
ក្រុងបាងកក៖ លោកអ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងបាងកក បានប្រាប់មេដឹកនាំ ធុរកិច្ចជនរបស់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ (CLMVT) ថា រដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទម្រង់សេដ្ឋកិច្ចស៊ីជម្រៅ ចំពេលការរីករាលដាលជំងឺកូវីដ១៩ ដើម្បីរក្សាកំណើនសេដ្ឋកិច្ចរួមក្នុងរយៈពេលវែង។
លោក សោភ័ណ ថ្លែងនៅក្នុងវេទិកាCLMVT Forum 2021 ស្ថិតក្រោមប្រធានបទ «ការបង្កើនល្បឿនការស្ទុះងើបឡើងវិញដ៏រឹងមាំ» ដែលត្រូវបានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មថៃ កាលពីថ្ងៃទី២៤ខែសីហា។
លោកបានឲ្យដឹងថា កម្ពុជាបានធ្វើការកំណែទម្រង់និងវិធានការផ្តោតការយកចិត្តទុកដាក់ជាបន្តបន្ទាប់ ដែលរួមមានការបង្ហាញច្បាប់វិនិយោគថ្មីនិងការធានាឥណទានរបស់រដ្ឋាភិបាលការអនុម័តច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិក និងយុទ្ធសាស្ត្ររបស់ខ្លួន សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូសាធារណៈ-ឯកជន ការចុះឈ្មោះអាជីវកម្មអនឡាញ និងគំនិតផ្តួចផ្តើមសេដ្ឋកិច្ចឌីជីថលមួយចំនួន។
ជាមួយគ្នានេះដែរ លោកបានឲ្យដឹងថា រដ្ឋាភិបាលក៏បានដាក់ចេញនូវការទូតសេដ្ឋកិច្ច ចាប់តាំងពីឆ្នាំ២០១៨ ហើយបន្ទាប់មកគឺ ការអនុម័ត «យុទ្ធសាស្ដ្រការទូតសេដ្ឋកិច្ច (EDS)» កាលពីដើមឆ្នាំនេះ សំដៅផ្លាស់ប្តូរការទូតធម្មតាទៅជាការទូតប្រភេទថ្មី និងរឹងមាំមួយ ដើម្បីជំរុញបន្ថែមការផ្លាស់ប្តូរពាណិជ្ជកម្មអន្តរជាតិ ការវិនិយោគផ្ទាល់បរទេស ទេសចរណ៍ វប្បធម៌ និងកីឡា តាមរយៈការប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាពសម្រាប់កម្ពុជា។

លោកថ្លែងថា៖ «ទាំងនេះមានគោលបំណង ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ខ្លួន និងជួយសម្រួលបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងការវិនិយោគនៅក្នុងប្រទេសនេះ»។ លោកបន្តថា នៅពេលនេះរដ្ឋាភិបាលកំពុងត្រៀមខ្លួន ដើម្បីដាក់ចេញផែនការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ ដើម្បីលើកស្ទួយសេដ្ឋកិច្ចចេញផុតពីជំងឺកូវីដ១៩។
លោកលើកឡើងថា៖ «រដ្ឋាភិបាលប្ដេជ្ញាចិត្តថា នឹងប្រែក្លាយវិបត្តិនេះទៅជាកាលានុវត្តភាពមួយសម្រាប់កំណើន ក្នុងអំឡុងពេល និងក្រោយដំណាក់កាលជំងឺកូវីដ១៩ ដើម្បីបង្កើតប្រព័ន្ធសង្គមសេដ្ឋកិច្ចកាន់តែរឹងមាំមួយដែលធន់នឹងវិបត្តិដែលកើតឡើងនៅពេលអនាគត»។
លោកបញ្ជាក់ថា៖ «ខ្ញុំជឿជាក់ថា វេទិកានេះនឹងផ្ដល់ឱកាសដល់អ្នកចូលរួមទាំងអស់ ដើម្បីផ្លាស់ប្តូរទស្សនៈ ចែលរំលែកគំនិត និងផ្ដល់អនុសាសន៍ដើម្បីការស្ដារសេដ្ឋកិច្ច របស់កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ លើដំណើរផ្លូវដ៏រឹងមាំនៅក្នុងតំបន់»។ លោកបន្តថា៖ «តំបន់ដែលយើងកំពុងស្ថិតនៅក្នុងគ្រួសារមេគង្គ។ យើងមានទីតាំងស្ថិតនៅចំកណ្តាលដីគោកអាស៊ានដែលមានចំនួនកម្លាំងពលកម្មផលិតភាពខ្ពស់ និងមូលដ្ឋានផលិតកម្មសំខាន់ៗសម្រាប់សេដ្ឋកិច្ចពិភពលោក”។
លោក សោភ័ណ បញ្ជាក់ថា៖ «រហូតមកដល់ពេលនេះ យើងទទួលបានជោគជ័យក្នុងការធានាឲ្យប្រាកដថា ប្រជាជនទទួលបានសន្ដិភាព ស្ថិរភាព សន្ដិសុខ និងការអភិវឌ្ឍជាប្រចាំ។ ជាអកុសល ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារតែការរីករាលដាលជំងឺកូវីដ១៩ ចាប់តាំងពីដើមឆ្នាំមុន ភាគច្រើនបានរុញច្រានសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោកឱ្យធ្លាក់ចូលក្នុងការដើរថយក្រោយនៃសេដ្ឋកិច្ច និងបណ្តាលឱ្យមានការលំបាកយ៉ាងខ្លាំងដល់ជីវិតមនុស្ស»។
បើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ក្នុងឆ្នាំ ២០២១ ការផ្ទុះឡើងការឆ្លងក្នុងសហគមន៍២០កុម្ភៈ គួបផ្សំជាមួយនឹងការមកដល់វីរុសវ៉ារ្យង់Delta និងការកើនឡើងករណីឆ្លងដែលនាំចូលនៅពេលថ្មីៗ បានបណ្ដាលឲ្យកម្ពុជាកែតម្រូវការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំ២០២១ មកនៅត្រឹម២,៤ភាគរយធ្លាក់ចុះពី៤,០ភាគរយកាលពីដើមឆ្នាំនេះ ហើយកំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងមានចំនួន៤,៨ភាគរយសម្រាប់ឆ្នាំ២០២២ នៅពេលដែលវីរុសកូរ៉ូណាធូរស្រាល៕