ធនាគារ អេស៊ីលីដា ចាប់ដៃគ្នាជាមួយធនាគារ​អភិវឌ្ឍន៍ជនបទនិងកសិកម្មគំាទ្រ ដល់ការពង្រីកការដំាដុះបន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការកែច្នៃផលិត​ផលកសិកម្ម

 

ភ្នំពេញៈ ធនាគារ អេស៊ីលីដា ភីអិលស៊ី(អេស៊ីលីដា) ចុះហត្ថលេខាលើអនុស្សរណៈ (MoU) ជាមួយធនាគារ​អភិវឌ្ឍន៍ជនបទនិងកសិកម្ម(ធ.អ.ជ.ក.)ស្តីពីកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងផ្តល់ឥណទានគំាទ្រ ដល់ការពង្រីកការដំាដុះបន្លែ-ផ្លែឈើការចិញ្ចឹមសត្វវារីវប្បកម្ម និងការកែច្នៃផលិត​ផលកសិកម្មព្រមទំាងឥណទាន​គំាទ្រដល់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មក្នុងវិស័យមៀនប៉ៃលិនស្វាយ និងស្វាយចន្ទី។

ពិធីចុះ MoU នេះត្រូវបានធ្វើឡើងរវាងលោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា និង​លោកកៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ​និងបណ្ឌិត អ៊ិន ចាន់នី​ប្រធាន​នាយក​ប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី កាលពី ថ្ងៃទី២៩ខែមីនា ឆ្នាំ២០២២។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ីបានមានប្រសាសន៍ថា នេះជាមោទនភាពបំផុតដែលធនាគារ អេស៊ីលីដា ភីអិលស៊ី បានចូលរួមចំណែកក្នុងការគាំទ្រ​គោលនយោបាយ​របស់រាជ-រដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងវិស័យកសិកម្ម តាមរយៈការជំរុញឱ្យមានស្ថិរភាពខ្សែច្រវាក់ផ្គត់ផ្គង់​ក្នុងទីផ្សារសម្រាប់គំាទ្រការស្តារកំណើនសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩។

 

អនុស្សរណៈនៃការយោគយល់គ្នានេះមានចក្ខុវិស័យរួមក្នុងការលើកកម្ពស់វិស័យកសិកម្ម តាមរយៈការផ្តល់​ឥណទាន​​រួមគ្នាលើវិស័យសំខាន់ៗចំនួន ០៦ រួមមាន ការចិញ្ចឹមសត្វ វារីវប្បកម្ម ការដាំដុះបន្លែ-ផ្លែឈើនិងការកែច្នៃ​ផលិតផលកសិកម្ម​ព្រមទំាងឥណទានគំាទ្រដល់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មក្នុងវិស័យ​មៀនប៉ៃលិនស្វាយ និងស្វាយចន្ទី ក្រោមប្រភពទុនរួមគ្នា (៥០%-៥០%) រវាងធ.អ.ជ.ក.និង អេស៊ីលីដាដោយស្ថិតលើមូលដ្ឋាន “មកមុនផ្តល់ជូនមុន” ឬ First Come, First Served។ ការពង្រីកឥណទានលើវិស័យទាំង០៦ ខាងលើនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនផលិតកម្មក្នុងស្រុក ការបង្កើតការងារ និងផលចំណូលជូនប្រជាពលរដ្ឋ ជាពិសេសនៅទីជនបទ។

លោក កៅ ថាច បានមានប្រសាសន៍ថាថ្ងៃនេះជាសក្ខីភាពនៃការអនុវត្តកម្មវិធីហិរញ្ញប្បទានពិសេស​របស់រាជរដ្ឋាភិបាលដំណាក់កាលទី២ ដែល ធ.អ.ជ.ក.និងធនាគារ អេស៊ីលីដា ភីអិលស៊ីបានសហការគ្នា​អនុវត្តយន្តការសហហិរិញ្ញប្បទានចែករំលែកហានិភ័យ សំដៅផ្តល់ឥណទានគំាទ្រដល់វិស័យកសិកម្ម។​​​​

លោកបានមានប្រសាសន៍ថា៖«យន្តការនេះជាការដាក់មូលនិធិជាកញ្ចប់រួមក្នុងគោលបំណងពង្រីកវិសាលភាពនិងទំហំឥណទានដែលបង្ហាញពីការរួមចំណែកពីធនាគារ អេស៊ីលីដា ភីអិលស៊ី បន្ថែមលើហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលដែលមានក្នុងកម្មវិធីនេះហើយក៏ជាយន្តការថ្មីដែលវិស័យឯកជនបានរួមចំណែកចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តកម្មវិធីពិសេសនេះ»។

លោកបានគូសបញ្ជាក់ថា ក្នុងអំឡុងពេលដែលស្ថានភាពសេដ្ឋកិច្ចជាតិប្រឈម​នឹងវិបត្តិជំងឺកូវីដ-១៩ និងស្ថិត​ក្នុង​ដំណាក់​កាល​ស្តារសេដ្ឋកិច្ច ធ.អ.ជ.ក.នៅតែបន្តការគាំទ្រការផ្តល់ឥណទានកសិកម្មយ៉ាង​សកម្មក្នុង​គោលដៅ​រក្សាលំនឹងអាជីវកម្មរបស់ SMEs ក្នុងវិស័យកសិកម្ម តាមរយៈប្រភពទុននៃកម្ម​វិធីហិរញ្ញប្បទាន​ពិសេសរបស់រាជរដ្ឋាភិបាល​ ដំណាក់កាលទី១ គាំទ្រដល់ការដាំបន្លែ-ផ្លែឈើ  ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការកែច្នៃផលិតផលកសិកម្ម។ ដើម្បីបន្តជួយគំាទ្រផ្តល់ឥណទានកសិកម្មក្នុងអត្រាការប្រាក់សម្បទានដល់​សហគ្រាសធុនតូច​និងមធ្យមក្នុងវិស័យកសិកម្ម​។

កាលពីថ្ងៃ ទី១៤ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅរាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកញ្ចប់ថវិកាកម្មវិធីហិរញ្ញប្បទានពិសេស ដែលមានទឹកប្រាក់ចំនួន ៥០ លានដុល្លារអាមេរិក​ ដំណាក់កាលទី២ដល់ ធ.អ.ជ.កសម្រាប់ប្រើប្រាស់លើការផ្តល់ហិរញ្ញប្បទានផ្ទាល់ (Direct Lending) និងសម្រាប់កម្មវិធីសហហិរញ្ញប្បទានចែករំលែកហានិភ័យជាមួយគ្រឹះស្ថានធនាគារ​និងហិរញ្ញវត្ថុ​សំដៅ​គំាទ្រដល់ការដាំដុះបន្លែ-ផ្លែឈើការចិញ្ចឹមសត្វវារីវប្បកម្មនិងការកែច្នៃផលិតផលកសិកម្មព្រមទំាង​ឥណទានគំាទ្រដល់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មក្នុងវិស័យមៀនប៉ៃលិនស្វាយនិងស្វាយចន្ទី៕