ជប៉ុនបានបោះទុនវិនិយោគនៅកម្ពុជាមានទឹកប្រាក់ប្រមាណ២,៨៥ ប៊ី​លាន​ដុល្លារ នេះ​គិត​ត្រឹម​ខែកក្កដា ឆ្នាំ២០២២នេះ

ភ្នំពេញ៖ ការវិនិយោគដោយផ្ទាល់ពីក្រុមហ៊ុនជប៉ុនមកកាន់កម្ពុជាបានដើរតួនាទីសំខាន់ក្នុងការចូលរួម​អភិវឌ្ឍន៍សេដ្ឋកិច្ច​កម្ពុជា និងបង្កើតការងារ។ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​អនុម័ត លើ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន ចំនួន ១៤៨គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ ២,៨៥ ប៊ី​លាន​ដុល្លារ នេះ​គិត​ត្រឹម​ខែកក្កដា ឆ្នាំ២០២២នេះ។

នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​វិនិយោគិន​ជប៉ុន​រៀបចំ​ដោយ​អង្គការ​ពាណិជ្ជកម្ម ក្រៅប្រទេស​ជប៉ុន (JETRO) ដោយមាន​ការចូលរួម​ពី​តំណាង​វិនិយោគិន​ជប៉ុន​ក្នុង​វិស័យ​ចំណីអាហារ អេឡិចត្រូនិក សុខាភិបាល ឡូ​ជី​ស្ទីក ធនាគារ សំណង់ និង​អចលនទ្រព្យ កាលពី​ថ្ងៃទី៣០ ខែ សីហា លោក សុខ ចិន្តា​សោភា បាន​ថ្លែងប្រាប់​តំណាង​វិនិយោគិន​ជប៉ុន អំពី​អត្ថប្រយោជន៍​នៃ​ច្បាប់​ស្តីពី​វិនិយោគ​របស់​កម្ពុជា ដែល​ត្រូវបាន​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​កាល ពីថ្ងៃ​ទី១៥ ខែតុលា ឆ្នាំ២០២១ ដែល​បាន​បើក​កិច្ចសម្របសម្រួល ការធានា​និង​ការការពារ ការលើកទឹកចិត្ត និង ការថែទាំ​វិនិយោគ។ លោក​បាន​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖«ថា ច្បាប់​ស្តីពី​វិនិយោគ​ថ្មី​នេះ បានបង្ហាញ​ឱ្យឃើញ​ច្បាស់​ពី​ការត្រៀម​លក្ខណៈ​របស់​រា​ជ​រដ្ឋាភិបាល​ក្នុងការ​ជំរុញ​និង​ទាក់ទាញ​វិនិយោគ បន្ថែម​ប្រកបដោយ​គុណភាព ដើម្បី​ចូលរួម​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ទៅក្នុង​ខ្សែ​ច្រវាក់​តម្លៃ​តំបន់ និង​សកល តាមរយៈ​យុទ្ធសាស្ត្រ​បូក​មួយ»។

លោកស្រី Marisa Haruta តំណាង​អង្គការ​ពាណិជ្ជកម្ម ក្រៅប្រទេស​ជប៉ុន (JETRO) បានឱ្យដឹងថា គោលបំណង​នៃ​គណៈប្រតិភូ​ធុរកិច្ច និង​វិនិយោគ​ជប៉ុន​មកកាន់​កម្ពុជា​នាពេលនេះ​គឺ​ដើម្បី​ផ្តល់ឱកាស​ដល់ គណៈប្រតិភូ​ធុរកិច្ច​ជប៉ុន​បាន​ស្តាប់​និង​ឃើញ អំពី​ស្ថានភាព​ទូទៅ​នៃ​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា និង​ស្ថានភាព​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា-ជប៉ុន ជាពិសេស​ការសម្របសម្រួល​ពី​រាជរដ្ឋាភិបាល​កម្ពុជា លើ​វិស័យ​ពាណិជ្ជកម្ម​ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពស់ ព្រមទាំង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ធុរជន និង​វិនិយោគិន​ជប៉ុន​ឱ្យ​ពិចារណា​ក្នុងការ​ប្រកប​អាជីវកម្ម​និង​វិនិយោគ​នៅ​កម្ពុជា។

លោកស្រី​បាន​បញ្ជាក់ថា៖« ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ កន្លងមក​បាន​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​សម្របសម្រួល ដើម្បី​បង្កើត​នូវ​បរិយាកាស​វិនិយោគ​ដ៏​ល្អប្រសើរ​លើ​គ្រប់​វិស័យ និង​ផ្តល់នូវ​ការឆ្លើយតប​ប្រកបដោយ​ភាពទន់ភ្លន់ ចំពោះ​ក្តីកង្វល់ និង​សំណូមពរ​របស់​វិនិយោគិន​ជប៉ុន»។

បើតាម​ក្រសួងពាណិជ្ជកម្ម នៅក្នុង​ឆ្នាំ២០២១ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា-ជប៉ុន មាន​ទឹកប្រាក់​ប្រមាណ​ជាង ១,៧០០លាន​ដុល្លារ ក្នុងនោះ​កម្ពុជា​នាំ​ចេញទៅ​ជប៉ុន មាន​ទឹកប្រាក់​ប្រមាណ​ជាង ១,០៩៣លាន​ដុល្លា​អាមេរិក ខណៈដែល​ជប៉ុន​នាំ​ចូលមក​កម្ពុជា មាន​ទឹកប្រាក់​ប្រមាណ​ជាង ៦០៧លាន​ដុល្លា​មេ​រិ​ក។ ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​ប្រទេស​ជប៉ុន មាន​ផលិតផល​ដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប និង​ផលិតផល​ផ្សេងទៀត៕