
ភ្នំពេញ៖ កម្ពុជាកំពុងធ្វើការរៀបចំតំបន់ តំបន់ទេសចរណ៍បាតសមុទ្រខេត្តព្រះសីហនុដែលនឹងក្លាយទៅជាផលិតផលថ្មីដ៏ទាក់ទាញមួយសម្រាប់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តមុជទឹក និង ទស្សនានូវជីវៈចម្រុះដ៏ច្រើននៅបាត សមុទ្រកម្ពុជា ក្រៅពីគោលដៅទេសចរណ៍ផ្សេងៗទៀត ។
មន្ទីរបរិស្ថានខេត្តព្រះសីហនុ កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២១ បានសរេសេរនៅលើហ្វេសបុកអមជាមួយនឹងរូបភាព ឱ្យដឹងថា ក្រៅពីនៅលើដី កម្ពុជាក៏មានតំបន់ទេសចរណ៍បាតសមុទ្រដែលអាច ភ្ញៀវទេសចរអាចទស្សនាបាននូវជីវៈចម្រុះដ៏ច្រើននៅបាត សមុទ្រកម្ពុជា។
មន្ទីរបរិស្ថានខេត្តព្រះសីហនុបន្តថា រូបភាពខាងក្រោមទាំងនេះ គឺជាសកម្មភាពនៃការរៀបចំដំណើរកម្សាន្តជ្រមុជទឹកសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែល ខ្មែរ ដាហ្វ គ្រុប Khmer Dive Group បានធ្វើឡើងនៅតាមប្រជុំកោះតាង ដោយមានកម្មវិធីដូចជា ការជ្រមុជទឹក ការមុជទឹកមើលផ្កាថ្ម បោះតង់ អាំងសាច់ និង កម្មវិធីវិធីសប្បាយៗ ជាច្រើនទៀត។
លោក តាំង សុចិត្រក្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានមានប្រសាសន៍ឱ្យដឹងថា តំបន់នេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីបរិស្ថានខេត្ត និងក្រសួងបរិស្ថាន ដោយមានគម្រោង អភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍ក្រោមសមុទ្រ ។
លោកបន្តថា ជាមួយគ្នានេះ មន្ទីរទេសចរណ៍ ខេត្ត តែងតែចូលរួមសហការជានិច្ច ប៉ុន្តែ សម្រាប់គម្រោងអភិវឌ្ឍន៍ជាក់លាក់ គឺខាង មន្ទីរបរិស្ថាន និងក្រសួងបរិស្ថាន ជា អ្នកអនុវត្ត លើកិច្ចការងារ នេះ ។
ការរៀបចំឱ្យមានទេសចរណ៍ក្រោមសមុទ្រនេះ គឺជាផលិតផលតថ្មី និង ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រទេសកម្ពុជា ជាពិសេស ខេត្តព្រះសីហនុ ដែលជាខេត្តគោលដៅទេសចរណ៍ និង មានឆ្នេរសមុទ្រដ៏ស្រស់ស្អាត ត្រូវតែមានផលិតផលទេសចរណ៍ សម្បូរបែប ទាំងលើកគោក និងទាំងក្នុងទឹកជាពិសេស គឺ ធនធានធម្មជាតិបាតសមុទ្រដែលមានសក្តានុពល ខ្ពស់ ។
លោកថ្លែងថា៖ «នៅពេលដែលយើងអភិរក្សជីវៈចម្រុះ បានល្អ យើងរៀបចំ ឱ្យមានសេវាកម្ម ដើម្បីឱ្យភ្ញៀវ អាច ទៅ ទស្សនា បាន នឹងធ្វើឱ្យគោលដៅនោះ កាន់តែទាក់ទាញបន្ថែមទៀត។ គេចង់ទៅទស្សនា គេចង់ទៅលម្ហែ និងស្នាក់នៅបានយូវានឹងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋដែលរកស៊ីក្នុងវិស័យទេសចរណ៍ នេះ បានច្រើនថែមទៀត»។
លោក ស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ឱ្យដឹងថា ជុំវិញមានគម្រោង ក៏ដូចជាការផ្សព្វផ្សាយនូវផលិតផលទេសចរណ៍ក្រោមសមុទ្ររបស់រាជរដ្ឋាភិបាល គឺជាអ្វីដែលវិស័យឯកជនប្រថ្នាចង់បាន សម្រាប់ដាក់បញ្ចូលទៅក្នុងផលិតផលកញ្ចប់ទស្សនកិច្ចសម្រាប់ទាក់ទាញភ្ញៀវទេសចរ។
លោកស្រីថ្លែងថា៖ «យើងចង់ឱ្យមានសេវាកម្មនាំភ្ញៀវឱ្យទៅដល់ក្រោមសមុទ្រ ប៉ុន្តែ ជាមួយគ្នានោះ ក៏គួតែគិតពីសុវត្ថិភាពជូនដល់ភ្ញៀវទេសចរផងដែរ ពាក់ព័ន្ធនឹងការដឹកជញ្ជូននៅលើផ្ទៃទឹក ដើម្បីផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរ»។
ទិន្នន័យដែលផ្សព្វផ្សាយកាលពីថ្ងៃទី២២ ខែវិច្ឆិកា បង្ហាញថា ចន្លោះពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរចំនួន ១៣១ ៦៧៤នាក់ ធ្លាក់ចុះ ៨៩,៤ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ដែលមានចំនួន ១ ២៤៧ ៦៨០នាក់។ ក្នុងនោះការធ្វើដំណើរតាមផ្លូវអាកាសមានចំនួន ៦៣ ០៥០នាក់ ស្មើនឹង ៤៧,៩ភាគរយ និងផ្លូវគោក-ទឹក ចំនួន ៦៨ ៦២៤នាក់ ស្មើនឹង ៥២,១ភាគរយ។
បើយោងតាមទិន្នន័យខាងលើ ភ្ញៀវទេសចរជនជាតិថៃ បានធ្វើដំណើរមកកម្ពុជាច្រើនជាងគេ ដោយមានចំនួន ៦៤ ៤៥៩នាក់ ស្មើនឹង ៤៩ភាគរយនៃចំនួនសរុប ជនជាតិចិន ៣៧ ១៩៧នាក់, វៀតណាម ៧ ៦៤៩នាក់, ឥណ្ឌូនេស៊ី ៤ ២១១នាក់, កូរ៉េ ២ ៩៨៩នាក់, អាមេរិក ២ ៩៣៤នាក់, ចិនតៃប៉ិក ២ ៤៣៤នាក់, បារាំង ១ ៦២៤នាក់, ម៉ាឡេស៊ី ១ ៣៣៦នាក់ និងជប៉ុន ១ ២២០នាក់៕