ធនាគារ អេស៊ីលី​ដាសហការជាមួយក្រុមហ៊ុនម៉ាស្ទ័រកាតដាក់​ឱ្យ​ដំណើរការជាផ្លូវការ​នូវ​ប័ណ្ណឡេឌីម៉ាស្ទ័រ​កាត​អេស៊ីលីដាក្នុង​ប្រទេស​កម្ពុជា

ភ្នំពេញៈ ធនាគារ អេស៊ីលីដា ភីអិលស៊ី “ធនាគារ អេស៊ីលីដា” ដែលជាធនាគារពាណិជ្ជឈាន​មុខនៅ​ប្រទេសកម្ពុជា​និងបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅផ្សារមូលបត្រកម្ពុជា (CSX)កាលពីថ្ងៃពុធ ​ទី២០ ខែកញ្ញា ឆ្នាំ២០២៣ ប្រកាសអំពីកិច្ចសហប្រតិបត្តិការ រវាង ធនាគារ ជាមួយ និងក្រុមហ៊ុនម៉ាស្ទ័រកាតដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប័ណ្ណឡេឌីម៉ាស្ទ័រកាតអេស៊ីលីដា។

ប័ណ្ណឡេឌីម៉ាស្ទ័រកាតអេស៊ីលីដា ផ្តល់ជូនបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើននិងផ្តល់អត្ថប្រយោជន៍​សិទ្ធិពិសេសៗនិងភាពជាដៃគូជាច្រើន។អត្ថប្រយោជន៍ទាំងនេះគឺផ្តោតសំខាន់លើប្រភេទចំណាយដ៏ពេញនិយមបំផុតចំពោះម្ចាស់ប័ណ្ណ ជាពិសេស គឺសុភាពនារី សម្រាប់ចំណាយក្នុងការទិញទំនិញតាមអនឡាញការធ្វើដំណើរ គ្រួសារ ការកម្សាន្តផ្សេងៗនិងការដឹកជញ្ជូន។កាតនេះក៏ផ្តល់ការលើកទឹកចិត្តជាច្រើន រួមមាន ការលើកលែង​ថ្លៃសេវាប្រចាំឆ្នាំក្នុងកំឡុងឆ្នាំដំបូងសម្រាប់អតិថិជនកំពុងប្រើប្រាស់កាត ATM ដែលចង់ប្តូរទៅជាប័ណ្ណ​ឡេឌីម៉ាស្ទ័​រកាតអេស៊ីលីដាមិនថាជាប័ណ្ណឥណពន្ធ ឬប័ណ្ណឥណទាននោះទេនិងទទួលបានវត្ថុអនុស្សាវរីយ៍​ពិសេស សម្រាប់អតិថិជន២.០០០ នាក់ដំបូង។

លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា “ប័ណ្ណឡេឌី​ម៉ាស្ទ័រកាតអេស៊ីលីដា សម្រាប់អតិថិជនជាសុភាពនារីនឹងផ្តល់ឱ្យពួកគាត់នូវមធ្យោបាយទូទាត់តាមបែបឌីជីថល កាន់តែរហ័សទាន់ចិត្ត សុវត្ថិភាព និងងាយស្រួលជាងមុនប្រកបដោយសុវត្ថិភាពខ្ពស់និងជួយបង្កើន​ជីវិតប្រចាំថ្ងៃរបស់ពួកគាត់កាន់តែប្រសើរឡើង។

លោកបានថ្លែងថា៖«ម្ចាស់ប័ណ្ណអាចជ្រើសរើសការប្រើប្រាស់ជា​ច្រើនប្រភេទ​ដែលខ្លួនពេញចិត្ត រួមទាំងការដក​ប្រាក់តាមម៉ាស៊ីនអេធីអឹមក្នុងស្រុក និងអន្តរជាតិ ការទូទាត់តាមម៉ាស៊ីន​ឆូតកាត ការទិញទំនិញអនឡាញ ការធ្វើដំណើរ ការទទួលទានអាហារ ការទិញសំលៀកបំពាក់ពេញនិយម ការដឹកជញ្ជូន និងការកម្សាន្ត ជាមួយនឹងកម្រិតទំហំប្រតិបត្តិការប្រចាំថ្ងៃរហូតដល់១០.០០០ដុល្លារអាមេរិក។ប័ណ្ណឡេឌីម៉ាស្ទ័រកាតអេស៊ីលីដា ផ្តល់ជូនជាពីរជម្រើសរួមមាន ប័ណ្ណឥណពន្ធឡេឌីម៉ាស្ទ័រការអេស៊ីលីដានិងប័ណ្ណឥណទានឡេឌីម៉ាស្ទ័រ​កាតអេស៊ីលីដា»។

លោកស្រី Winnie Wong នាយិកាគ្រប់គ្រងក្រុមហ៊ុនម៉ាស្ទ័រកាត ប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវ បានមានប្រសាសន៍ថា “នៅទូទាំងពិភពលោក មានការកើនឡើងនូវតម្រូវការផ្តល់់ដំណោះស្រាយ​ជូនអ្នក​ប្រើប្រាស់ ឱ្យស្របនឹងចំណង់ចំណូលចិត្តដែលកំពុងផ្លាស់ប្តូរ។ក្រុមហ៊ុនម៉ាស្ទ័រការ ពិតជាមានមោទនភាព​យ៉ាងខ្លាំង​​​ក្នុងការចាប់ដៃគូជាមួយធនាគារ អេស៊ីលីដា ដើម្បីពង្រីកមធ្យោបាយទូទាត់ដល់សុភាពនារីកម្ពុជា ក្នុងការទិញទំនិញទាំងក្នុងប្រទេស និងក្រៅប្រទេស។

លោកស្រីថា៖« ទន្ទឹមនឹងនេះ អ្នកប្រើប្រាស់នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ស្របតាមរបៀបរស់នៅរបស់​ពួកគេម្នាក់ៗក្នុងការទូទាត់តាមរយៈបណ្តាញប្រតិបត្តិការរបស់ក្រុមហ៊ុនម៉ាស្ទ័រកាត នៅតាមបណ្តាប្រទេសជាង២១០។ ប័ណ្ណនេះបំពាក់មកជាមួយនូវការការពារសុវត្ថិភាពយ៉ាងរឹងមាំ​ដែលបាន​បង្កប់នៅក្នុងកាត ដើម្បីធានាឱ្យបានថាម្ចាស់ប័ណ្ណអាចធ្វើការទូទាត់បានប្រកបដោយទំនុកចិត្ត នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។”

ការប្រើប្រាស់ប័ណ្ណម៉ាស្ទ័រកាតដ៏ថ្មីប្លែកដែលពោរពេញដោយអត្ថប្រយោជន៍ដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនប្រកបដោយភាពងាយស្រួលជាមុន។ អតិថិជនរបស់ធនាគារ អេស៊ីលីដា អាចដាក់ពាក្យស្នើសុំប្រើប្រាស់​ប័ណ្ណឡេឌីម៉ាស្ទ័រកាតអេស៊ីលីដានេះ តាមរយៈ កម្មវិធីសេវាអេស៊ីលីដាម៉ូបាល ឬគេហទំព័ររបស់ធនាគារ អេស៊ីលីដា ភីអិលស៊ីhttps://www.acledabank.com.kh ។