ភ្នំពេញៈ ផ្លែស្វាយស្រស់កម្ពុជាប្រមាណ ១០០ តោន ត្រូវបាននាំចេញទៅកាន់ទីផ្សារចិនដោយផ្ទាល់ជាលើកដំបូង ដែលនេះជាការបើកផ្លូវនាំចេញថ្មីមួយទៀតទៅកាន់ទីផ្សារមហាអំណាចសេដ្ឋកិច្ចក្នុងតំបន់មួយនេះ។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថានៅក្នុងកម្មវិធីសម្ពោធនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនជាផ្លូវការកាលពីថ្ងៃទី ៧ ឧសភា នៅទីក្រុងភ្នំពេញថាដោយសារក្នុងបរិបទនៃជំងឺកូវីដ១៩គឺយើងអនុញ្ញាតក្រុមហ៊ុននីមួយៗបានរៀបចំ ផ្លែស្វាយស្រស់ចំនួន ១ កុងតឺន័រដែលមានបិរមាណ ២០ តោនក្នុង១កុងតឺន័រ ដើម្បីនាំចេញទៅកាន់ប្រទេសចិន យើងជឿថាបន្ទាប់ពីនេះទៅ ក្រុមហ៊ុននីមួយៗនឹងបង្កើនការនាំចេញរបស់ខ្លូនបន្ថែមទៀត។ការនាំចេញផ្លូងការនេះ បន្ទាប់ពីរដ្ឋបាលគយចិន កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំនេះ បានអនុម័តទទួលស្គាល់ជាផ្លូវការបញ្ជីឈ្មោះចម្ការស្វាយចំនួន ៣៧ និងរោងចក្រវេចខ្ចប់ចំនួន ៥ អាចនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន។
កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ចំនួន ១៤២ ៥៥៦ តោន ក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ២០២១ កើនឡើង ២៣៩,១៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។គិតត្រឹមឆ្នាំ ២០២០ កម្ពុជាមានផ្ទៃដីដាំស្វាយប្រមាណ ១៣ ម៉ឺនហិកតា ក្នុងនោះ ផ្ទៃដីប្រមូលចំនួន ៩១ ១០៤ ហិកាត ដែលអាចផ្តល់ផលជាមធ្យមប្រមាណជាង ១,៣៨ លានតោនក្នុង១រដូវ៕