ភ្នំពេញៈ វេទិកាហិរញ្ញវត្ថុសហគ្រាសធុនតូច និងមធ្យម ដែលគ្រប់គ្រងដោយហិរញ្ញវត្ថុសហប្រតិបត្តិការអន្តរជាតិ (IFC) បានជ្រើសរើសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃវេទិកាហិរញ្ញវត្ថុសហគ្រាសធុនតូច និងមធ្យមសកលលើកទី៩ នៅរាជធានីភ្នំពេញ ដោយបាននាំយកប្រទេសចំនួន ៦០ជាមួយអ្នកចូលរួមជាង ៤០០ នាក់ដើម្បីមកសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ លើការអភិវឌ្ឍន៍វិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

ក្នុងភាពជាដៃគូជាមួយធនាគារជាតិនៃកម្ពុជា ព្រឹត្តិការណ៍វេទិកាហិរញ្ញវត្ថុSME សកលលើកទី ៩ឆ្នាំ ២០២២នេះបានប្រព្រឹត្តិទៅចាប់ថ្ងៃទី ១៩-២១ ខែកញ្ញា ដើម្បីស្វែងយល់ពីរបៀបដែលឌីជីថលនីយកម្មអាចជំរុញ និងពន្លឿនហិរញ្ញវត្ថុបៃតង បង្កើនប្រសិទ្ធភាពខ្សែសង្វាក់ផ្គត់ផ្គង់ កែលម្អសុវត្ថិភាពទិន្នន័យ ដំណើរការដោយស្វ័យប្រវត្តិ ជាមួយនិងការនាំទៅរកបរិយាប័ន្នហិរញ្ញវត្ថុកាន់តែច្រើនផងដែរ។
ក្នុងថ្ងៃដំបូងនៃដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូ Global SME Finance ទៅកាន់ធនាគារ អេស៊ីលីដា ភីអិលស៊ីនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២២ លោកMatthew Gamser អគ្គនាយកវេទិកាហិរញ្ញវត្ថុ SME បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានថាបេសកកម្មស្ថាប័នរបស់លោកដែលនាំយកអ្នកចូលរួមជាង ៤០០នាក់មកពី ៦០ ប្រទេសមកកម្ពុជាដើម្បីសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ និងកសាងបណ្តាញSMEs។
លោកថ្លែងថា៖ «ជារៀងរាល់ឆ្នាំ យើងមានកិច្ចប្រជុំប្រចាំឆ្នាំ ដែលយើងព្យាយាមនាំមនុស្សមកជួបជុំគ្នានៅទីក្រុងផ្សេងៗគ្នាជុំវិញពិភពលោក ដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក។ នៅឆ្នាំនេះ ពួកយើងជ្រើសរើសមកធ្វើនៅទីក្រុងភ្នំពេញ ព្រោះវាជាកន្លែងដ៏គួរឱ្យចាប់អារម្មណ៍មួយ ដែលយើងមានស្ថាប័នដូចជា ធនាគារអេស៊ីលីដា ពិតជាកត្តាជំរុញនៃរបៀបដែលអ្នកអាចបម្រើអាជីវកម្មខ្នាតតូច មីក្រូសហគ្រាស និងអ្នកប្រើប្រាស់តាមវិធីផ្សេងៗ ដែលនឹងមានប្រសិទ្ធភាពកាន់តែខ្ពស់»។

លោកMatthew លើកឡើងថា៖ «ដូច្នេះ យើងមានសេចក្តីសោមនស្សរីករាយ ដែលបានមកទីនេះ ដោយសារបេសកកម្មរបស់យើង គឺលើកកម្ពស់ការសិក្សា និង ដើម្បីស្វែងរកភាពជាដៃគូថ្មី។ យើងអាចកសាងបាន ហើយថែមទាំងមានការសន្ទនាដ៏ល្អពីមនុស្សជាច្រើនពីវិស័យសាធារណៈនៅទីនេះ។ យើងនឹងមានកិច្ចពិភាក្សាល្អអំពីរបៀបបង្កើតបរិយាកាសល្អដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម និងគាំទ្រប្រកបដោយបរិយាប័ន្នហិរញ្ញវត្ថុ»។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ធនាគារ របស់លោកបានឆ្លងកាត់ដំណាក់កាលអភិវឌ្ឍន៍ជាច្រើន ដោយផ្តើមចេញពីអង្គការ ក្រៅរដ្ឋាភិបាលក្នុងស្រុក រហូតក្លាយជាធនាគារពាណិជ្ជធំជាងគេមួយនៅកម្ពុជា។ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារកម្ពុជាដំបូងគេ ដែលបានពង្រីកប្រតិបត្តិការរបស់ខ្លួនទៅកាន់ប្រទេសជិតខាងក្នុងតំបន់ រួមមានប្រទេសឡាវ នៅឆ្នាំ ២០០៨ និងមីយ៉ាន់ម៉ា នៅឆ្នាំ ២០១៣។ នៅខែឧសភា ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានក្លាយជាធនាគារពាណិជ្ជដំបូងគេនៅកម្ពុជា ដែលបានបោះផ្សាយលក់ភាគហ៊ុនរបស់ខ្លួននៅលើផ្សារមូលបត្រកម្ពុជា (ផ.ម.ក)។
លោកបណ្ឌិត បញ្ជាក់ថា៖ «យើងមានសេចក្តីសោមនស្ស ក្នុងការចែករំលែក ព្រមទាំងការសិក្សាស្វែងយល់រវាងគ្នានឹងគ្នាជាមួយនឹងគណៈប្រតិភូ ដែលជាថ្នាក់ដឹកនាំអង្គភាពធុរកិច្ចជុំវិញសកលលោក ហើយយើងសង្ឃឹមថា ការចែករំលែកនូវជំនាញ និងបទពិសោធន៍ ប្រកបដោយភាពជោគជ័យនេះ គឺជាគុណប្រយោជន៍ល្អបំផុត សម្រាប់អង្គភាពអាជីវកម្មទៅវិញទៅមក ក៏ដូចជាសហគ្រាសខ្នាតតូច និងខ្នាតមធ្យម នៅទូទាំងសកលលោក»។

យោងតាមលោក ចាន់នី ជាមួយនឹងកម្ចីសរុបចំនួន ៦ ពាន់លានដុល្លារអាមេរិករបស់ធនាគារលោក ក្នុងនោះ ៨០ ភាគរយបានផ្តល់ដល់សហគ្រាសធុនតូច និងមធ្យម ដែលបានកើនឡើងប្រហែល២០ ភាគរយជារៀងរាល់ឆ្នាំ។ គិតត្រឹមខែមិថុនា ឆ្នាំ២០២២ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ៨,៣៤ពាន់លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៦,០១ពាន់លានដុល្លារអាមេរិកនិងមានអតិថិជនប្រមាណជាង ៣,៥៩លាននាក់។គិតត្រឹមដំណាច់សីហា ឆ្នាំ២០២២ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលលើស ២,៥លាននាក់ និងមានដៃគូអាជីវកម្មចំនួន ១៧៥ពាន់៕