ប្រាសាទ​អង្គរ​វត្តជាប់ជាប្រាសាទល្បី​ល្បាញ​ជាង​គេ​នៅ​ទ្វីប​អាស៊ី

ភ្នំពេញៈ ប្រាសាទ​អង្គរ​វត្តរបស់ប្រទេសកម្ពុជាត្រូវបានជាប់ចំណាត់ថ្នាក់ជា​ប្រាសាទ​ល្បី​ល្បាញ​ជាង​គេ​នៅ​ទ្វីប​អាស៊ីដែលជាទិសដៅទេសចរណ៍ដ៏ទាក់ទាញភ្ញៀវទេចរនៅក្នុងតំបន់។​ នេះបើយោងតាម​ការចុះផ្សាយរបស់ គេហ​ទំព័រ Touropia Travel Guides។

យោងតាមការសិក្សារបស់គេហ​ទំព័រ Touropia Travel Guides ​ កាល​ពី​ពេល​ថ្មីៗ​នេះបាន​ឱ្យ​ដឹង​ថា ប្រាសាទ​អង្គរ​វត្ត​កម្ពុជា ជាប់​ចំណាត់​ថ្នាក់​លេខ​១ ជា​ប្រាសាទ​ល្បី​ល្បាញ​ជាង​គេ​បំផុត​ក្នុង​ទ្វីប​អាស៊ី ខណៈ​លេខ​ ២ បាន​ទៅ​ប្រាសាទ Borobudur​(ឥណ្ឌូ​នេស៊ី), លេខ ៣ ​ប្រាសាទ Baalbek (លីបង់), លេខ ៤ ប្រាសាទ Harmandir Sahib​(ឥណ្ឌា) និង​លេខ ៥ ប្រាសាទ Kinkaku-ji ឬ​ប្រសាទ Golden Pavilion​(ជប៉ុន)។ ចំណែក​ លេខ ៦ ប្រាសាទ Heaven (ចិន), លេខ ៧ ប្រាសាទ Wat Phra Kaew ឬ​ប្រាសាទ Emerald Buddha​(ថៃ), លេខ​៨ ប្រាសាទ Taktsang Dzong ឬ​ប្រសាទ Tiger’s Nest (ប៊ូតាន់), លេខ ៩ ប្រាសាទ Ranakpur (ឥណ្ឌ) និង​លេខ ១០ ប្រាសាទ Lotus(ឥណ្ឌា)។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន ស៊ីណាន បានថ្លែងប្រាប់ឱ្យដឹងកាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ​ថា ជាមួយលទ្ធ​ផល​នៃ​ការ​សិក្សា​របស់​ Touropia Travel Guides បង្ហាញអំពីភាពល្អឯក និងទាក់ទាញរបស់ប្រាសាទអង្គរវត្តដល់ភ្ញៀងទេចរដែលបានមកទស្សនាកម្ពុជាមិនអាចរំលងបាន។​

លោកបានថ្លែងយ៉ាងដូច្នេះថា៖ «ប្រាសាទ​អង្គរ​វត្ត គឺមិន​ត្រឹម​តែ​ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក និង​ជា​អច្ឆិរិយ​វត្ថុ​មួយ​លើ​ពិភព​លោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​​បង្កប់​នូវ​រឿង​រ៉ាវ​ប្រវត្តិសាស្រ្ត​ជា​ច្រើន​របស់​ប្រទេស​កម្ពុជា និង​ជា​ឃ្លាំង​គម្ពី​ក្បួន​ច្បាប់ និង​ដំណើរ​រឿង​ទាក់​ទង​នឹង​ព្រះពុទ្ធ​សាសនា និង​ព្រហ្មណ៍​សាសនា​ផង​ដែរ​។

លោក​​ថា ស្របពេលដែលរដ្ឋាភិបាលបានប្រកាស​បើក​ទទួល​ភ្ញៀវ​ទេសចរ​ចាក់​វ៉ាក់សាំង​ឱ្យ​ចូល​មក​ទស្សនា​កម្ពុជា​ ព័ត៌​មាន​នៃ​ការ​ផ្តល់​ចំណាត់​ថ្នាក់​លេខ១ ឱ្យ​ប្រាសាទ​អង្គរ​វត្ត របស់ Touropia Travel Guides នឹង​ជួយ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ ចូល​មក​កម្សាន្ត​នៅ​កម្ពុជា​កាន់​តែ​ច្រើនបន្ថែម​ទៀត។​

គួររំលឹកផងដែរថា កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា គេហទំព័រ Tripadvisor ក៏​បាន​បង្ហាញឱ្យដឹងថា តំបន់​ប្រាសាទ​អង្គរ​វត្ត ទឹក​ធ្លាក់ ភូមិ​បណ្តែត​ទឹក និង​ប្រាសាទ​បន្ទាយ​ស្រី ក្នុង​ខេត្ត​សៀមរាប ​បាន​ជាប់​លេខ ១​ក្នុង​ពិភព​លោក​ជា​កន្លែង​ទេសចរណ៍​ប្រណីត​សម្រាប់​ដំណើរ​កម្សាន្ត​រយៈ​ពេល ៣​ថ្ងៃ​។

ទិន្នន័យ​ក្រសួង​ទេសចរណ៍​បង្ហាញ​ថា ចាប់​ពី​ខែ​មករា​ដល់​ខែ​តុលាឆ្នាំ​២០២១ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​សរុប​១៤៤ ៤៣៣​នាក់​ធ្លាក់​ចុះ ៨៨,៦​ភាគ​រយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២០ដែល​មាន​ចំនួន១ ២៤៦ ៧៨៩០នាក់៕​