បុណ្យចូលឆ្នាំថ្មីរយៈពេល ០៣ថ្ងៃ បូករួមថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត មានភ្ញៀវជាង៥លាន១៧ម៉ឺន​នាក់ចេញដើរលេងកម្សាន្តទូទាំងប្រទេស

(ភ្នំពេញ): លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានឲ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​រយៈពេល៣ថ្ងៃ និងថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត ចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២ នៅទូទាំង​​ប្រទេសទទួលបានភ្ញៀវទេសចរ សរុបចំនួន ៥.១៧៥.៧៥៤ នាក់ ក្នុងនោះ ភ្ញៀវជាតិ ៥.១៤០.៤៩៥ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៥.២៥៩ នាក់។

ក្នុងនោះ តួលេខប្រចាំថ្ងៃ រួមមាន៖​ ថ្ងៃទី១៤ ខែមេសា៖ ភ្ញៀវមានចំនួន ៨៦២.៨៩៧ នាក់;ថ្ងៃទី១៥ ខែមេសា៖ ភ្ញៀវមានចំនួន ១.៥៧៩.២៥១ នាក់; ថ្ងៃទី១៦ ខែមេសា៖ ភ្ញៀវមានចំនួន ២.១៤៨.១៧៨ នាក់។ ដោយឡែកសម្រាប់ថ្ងៃទី១៧ ខែមេសា៖ ភ្ញៀវមានចំនួន ៥៨៥.៤២៨ នាក់

លោក ថោង ខុន បានបន្តថា ចំនួនភ្ញៀវទេសចរប្រមាណជាង ៥លាននាក់ក្នុងរយៈពេល៤ថ្ងៃនេះ គឺជាចំនួនមួយ​ដ៏ច្រើនលើសពីការរំពឹងទុក និងជាចំនួនខ្ពស់មែនទែនចាប់តាំងពីរាជរដ្ឋាភិបាលបានប្រកាសបិទ​បញ្ចប់​ព្រឹត្តិការណ៍សហគមន៍នាកំឡុងខែធ្នូ ឆ្នាំ២០២១កន្លងមក ខណៈដែលពិធីបុណ្យឆ្លងឆ្នាំសាកលកន្លងមក ភ្ញៀវសរុបមានប្រមាណ ២លាននាក់ ហើយពិធីបុណ្យចូលឆ្នាំចិន -វៀតណាម ភ្ញៀវសរុបមានប្រមាណ ៩៤ ម៉ឺននាក់។

លោកបន្តទៀតថា ប្រជាពលរដ្ឋភាគច្រើន បានសម្រុកត្រលប់ចូលរាជធានីភ្នំពេញវិញចាប់តាំងពីពេលរសៀល ដែលបានធ្វើឲ្យចរាចរនៅតាមដងផ្លូវជាតិសំខាន់ៗ មានភាពកកកុញច្រើន។

ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាម​មូលដ្ឋាន។ តាមបណ្តាសណ្ឋាគារ ប៊ូទីក ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗស្ទើរគ្រប់ខេត្ត ដែលមាន​លទ្ធភាពបើក អាជីវកម្មឡើងវិញនោះ បានទទួលការកក់ពេញស្ទើរ ១០០%។ ទន្ទឹមនឹងនេះ បណ្តា​ភោជនីយ​ដ្ឋាន និងអាហារដ្ឋាន ក៏មានភ្ញៀវចូលស្ទើរពេញៗក្នុងរយៈពេល៣ថ្ងៃនេះ ដែលមានភាពខុសគ្នាធៀប​នឹងពេល​កំពុងមានវិបត្តិកូវីដ-១៩ខ្លាំងដែលពួកគាត់ភាគច្រើនបានរៀបចំម្ហូបអាហារដោយខ្លួនឯង​សម្រាប់បរិភោគតាមផ្លូវ។

លោកបានបន្តឲ្យដឹងថា វិស័យឯកជនក៏បានចូលរួមសំដែងនូវភាពរីករាយជាពន់ពេកចំពោះចរន្តភ្ញៀវ​ដ៏ច្រើន​លើស​ពីការរំពឹងទុកនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ និងមានសុទិដ្ឋិនិយមខ្ពស់ចំពោះការងើបឡើង​វិញនៃ​វិស័យទេសចរណ៍ ពិសេសការសម្រេចបានទទួលភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញ និងការ​បន្ធូរ​បន្ថយលក្ខខណ្ឌតម្រូវនានា។ការជឿជាក់លើភាពស៊ាំសហគមន៍តាមរយៈការទទួលបានវ៉ាក់សាំងដូសពេញលេញ និង ដូសបន្តបន្ទាប់ បានបង្កើតជាទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋក្នុង​ការដើរ​កម្សាន្ត​ពាសពេញផ្ទៃប្រទេស ទោះបីជាពួកគាត់ភាគច្រើន បានជ្រើសជំរើសមិនពាក់ម៉ាស់។ ក្នុងន័យនេះ តាមការស្ទង់​មតិនិងសង្កេតជាក់ស្តែង មិនមែនពួកគាត់មិនខ្លាចឆ្លងជំងឺកូវីដ-១៩ តែពួកគាត់ពិតជាមានក្តីរីករាយដែលបាន​ដើរកម្សាន្តក្នុងឱកាសចូលឆ្នាំនេះ ដែលខកខានរៀបចំរយៈពេល២ឆ្នាំ ហើយក៏ជឿជាក់លើប្រសិទ្ធភាពនៃវ៉ាក់សាំង ហើយ ម្យ៉ាងទៀតពួកគាត់ក៏មានទំនុកទុកចិត្តថា ប្រសិនបើមានការឆ្លង ជំងឺកូវីដ ក៏ពួកគាត់អាចព្យាបាលខ្លួនឯង នៅផ្ទះបានផង ដែរ។

ចំពោះការចំណាយរបស់ប្រជាពលរដ្ឋម្នាក់ៗ ក្នុងពេលចូលឆ្នាំ ៣ថ្ងៃ នេះ យោងតាមការសាកសួរ និងស្ទង់​មតិបឋម ចំពោះគ្រួរសារមួយ ដែលមានគ្នា ៥នាក់ ហើយធ្វើដំណើរកំសាន្ត ឆ្ងាយពីផ្ទះ ក្នុងពេល​៣ថ្ងៃនេះ ពួកគាត់បានចំណាយមិនតិចជាង ៥០០ដុល្លារទេ ( គិតរួមទាំងចំណាយស្នាក់នៅ ហូបចុក ធ្វើ​ដំណើរ(ចាក់សាំង) រួមទាំងការទិញទំនិញផ្សេងៗ រៀបចំ រណ្តាប់ បង្សកូល និងចង្ហាន់ទៅវត្តផង) ៕