ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី “ធនាគារអេស៊ីលីដា” ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅកម្ពុជា បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ធនាគារអេស៊ីលីដាចូលរួមក្នុងកម្មវិធីដាក់ឱ្យប្រើប្រាស់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល ដែលបានចាត់ចែងរៀបចំដោយក្រសួងមុខងារសាធារណៈ និងសហការចូលរួមដោយធនាគារដៃគូ ចំនួន ៣ រួមមាន ធនាគារ អេស៊ីលីដា ធនាគារ កាណាឌីយ៉ា និងធនាគារ វីង។

ព្រឹត្តិការណ៍ថ្ងៃនេះ បានសបញ្ជាក់ពីវឌ្ឍនភាព នៃកំណែទម្រង់រដ្ឋបាលសាធារណៈ ក្នុងការចូលរួមអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល រួមចំណែកដល់ការអភិវឌ្ឍរីកចម្រើនឥតឈប់ឈររបស់សង្គមជាតិ។ ក្រសួងមុខងារសាធារណៈ បានអនុញ្ញាតឱ្យធនាគារ អេស៊ីលីដា បោះពុម្ព និងផ្តល់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មីនេះ ជូនដល់មន្ត្រីរាជការ សម្រាប់ប្រើប្រាស់ជាប័ណ្ណ សម្គាល់ខ្លួនផ្លូវការផង និងជាប័ណ្ណអេធីអឹម (ATM) សម្រាប់បើកប្រាក់បៀវត្សពីធនាគារ និងអាចប្រើប្រាស់សម្រាប់ មុខងារផ្សេងទៀតទៅតាមការវិវឌ្ឍនៃបច្ចេកវិទ្យាព័ត៌មាន ទៀតផងដែរ។
លោក ស្រី សូផន ណារី អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់និងជាគណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា បានបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្រ្តីរាជការស៊ីវិលទម្រង់ថ្មីនេះ គឺផ្អែកលើការវិវត្តជឿនលឿននៃបច្ចេកវិទ្យា ស្របតាមប្រក្រតីភាពថ្មីនៃបរិបទកូវីដ-១៩ ដោយបានរៀបចំបោះពុម្ពជាប្រភេទស្មាតកាត (Smart Card) ដែលអនុញ្ញាតឱ្យមន្ត្រីរាជការស៊ីវិលអាចប្រើប្រាស់សេវាប្រតិបត្តិការហិរញ្ញវត្ថុបានយ៉ាងងាយស្រួល នៅគ្រប់ពេលវេលា ប្រកបដោយសុវត្ថិភាពខ្ពស់ ជាពិសេសមន្រ្តីរាជការស៊ីវិលទូទាំងប្រទេសនឹងទទួលបានប័ណ្ណនេះដោយឥតគិតថ្លៃ។

លោកស្រីបានបន្ថែមទៀតថា ដើម្បីបំពេញតម្រូវការជូនមន្ត្រីរាជការស៊ីវិល អតិថិជន និងសាធារណជន ស្របតាមយុទ្ធសាស្រ្តឌីជីថល ព្រមទាំងពង្រីកវិសាលភាព និងគាំទ្រការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសេវាហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ និងងាយស្រួល ធនាគារអេស៊ីលីដាបាននិងកំពុងពង្រីកបណ្តាញប្រតិបត្តិការចំនួន ២៦៤សាខា និងសេវាកម្មធនាគារស្វ័យប្រវត្តិចំនួន ១២០ទីតាំង ដោយបំពាក់ម៉ាស៊ីនអេធីអឹមសរុបជាង១.១២៤គ្រឿង ម៉ាស៊ីនឆូតកាតសរុបជាង៤.១៤៦គ្រឿង និងអេស៊ីលីដាម៉ូបាល ដែលមានអ្នកប្រើប្រាស់ជាង២,៦៤លាននាក់ ព្រមទាំងដៃគូអាជីវកម្ម សរុបជាង១៩០.០០០ នៅពាសពេញផ្ទៃប្រទេស គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២២។
លោកស្រីបានថ្លែងថា អត្តសញ្ញាណប័ណ្ណមន្រ្តីរាជការស៊ីវិលទម្រង់ថ្មីនេះ មានភ្ជាប់និមិត្តសញ្ញា CSS (Cambodian Shared Switch) ដែលជាប័ណ្ណអេធីអឹម សម្រាប់បម្រើមន្រ្តីរាជការស៊ីវិល ក្នុងការទូទាត់ទំនិញ-សេវាកម្មតាមម៉ាស៊ីនឆូតកាត និងតាមអនឡាញ ជាមួយដៃគូអាជីវកម្មដែលប្រើប្រាស់ប្រព័ន្ធទូទាត់ជាមួយធនាគារ អេស៊ីលីដា។ ម៉្យាងវិញទៀត អាចធ្វើការដាក់ប្រាក់ បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ និងអាចបង្កើតប័ណ្ណនិមិត្តតាមអេធីអឹមធនាគារ អេស៊ីលីដា ព្រមទាំងអាចដកប្រាក់ និងផ្ទេរប្រាក់តាមម៉ាស៊ីនអេធីអឹមនៅគ្រប់ធនាគារ ឬស្ថាប័នហិរញ្ញវត្ថុនានាបានគ្រប់ពេលវេលា (២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍)យ៉ាងងាយស្រួលប្រកបដោយសុវត្ថិភាពខ្ពស់បំផុត តាមតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។

លោកស្រីបានបន្ថែមទៀតថា៖« ការដាក់ឱ្យប្រើប្រាស់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលថ្មីនេះ សញ្ជាក់ឱ្យឃើញថា វិស័យសារធារណៈ និងវិស័យឯកជនមានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួត គាំទ្រគ្នាទៅវិញទៅមក មិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ជាងនេះទៅទៀត ជាលទ្ធផលបង្ហាញឱ្យឃើញថា វិស័យសាធារណៈ និងវិស័យឯកជន ជាពិសេស ប្រទេសកម្ពុជាទាំងមូល មានការរីកចម្រើន ជឿនលឿន ដោយប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យ ដូចប្រទេសជឿនលឿនមួយចំនួន នៅក្នុងតំបន់ និងក្នុងពិភពលោក»។
លើសពីនេះទៀតលោកស្រីក៏បានគោរពថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសឯកឧត្តម ព្រុំ សុខារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងសហការីទាំងអស់ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ គាំទ្រដល់ធនាគារ អេស៊ីលីដា និងផ្តល់ឱកាសដល់ធនាគារ អេស៊ីលីដា ដែលជាធនាគារខ្មែរ ក្នុងការសហការគាំទ្រ និងបម្រើសេវាកម្មធនាគារ និងហិរញ្ញវត្ថុ ដល់មន្ត្រីរាជការ ជាពិសេសមន្ត្រីរាជការស៊ីវិល៕