«ទស្សនាវដ្តីនៅក្នុងដៃនាង»ដែលផ្តល់ឱ្យសហគ្រិនស្ត្រីនៅក្នុងប្រទេសកម្ពុជាចេញផ្សាយជាផ្លូវការ

ភ្នំពេញៈ ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរ​ជាតិ​(USAID) និង​អង្គការ​ផេក​កម្ពុជា កាល​ពី​ថ្ងៃទី៧ ខែ​មិថុនា ឆ្នាំ​២០២២ បាន​ប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​នូវ​«ទស្សនាវដ្តី​នៅ​ក្នុង​ដៃ​នាង​»​ដែល​ផ្តល់​ឱ្យ​សហ​គ្រិន​ស្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា នូវ​ឧបករណ៍​សម្រាប់​កសាង​អាជីវ​កម្ម​របស់​ពួក​គេ។

តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​នៅ​ថ្ងៃទី​៨ ខែ​មិថុនា​ បាន​បញ្ជាក់ថា តាម​រយៈ​ការ​ផ្តល់​ជូន​នូវ​ធន​ធាន​សំខាន់​ៗ​   និង​ករណី​សិក្សា ទស្សនា​វដ្តី​នេះ​ដើរ​តួ​ជា​ការ​ណែនាំ​ពីរ​បៀប​ដែល​អាច​ឱ្យ​សហ​គ្រិន​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ដែល​ពួក​គេ​ជួប​ប្រទះ​ នៅ​ក្នុង​អាជីវ​កម្ម​របស់​ពួក​គេ​ដូច​ជា របៀប​ចុះ​ឈ្មោះ​ជាមួយ​បេឡា​ជាតិ​របប​សន្តិ​សុខ​សង្គម ជា​ដើម។

សេចក្តី​ប្រកាស​ព័ត៌​មាន​នេះ​បន្ត​ថា ទស្សនា​វដ្តី​នេះ​មាន​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស ហើយ​រៀប​រាប់​លម្អិត​អំពី​ ជំហាន​សំខាន់​ៗ​ដែល​ត្រូវ​ការ​ដើម្បី​ប្រែ​ក្លាយ​អាជីវ​កម្ម​ក្រៅ​ផ្លូវ​ការ​តូច​មួយ​ទៅ​ជា​សហ​គ្រាស​ស្រប​ច្បាប់​ដែល​មាន​សក្ដានុ​ពល​កំណើន​ខ្ពស់​ និង​ការ​ការ​ពារ​ផ្លូវ​ច្បាប់។

លោកស្រី Hanh Nguyen នាយក​បេសកកម្ម​ស្តីទី​របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរ​ជាតិ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​និយាយ​​ថា ទី​ភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរ​ជាតិ គាំទ្រ​យ៉ាង​ខ្លាំង​ដល់​ការ​ចូល​រួម​របស់​ពលរដ្ឋ និង ​ផ្នែក​សេដ្ឋ​កិច្ច​របស់​ស្ត្រី ហើយ​ការ​ទទួល​បាន​ព័ត៌​មាន ពិត​ជា​សំខាន់​ចំពោះ​ការ​ចូល​រួម​នោះ​។

លោក​ស្រីថ្លែង​ថា៖​«​ទស្សនា​វដ្តី​នេះ​នឹង​ផ្តល់​ឱ្យ​សហ​គ្រិន​ស្ត្រី​កម្ពុជា​នូវ​ព័ត៌​មាន​ដែល​ពួក​គេ​ត្រូវ​ការ​ដើម្បី​ចាប់​ផ្តើម និង​ពង្រីក​ អាជីវ​កម្ម​របស់​ពួក​គេ»។

លោកស្រី Sabine Joukes នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ​ផេក​កម្ពុជា បាន​ថ្លែង​ថា ទស្សនា​វដ្តី​នេះ​គាំទ្រ​សហ​គ្រិន​ស្ត្រី ​ក្នុង​ការ​ធ្វើ​ឱ្យ​អាជីវ​កម្ម​ក្នុង​ក្តី​សុបិន​របស់​ពួក​គេ​ក្លាយ​ជា​ការ​ពិត​។ ទស្សនា​វដ្ដី​នេះ​បង្ហាញ​រឿង​រ៉ាវ​ជីវិត​ពិត​របស់​សហ​គ្រិន​ស្ត្រី​អំពី​ បញ្ហា​ប្រឈម​របស់​ពួក​គេ និង​ផ្តល់​នូវ​ជំហាន​ជាក់​ស្តែង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា​ដើម្បី​ឱ្យ​សហ​គ្រិន​ស្ត្រី​អាច​ដោះ​ស្រាយ​ បញ្ហា​ទាំង​នោះ​បាន​៕