ភ្នំពេញ៖ ស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានផ្តល់ពានរង្វាន់ «ដៃគូធនាគារល្អបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យម (SME) នៅក្នុងតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក» ដែលឆ្លុះបញ្ជាំងអំពីការចូលរួមយ៉ាងសកម្មរបស់ធនាគារក្នុងការលើកកម្ពស់ការរីកចំរើនសម្រាប់វិស័ SME ក្នុងរយពេលជាច្រើនឆ្នាំកន្លងមកនេះ។

ជាមួយនិងពាន់រង្វាន់នេះ បង្ហាអំពីធនាគារអេស៊ីលីដាបាន និងកំពុងធ្វើការយ៉ាងជិតស្និតជាមួយនឹងសហគ្រាសធុនតូច និងមធ្យម និងបម្រើនូវផលិតផល-សេវាកម្មហិរញ្ញវត្ថុចម្រុះបែបយ៉ាងសម្បូរបែប ជាពិសេសសេវាកម្មធនាគារអេឡិចត្រូនិក និងឌីជីថល ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន។
លើសពីនេះធនាគារ អេស៊ីលីដា បានផ្តល់ហិរញ្ញប្បទានយ៉ាងច្រើនដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមប្រកបដោយនិរន្តរភាព។
បណ្ឌិត អ៊ិន ចាន់នីប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានលើកឡើងថា ការអភិវឌ្ឍសហគ្រាសខ្នាតតូច និងខ្នាតមធ្យម វិស័យធនាគារនៅកម្ពុជាជាពិសេសធនាគារ អេស៊ីលីដា ភីអិលស៊ីដែលបានចូលរួមចំណែកក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាព។
លោកបណ្ឌិតបានបន្តថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បានឆ្លងកាត់ដំណាក់កាលអភិវឌ្ឍន៍ជាច្រើន ដោយផ្តើមចេញពីអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុករហូតក្លាយជាធនាគារពាណិជ្ជធំជាងគេមួយនៅកម្ពុជា។ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារកម្ពុជាដំបូងគេ ដែលបានពង្រីកប្រតិបត្តិការរបស់ខ្លួនទៅកាន់ប្រទេសជិតខាងក្នុងតំបន់រួមមានប្រទេសឡាវនៅឆ្នាំ២០០៨ និងមីយ៉ាន់ម៉ានៅឆ្នាំ២០១៣។ នៅខែឧសភា ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានក្លាយជាធនាគារពាណិជ្ជដំបូងគេនៅកម្ពុជា ដែលបានបោះផ្សាយលក់ភាគហ៊ុនរបស់ខ្លួននៅលើផ្សារមូលបត្រកម្ពុជា (ផ.ម.ក)។

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួន (៤) គឺ៖១) វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ២) អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ៣) ធនាគារ អេស៊ីលីដា ឡាវ លីមីធីត និង ៤) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ាព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ានម៉ា។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៨,៣៤ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៦ប៊ីលានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៦,០១ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៣,៥៩លាននាក់ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២២នេះ។គិតត្រឹមដំណាច់សីហា ឆ្នាំ២០២២ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលលើស ២,៥លាននាក់និងមានដៃគូអាជីវកម្មចំនួន ១៧៥ពាន់៕