ធនាគារ អេស៊ីលីដា​ចួលរួមឧបត្ថម្ភកម្មវិធីសកលលោក លើកទី៩ ឆ្នាំ២០២២ស្តីពី SME

ភ្នំពេញ៖​ ធនាគារ អេស៊ីលីដា​ ភីអិលស៊ីបានចូលរួមឧបត្ថម្ភកម្មវិធីសម្រាប់វេទិកា ហិរញ្ញប្បទាន​សហគ្រាសធុនតូច និងមធ្យម            សកលលោក លើកទី៩ ឆ្នាំ២០២២ ដែលប្រព្រឹត្តិ​ទៅពីថ្ងៃទី១៩ដល់ថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២២នៅរាជធានីភ្នំពេញ ព្រះរាជា ណាចក្រកម្ពុជាដែលរៀបចំដោយស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និងសហការរៀប​ចំដោយធនាគារជាតិនៃកម្ពុជាក្នុងគោលបំណងពង្រីកនូវលទ្ធភាព ទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូចនិងមធ្យមទូទាំងសកលលោក។

បុព្វហេតុចម្បង​នៃការចូលរួមឧបត្ថម្ភរបស់ធនាគារ សម្រាប់វេទិកាហិរញ្ញប្បទាន សហគ្រាសធុនតូច និងមធ្យម សកលលោកនេះ គឺ ១)​ ដើម្បីលើកកម្ពស់ដៃគូធុរកិច្ច សម្រាប់បរិយាប័ន្នហិរញ្ញវត្ថុ ស្របតាមបេសកកម្មស្នូលរបស់ធនាគារ អេស៊ីលីដា និង ២) របៀបវារៈ​នៃវេទិកាហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម សកលលោក លើកទី៩នេះ ស្តីពី “តំណភ្ជាប់ទៅនឹងឌីជីថលនីយកម្ម សម្រាប់ហិរញ្ញប្បទាន សហគ្រាសធុនតូច និងមធ្យម ប្របកដោយបរិយាប័ន្ន និងនិរន្តរភាព” ស្របតាមដំណើរការនៃការកម្លាយខ្លួនទៅជាធនាគារឌីជីថលរបស់ធនាគារ អេស៊ីលីដា។

ក្នុង​ថ្ងៃ​ដំបូង​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​គណៈប្រតិភូ Global SME Finance ទៅកាន់​ធនាគារ អេស៊ីលីដា ភីអិលស៊ី​នៅ​ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ​២០២២ លោក​Matthew Gamser អគ្គនាយក​វេទិកា​ហិរញ្ញវត្ថុ SME បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​ថា​បេសកកម្ម​ស្ថាប័ន​របស់លោក​ដែល​នាំយក​អ្នកចូលរួម​ជាង ៤០០​នាក់​មកពី ៦០ ប្រទេស​មក​កម្ពុជា​ដើម្បី​សិក្សា និង​ផ្លាស់ប្តូរ​បទពិសោធន៍ និង​កសាង​បណ្តាញ​SMEs​។​

​លោក​ថ្លែងថា​៖ «​ជា​រៀងរាល់ឆ្នាំ យើង​មាន​កិច្ចប្រជុំ​ប្រចាំឆ្នាំ ដែល​យើង​ព្យាយាម​នាំ​មនុស្ស​មកជួបជុំ​គ្នា​នៅ​ទីក្រុង​ផ្សេងៗ​គ្នា​ជុំវិញ​ពិភពលោក ដើម្បី​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក​។ នៅ​ឆ្នាំនេះ ពួកយើង​ជ្រើសរើស​មក​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ ព្រោះ​វា​ជា​កន្លែង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយ ដែល​យើង​មាន​ស្ថាប័ន​ដូចជា ធនាគារ​អេស៊ីលីដា ពិតជា​កត្តា​ជំរុញ​នៃ​របៀប​ដែល​អ្នក​អាច​បម្រើ​អាជីវកម្ម​ខ្នាតតូច មីក្រូ​សហគ្រាស និង​អ្នកប្រើប្រាស់​តាម​វិធី​ផ្សេងៗ ដែល​នឹងមាន​ប្រសិទ្ធភាព​កាន់តែ​ខ្ពស់​»​។​

លោក​Matthew លើកឡើងថា​៖ «​ដូច្នេះ យើង​មាន​សេចក្តីសោមនស្ស​រីករាយ ដែល​បានមក​ទីនេះ ដោយសារ​បេសកកម្មរ​បស់​យើង គឺ​លើកកម្ពស់​ការសិក្សា និង ដើម្បី​ស្វែងរក​ភាពជា​ដៃគូ​ថ្មី​។ យើង​អាច​កសាងបាន ហើយ​ថែមទាំង​មានការ​សន្ទនា​ដ៏​ល្អ​ពី​មនុស្ស​ជាច្រើន​ពី​វិស័យ​សាធារណៈ​នៅទីនេះ​។ យើង​នឹងមាន​កិច្ចពិភាក្សា​ល្អ​អំពី​របៀប​បង្កើត​បរិយាកាស​ល្អ​ដើម្បី​គាំទ្រ​សហគ្រាស​ធុន​តូច និង​មធ្យម និង​គាំទ្រ​ប្រកបដោយ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​»​។​

​លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ធនាគារ របស់លោក​បាន​ឆ្លងកាត់​ដំណាក់កាល​អភិវឌ្ឍន៍​ជាច្រើន ដោយ​ផ្តើមចេញពី​អង្គការ ក្រៅ​រដ្ឋាភិបាល​ក្នុងស្រុក រហូត​ក្លាយជា​ធនាគារពាណិជ្ជ​ធំជាងគេ​មួយ​នៅ​កម្ពុជា​។ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជា​ធនាគារ​កម្ពុជា​ដំបូង​គេ ដែល​បាន​ពង្រីក​ប្រតិបត្តិការ​របស់ខ្លួន​ទៅកាន់​ប្រទេសជិតខាង​ក្នុង​តំបន់ រួមមាន​ប្រទេស​ឡាវ នៅ​ឆ្នាំ ២០០៨ និង​មី​យ៉ាន់​ម៉ា នៅ​ឆ្នាំ ២០១៣​។ នៅ​ខែឧសភា ឆ្នាំ​២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ក្លាយជា​ធនាគារពាណិជ្ជ​ដំបូង​គេ​នៅ​កម្ពុជា ដែល​បាន​បោះផ្សាយ​លក់​ភាគហ៊ុន​របស់ខ្លួន​នៅលើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា (​ផ​.​ម​.​ក​)​។​

​លោក​បណ្ឌិត បញ្ជាក់ថា​៖ «​យើង​មាន​សេចក្តីសោមនស្ស ក្នុងការ​ចែករំលែក ព្រមទាំង​ការសិក្សា​ស្វែងយល់​រវាង​គ្នា​នឹង​គ្នា​ជាមួយនឹង​គណៈប្រតិភូ ដែលជា​ថ្នាក់ដឹកនាំ​អង្គភាព​ធុរកិច្ច​ជុំវិញ​សកលលោក ហើយ​យើង​សង្ឃឹមថា ការចែករំលែក​នូវ​ជំនាញ និង​បទពិសោធន៍ ប្រកបដោយ​ភាពជោគជ័យ​នេះ គឺជា​គុណប្រយោជន៍​ល្អ​បំផុត សម្រាប់​អង្គភាព​អាជីវកម្ម​ទៅវិញទៅមក ក៏ដូចជា​សហគ្រាស​ខ្នាតតូច និង​ខ្នាត​មធ្យម នៅ​ទូទាំង​សកលលោក​»​​៕