ឆមាស​ទី​១ ឆ្នាំ​២០២១ ក្រុមការងារ​សហគម​ន៍​អាជ្ញាធរ​ជាតិ​អប្សរា​បាន​អនុញ្ញាតឱ្យ​ពលរដ្ឋ​ ជួសជុលផ្ទះ និង​សាងសង់​សំណង់​ស្រាល​ចំនួន​៨៦៥​ករណី​

​សៀមរាប៖  អាជ្ញាធរ​ជាតិ​អប្សរា ប្រចាំឆមាស​ទី​១ ក្នុង​ឆ្នាំ​២០២១ ដែល​បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ និង​ចុះ​ពិនិត្យ​ការស្នើសុំ អនុញ្ញាត​ការជួសជុល និង​សាងសង់​តូចតាច​ទាំង​៥​គោលដៅ​ស្រុក​/​ក្រុង ក្នុង​តំបន់​ឧទ្យាន​អង្គរ និង​ក្រៅ​តំបន់​ឧទ្យាន​អង្គរ​បាន​ចំនួន​១៣៩៩​សំណើ ដែល​ក្នុងនោះ​បានអនុញ្ញាត​ជូន​ប្រជាពលរដ្ឋ​ចំនួន​៨៦៥​សំណើ​។​

​យោងតាម អាជ្ញាធរ​ជាតិ​អប្សរា ករណី​អនុញ្ញាត​ជូន​ប្រជាពលរដ្ឋ​ខាងលើ រួម​មាននៅ​ស្រុក​ប្រាសាទបាគង​បាន​ចំនួន​១១៩​ករណី ស្រុក​អង្គរធំ​បាន​ចំនួន​២១៣​ករណី ស្រុក​ពួក​បាន​ចំនួន​១២០​ករណី ក្រុង​សៀមរាប​បាន​ចំនួន​១៩១​ករណី និង​ស្រុក​បន្ទាយស្រី​បាន​ចំនួន​១៩៣​ករណី រួមទាំង​ក្រុមការងារ​ក្រៅ​ឧទ្យាន​អង្គរ​ចំនួន​២៩​សំណើ សរុប​ចំនួន​៨៦៥​សំណើ​។​

​លើសពីនេះ ក្រុមការងារ​សហគម​ន៍​បាន​ចូលរួម​ក្នុង​ការងារ​មនុស្សធម៌ និង​កិច្ចការ​សាសនា​ដូចជា ជួយឧបត្ថម្ភ​ថវិកា និង​សម្ភារ​ប្រើ​ប្រា ដល់​ចាស់ជរា ជនពិការ កុមារ​មាន​ជំងឺ គ្រួសារ​ខ្វះខាត​មួយចំនួន និង​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ​នៅក្នុង​សហគមន៍ រួមទាំង​សំណេះសំណាល​ដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ ដោះស្រាយ​សំណើ​តាម​ភូមិ​ទាំង​១១២​ភូមិ​ក្នុង​តំបន់​អង្គរ និង​ក្រៅ​តំបន់​អង្គរ​។​

​គោលដៅ​បន្ត ក្រុមការងារ​សហគម​ន៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បន្ត​ផ្សព្វផ្សាយ អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​យល់​កាន់តែច្បាស់​ពី​តួនាទី ភារកិច្ច​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា ការប្រើប្រាស់​ដីធ្លី​ក្នុង​តំបន់​ការពារ​នៃ​រមណីយដ្ឋាន​អង្គរ នីតិវិធី​នៃ​ការដាក់​ពាក្យស្នើសុំ​ជួសជុល និង​សាង​សង់ផ្ទះ​ក្នុង​ឧទ្យាន​អង្គរ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធិភាព ទាន់ពេលវេលា​។​ ​ រាល់​ការស្នើ​សុំច្បាប់​ជួសជុល គឺ​ពុំមាន​ការបង់ប្រាក់​ទេ​៕

Leave a Reply

Your email address will not be published. Required fields are marked *