ទំហំពាណិជ្ជកម្មកម្ពុជា-កាណាដាសម្រេចបាន៨២២លានដុល្លារក្នុងរយះពេល១០ខែឆ្នាំមុន

ភ្នំពេញៈ ការដោះដូទំហំពាណិជ្ជកម្ម​ទ្វេភាគីរវាង​កម្ពុជា និង​ប្រទេស​កាណាដា រយៈ​ពេល​១០​ខែ​ ​ឆ្នាំ២០២១ មាន​តម្លៃ​ប្រមាណ ៨២២​​លាន​ដុល្លារ កើន​ ២៦​ភាគ​រយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​​ឆ្នាំ​២០២០។

បើតាមទិន្នន័យ​ពីក្រសួង​ពាណិជ្ជកម្មកម្ពុជា ​បង្ហាញទៀត​ថា ចាប់​ពី​ខែ​​មករា ដល់​ខែ​តុលា ឆ្នាំ​​​២០២១ ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅប្រទេស​​កាណាដា ​មាន​តម្លៃ ៧៩០​លាន​ដុល្លារ កើនឡើង ៣១​​ភាគរយ​ពី​ចំនួន​ ៦០៤​​លាន​ដុល្លារ និង​ការនាំ​ទំនិញ​ពីកាណាដា មក​​ទីផ្សារ​​​​កម្ពុជា មានតម្លៃ ៣២​​លាន​ដុល្លារ ធ្លាក់​ចុះ ៣៣​ភាគ​រយ​ពី​ចំនួន ៤៨​​លាន​ដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​ នៃ​រាជ​បណ្ឌិត្យ​​សភា​កម្ពុជា​ បាន​មានប្រសាសន៍ថា ដោយសារកាណាដា​ ជា​ប្រទេស​ជឿនលឿន ទំនិញដែលនាំចេញពីកម្ពុជាភាគ​ច្រើន​​ជា​ផលិត​ផល​វាយនភណ្ឌ សម្ភារ​ធ្វើ​ដំណើរ និង​កាបូប​ ជា​ដើម​។ កម្ពុជា​តែង​តែ​មាន​ឧត្តមភាព​សម្រាប់​ពាណិជ្ជកម្ម​ជា​មួយ​ប្រទេស​កាណាដា។

លោក​ថា​ តាម​រយៈ​ការ​ធ្វើ​ពិពិធកម្ម​ផលិត​កម្ម​ជា​បន្តបន្ទាប់ កម្ពុជា​រំពឹង​ថា​នឹង​អាច​​នាំ​ចេញ​កាន់តែ​ច្រើន​បន្ថែម​ទៀត​ទៅ​ប្រទេស​កាណាដា។ ​ជាមួយគ្នានេះដែរ តាម​រយៈ​ការ​ដាក់​ចេញ​នូវ​ច្បាប់​វិនិយោគ​ថ្មី និង​ច្បាប់​ពាណិជ្ជកម្ម​ជា​ច្រើន​ទៀត ​ទំហំពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២ នឹង​រឹត​តែ​ធំ​បន្ថែម​ទៀត​​នៅ​ពេល​ខាងមុខ៕