថែម​ទៀតថា កម្ម​វិធី​ខាង​លើ​នេះ ​បាន​ផ្តល់​ឱកាស​ដល់​អ្នក​ចូល​រួម​សម្រាប់​ពិចារណាឱ្យ​មាត់​ចត់​លើ​ផែន​ទី​ចង្អុល​ផ្លូវ​សកល​ក្នុង​ការ​សម្រេច​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​គោល​ដៅ​ទី​៧ នៃ​អង្គារ​សហ​ប្រជា​ជាតិ​ និង​ជំរុញ​ស​កម្ម​ភាព​នានា​ ដើម្បី​ទទួល​បាន​សេវា​កម្ម​ថាម​ពល​កកើត​ឡើង​វិញ​ និង​មាន​តម្លៃ​សម​រម្យ​ត្រឹម​ឆ្នាំ ២០៣០​។ ព្រម​ទាំ​ង ធ្វើ​ឱ្យ​ប្រសើរ​ឡើង​អត្រា​ប្រសិទ្ធភាព​ថាម​ពល​ឆ្ពោះ​ទៅ​រក​តុល្យ​ភាព​ឧស្ម័នផ្ទះ​កញ្ចក់​ត្រឹម​ឆ្នាំ ២០៥០​៕