ធនាគារ SMBC និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)ផ្តល់​សហហិរញ្ញប្បទានចំនួន​១៣៥​លានដុល្លារអាមេរិក ដល់ធនាគារ អេស៊ីលីដា សម្រាប់វិស័យកសិកម្មនៅកម្ពុជា

ភ្នំពេញ៖ធនាគារ អេស៊ីលីដា ភីអិលស៊ី “​ប្រជា​ធនាគារ​ដែល​លោកអ្នក​ជឿទុកចិត្ត​” នៅ​ថ្ងៃទី​ ២៧ ​ខែឧសភា ​ឆ្នាំ​២០២២​ នេះបានចុះកិច្ចព្រមព្រៀងឥណទានជាមួយ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) និង​ធនាគារ SMBC ដើម្បីទទួលបានសហហិរញ្ញប្បទានចំនួន ១៣៥ លានដុល្លារអាមេរិក សម្រាប់ផ្តល់កម្ចីដល់​វិស័យ​កសិកម្មក្នុងប្រទេសកម្ពុជា។

លោកបណ្ឌិត អ៊ិន ចាន់នីប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា ជាធនាគារពាណិជ្ជធំមួយ ដែលមានបណ្តាញប្រតិបត្តិការច្រើនជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បណ្តាញប្រតិបត្តិការដ៏សម្បូរបែបផ្តល់ភាពងាយស្រួលជូនដល់ប្រជាជនកម្ពុជា គ្រប់មជ្ឈដ្ឋានក្នុងសហគមន៍ ជាពិសេស អ្នកដែលរស់នៅជនបទអាចប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុគ្រប់ប្រភេទរបស់ធនាគារ រួមទាំងសេវាកម្ម​ឥណទាន ដែលមានគោលដៅ សម្រាប់ពង្រឹង និងពង្រីកវិស័យកសិកម្មនៅតាមជនបទ។

នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកស្ទួយការប្រើប្រាស់ សេវាកម្មហិរញ្ញវត្ថុឱ្យកាន់តែសកម្មនៅតាមជនបទ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងធនាគារ SMBC បានផ្តល់សហហិរញ្ញប្បទានចំនួន​១៣៥លានដុល្លារអាមេរិក ដល់ធនាគារ អេស៊ីលីដា ដើម្បីផ្តល់កម្ចីដល់វិស័យកសិកម្មនៅកម្ពុជា។​ សហហិរញ្ញប្បទាននេះ នឹងជួយលើកស្ទួយដល់ផលិតកម្មកសិកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

គម្រោងសហហិរញ្ញប្បទានរយៈពេលវែង ដែលទទួលបានពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងធនាគារ SMBC​ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ធនាគារ អេស៊ីលីដា ក្នុងការផ្តល់កម្ចីដល់​សហគ្រាស​ខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម ដែលមានតម្រូវការឥណទានក្នុងការចាប់ផ្តើម និង/ឬការ​ពង្រីក​​ផលិតកម្មកសិកម្ម ដើម្បីបង្កើនប្រាក់ចំណូល។​

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ចំនួន ៤ គឺ ១)​ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ២)​ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ៣) ធនាគារ អេស៊ីលីដា ឡាវ លីមីធីត និង​ ៤) ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា​​ ព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាព​មីយ៉ាន់ម៉ា។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៨,១៦ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទានសរុប​ចំនួន ៥,៧៩ប៊ីលានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៥,៩០ពាន់លានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៣,៤៤លាននាក់ គិតត្រឹមដំណាច់   ខែមីនា ឆ្នាំ២០២២ នេះ៕