ភ្នំពេញ ៖សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើង៥,៣% នៅឆ្នាំ២០២២និង៦,៥% នៅឆ្នាំ២០២៣ដោយសារកំណើននៃការនាំចេញទំនិញនិងលំហូរវិនិយោគផ្ទាល់ពីបរទេស។នេះបើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ចេញផ្សាយនៅថ្ងៃនេះ។
នាយកស្តីទីប្រចាំប្រទេសកម្ពុជារបស់ADB លោក Anthony Gillបានមានប្រសាសន៍ថា “កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានងើបឡើងវិញដល់ប្រមាណ៣,0% ក្នុងឆ្នាំ២០២១បន្ទាប់ពីបានធ្លាក់ចុះ៣,១% ក្នុងឆ្នាំ២០២០។រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយនានា ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃកូវីដ១៩មកលើអាជីវកម្មនិងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនិងគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ។ការចាក់វ៉ាក់សាំងបានយ៉ាងទូលំទូលាយប្រឆាំងនឹងកូវីដ១៩បានអនុញ្ញាតឱ្យកម្ពុជាបើកព្រំដែនរបស់ខ្លួនឡើងវិញសម្រាប់ពាណិជ្ជកម្មនិងទេសចរណ៍ ដែលនាំទៅរកការរំពឹងទុកវិជ្ជមាននៃកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំនេះនិងឆ្នាំ២០២៣”។
យោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ២០២២ផលិតកម្មឧស្សាហកម្មត្រូវបានរំពឹងថានឹងកើនឡើង៨,១% នៅឆ្នាំ២០២២និង៩,១% ក្នុងឆ្នាំ២០២៣។កំណើននេះក៏នឹងត្រូវបានជំរុញដោយការអនុវត្ត យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរផលិតស្បែកជើងនិងកាបូបដែលមានគោលបំណងបង្កើនការប្រកួតប្រជែងនៅក្នុងផ្នែកនេះ។
ការនាំចេញទំនិញនិងសេវាកម្មត្រូវបានព្យាករថានឹងកើនឡើងនៅឆ្នាំ២០២២និង២០២៣ដោយសារកំណើនតម្រូវការក្រៅស្រុកលើផលិតផលកម្ពុជាព្រមជាមួយនឹងការងើបឡើងវិញជាបណ្តើរៗនៃវិស័យទេសចរណ៍។វិស័យសេវាកម្មត្រូវបានព្យាករថានឹងងើបឡើងវិញនៅកម្រិត៤,៨% នៅឆ្នាំនេះនិង កើនដល់៦,៨% ក្នុងឆ្នាំ២០២៣។ការបើកសេដ្ឋកិច្ចឡើងវិញនិងការចាក់ថ្នាំបង្ការទូលំទូលាយប្រឆាំងនឹងកូវីដ១៩នឹងធ្វើឱ្យមានការងើបឡើងវិញបន្តិចម្តងៗ នៃវិស័យទេសចរណ៍ដែលនឹងជួយគាំទ្រតម្រូវការនៃកន្លែងស្នាក់នៅម្ហូបអាហារការដឹកជញ្ជូននិងសេវាកម្មផ្ទាល់ផ្សេងទៀត។
របាយការណ៍នេះអំពាវនាវឱ្យកម្ពុជាធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួនដើម្បីជំរុញកំណើនប្រកបដោយចីរភាព។លោក Anthony Gill បានមានប្រសាសន៍ថា “ការបង្កើនពាណិជ្ជកម្មនិងទេសចរណ៍តែមួយមុខនឹងមិនគ្រប់គ្រាន់ដើម្បីជួយកម្ពុជាឱ្យមាននិរន្តរភាពកំណើនសេដ្ឋកិច្ចខ្ពស់នោះទេ។ប្រទេសកម្ពុជាដែលធ្លាប់តែផ្តោតលើការផលិតនិងការនាំចេញសម្លៀកបំពាក់ទំនិញធ្វើដំណើរនិងស្បែកជើងអាចទទួលបានអត្ថប្រយោជន៍ពីការធ្វើពិពិធកម្មនៃឧស្សាហកម្មធុនស្រាលដូចជាកង់គ្រឿងបន្លាស់អេឡិចត្រូនិចនិងផលិតផលខ្សែភ្លើងជាដើម។ការធ្វើពិពិធកម្មនេះនឹងធ្វើឱ្យសេដ្ឋកិច្ចមានភាពធន់នឹងវិបត្តិនានានៃតម្រូវការក្រៅស្រុក”។
បច្ចុប្បន្ន ADB កំពុងអនុវត្តគម្រោងវិនិយោគចំនួន២,៣ពាន់លានដុល្លារនៅកម្ពុជា។សម្រាប់ឆ្នាំ២០២១ ADB បានអនុម័តផ្តល់ប្រាក់កម្ចីនិងជំនួយឥតសំណងចំនួន៣២៧,១លានដុល្លារហើយបានកៀគរថវិកាបន្ថែមចំនួន៥លានដុល្លារតាមរយៈសហហិរញ្ញប្បទានសម្រាប់ប្រទេសកម្ពុជា។ថវិការបស់ ADB ដែលត្រៀមសម្រាប់កម្ពុជាក្នុងឆ្នាំ២០២២-២០២៥រួមមានកម្ចីសម្បទានចំនួន១,៤៤ពាន់លានដុល្លារនិងជំនួយឥតសំណងចំនួន៣៧លានដុល្លារដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងការងើបឡើងវិញពីជំងឺរាតត្បាតកូវីដ១៩។