ផលិតផលផ្លែដូងកម្ពុជានឹងមានទីផ្សារនៅប្រទេសចិនឆាប់ៗ  

ភ្នំពេញៈ ក្រសួងកសិកម្ម បានចាប់ផ្ដើម​ជូនដំណឹង​ដល់​ម្ចាស់​ចម្ការ​ដូង សហគមន៍​ក​សិ​កម្ម​ដូងក្រអូប និង​ម្ចាស់​រោងចក្រ​កែច្នៃ និង​វេច​ខ្ចប់​ផ្លែ​ដូង​ស្រស់ ដែលមាន​បំណង​ផលិត​និង​កែច្នៃ​វេច​ខ្ចប់​ផ្លែ​ដូង​ស្រស់​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន រួសរាន់​ដាក់ពាក្យ​ស្នើ​សុំ​ចុះបញ្ជី​ចម្ការ​នៅ​អគ្គនាយកដ្ឋាន​កសិកម្ម ខណៈ​អគ្គនាយកដ្ឋាន​នេះ​គ្រោង​នឹង​បញ្ជូន​បញ្ជី​ឈ្មោះ​ចម្ការ និង​រោងចក្រ​កែច្នៃ វេច​ខ្ចប់​ផ្លែ​ដូង​ស្រស់​ទៅកាន់​ភាគី​ចិន​នៅ​ដើមខែ​ធ្នូ ដើម្បីឱ្យ​ភាគី​ចិន​ពិនិត្យ និង​វាយតម្លៃ​បញ្ចប់​មុននឹង​ឈានដល់​ការនាំចេញ​ជា​ផ្លូវការ​។​

​នៅពេល​ទទួលបាន​ពាក្យស្នើសុំ អគ្គ​នាយកដ្ឋាន​កសិកម្ម​នឹង​ចាត់​មន្ត្រី​ជំនាញ​ចុះ​វាយតម្លៃ​ស្របតាម​នីតិវិធី​បច្ចេក​ទេស​ដូច​មានចែង​ក្នុង​ពិធីសារ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង របស់​អគ្គនាយកដ្ឋាន​កសិកម្ម នា​ថ្ងៃទី ​២០ ខែកញ្ញា ឆ្នាំ​ ២០២៣​។ ពិធីសារ​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ផ្លែ​ដូង​ស្រស់​ពី​ប្រទេស​កម្ពុជា​ ទៅកាន់​ប្រទេស​ចិន ត្រូវបាន​ចុះហត្ថលេខា​ដោយ​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម​ជាមួយ​អគ្គ​រដ្ឋបាល​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ថ្ងៃទី ​១៥ ខែកញ្ញា ឆ្នាំ ​២០២៣​។​

​បើតាម​អ្នកនាំពាក្យ​ក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា ឱ្យដឹងថា នៅពេល​សម្រេចបាន​ពិធីសារ​នេះហើយ កម្ពុជា​ត្រូវ​ធ្វើការ​ជាមួយ​ប្រជាកសិករ​ធ្វើយ៉ាងណា​ឱ្យ​ពួកគាត់​ដាំ​ដុះ​ផ្លែ​ដូង​ស្របតាម​ស្តង់ដា​អនាម័យ និង​ភូតគាម​អនាម័យ កំណត់ដោយ​រដ្ឋបាល​គ​យ​ចិន​។

​កញ្ញា​បញ្ជាក់ថា​៖ «​អគ្គនាយកដ្ឋាន​ក​សិ​​កម្ម នឹង​ចាត់​មន្ដ្រី​ជំនាញ​ចុះ​វាយតម្លៃ​ស្របតាម​នីតិវិធី​បច្ចេក​ទេស ដូច​មានចែង​នៅក្នុង​ពិធីសារ មុននឹង​បញ្ជូន​បញ្ជី​ឈ្មោះ​ចម្ការ និង​រោងចក្រ​កែច្នៃ​វេច​ខ្ចប់​ផ្លែ​ដូង​ស្រស់​ទៅកាន់​ភាគី​ចិន នៅ​ដើមខែ​ធ្នូ ឆ្នាំ​ ២០២៣ ​ខាងមុខ ដើម្បីឱ្យ​ភាគី​ចិន​ពិនិត្យ និង​វាយតម្លៃ​បញ្ចប់ មុននឹង​ឈានដល់​ការនាំចេញ​ជា​ផ្លូវការ​»​។​

​បើតាម​ក្រសួងកសិកម្ម គិត​ត្រឹម​ឆ្នាំ​ ២០២២​ កម្ពុជា មាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ដូង​ចំនួន ១​ ម៉ឺន ​៧​ ពាន់​ហិកតា​ ក្នុងនោះ​ផ្ទៃដី​ប្រមូល​ផល​មាន ​១ ​ម៉ឺន ៤​ ពាន់​ហិកតា​។ ចំណែក​ទិន្ន​​ផល​សរុប​ក្នុង​ឆ្នាំ​ ២០២២ នៅ​ទូទាំងប្រទេស មាន​ចំនួន​ ២៤ ​ម៉ឺន​ ៨​ ពាន់​តោន​៕