ធនាគារអេស៊ីលដាដាក់សម្ពោធជាផ្លូវការអេស៊ីលីដា អ៊ីសប (Acelda E-Shop)

ភ្នំពេញ៖ ដើម្បីជាការឆ្លើយតបទៅនឹងការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងតម្រូវការរបស់អតិថិជ ក៏ដូចជា សាធារណះជននិយមការបញ្ជាទិញតាមផ្សារអនឡាញ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា ធនាគារពាណិជ្ជ ទីមួយក្នុងប្រទេសកម្ពុជា ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក) នៅថ្ងៃអង្គារ ទី៣០ វិច្ឆិកានេះបានដាក់ឲ្យដំណើរការជាផ្លូវការនូវអេស៊ីលីដា អ៊ីសប ដែលជា មធ្យោបាយទាន់សម័យសម្រា​ប់​ទិញ-លក់ទំនិញនិងទូទាត់អនឡាញតាមអេស៊ីលីដា ម៉ូបាល។

លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា​ ភីអិលស៊ីបានមានប្រសាសន៍ថា​ផ្សារអនឡាញ​កំពុងមានប្រជាប្រិយភាពខ្លាំងនៅក្នុងពិភពលោក រួមទាំងព្រះរាជាណាចក្រកម្ពុជា។ មូលហេតុចម្បងដែលមនុស្សជាច្រើននិយមទិញ-លក់ ទំនិញ និងសេវកម្មផ្សេងៗ តាមផ្សារអនឡាញដោយសារ វាមានភាពងាយស្រួល ចំណេញពេលវេលា ជៀសផុតការឆ្លងមេរោគ ក្នុងបរិបទ នៃការរីករាលដាលជំងឺកូវីដ-១៩។

លោកបានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖«ដោយមើលឃើញឱកាស និងសក្តានុពលផ្សារអនឡាញ​នេះធនាគារ អេស៊ីលីដា បានអភិវឌ្ឍនិងដាក់ឲ្យដំណើរការជាផ្លូវការនូវអេស៊ីលីដា​អ៊ីសបជាផ្សារអនឡាញ ដើម្បីឲ្យដៃគូអាជីវកម្ម អាជីវករ និងអតិថិជនអាចទិញ-លក់ និងទូទាត់ទំនិញ និងសេវាកម្មផ្សេងៗ បានយ៉ាងឆាប់រហ័ស ងាយស្រួល ចំណេញពេលវេលា​ និងមានសុវត្ថិភាពខ្ពស់។ក្នុងនោះ The First Store ជាក្រុមហ៊ុនផ្គត់ផ្គង់ទំនិញដំបូងគេ ដែលបានដាក់លក់ទំនិញរាប់ម៉ឺនប្រភេទ នៅលើផ្សារអនឡាញ អេស៊ីលីដា អ៊ីសប» ។

លោក ប៊ុន​ ណារ៉ា អ្នកគ្រប់គ្រងទូទៅ the First Store The First Store បានមានប្រសាសន៍ថាបង្កើតឡើង​នៅឆ្នាំ២០១៣ដោយផ្តោតលើគុណភាព​តម្លៃ​និងសេវាកម្មដើម្បីបំពេញតម្រូវការប្រចាំថ្ងៃ។ The First Store ក៏មានទំនិញប្រហែល១២០០០មុខ​ទំនិញសម្រាប់ផ្គត់ផ្គង់ជូនអតិថិជនទូទាំងប្រទេស។

លោកថ្លែងថា៖« ​ក្នុងសម័យបច្ចេកវិទ្យានិងក្នុងបរិបទកូវីដ-១៩នេះផងដែរE-Shop ដើរតួនាទីដ៏សំខាន់​ក្នុងវិស័យអាជីវកម្ម។យើងខ្ញុំក៏មានមោទនភាពជាខ្លាំងដែលបានសហការជាមួយACLEDA E-Shop ដើម្បីមានភាពងាយស្រួលក្នុងការបញ្ជាទិញ។ The First Store រីករាយ​បម្រើលោកអ្នកដោយបេះដូង»។

បើយោងតាមលោក បណ្ឌិត អ៊ិន ចាន់នី បច្ចុប្បន្នធាគាររបស់លោកកំពុងធ្វើការជាមួយហាងធំៗចំនួន៤ទៀត​ដែលមានរាប់ម៉ឺនមុខទំនិញដើម្បីបម្រើសេចក្តីត្រូវការរបស់អតិថិជននិងសាធារណះជនកាន់តែមានភាពងាយស្រួល និងសម្បូរបែបបន្ថែមទៀត៕