ផ្លូវជាតិ​លេខ​១០នឹង​ដើរតួនាទីសំខាន់ដល់​ការ លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម វិនិយោគ

កោះកុង​៖ គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​១០ ត​ភ្ជាប់​ពី​សំឡូត​- វាល​វែង​-​អូរ​សោម ដល់​កោះកុង នឹង​រួមចំណែក​ដល់​ការ លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម វិនិយោគ ដំណាំ​កសិផល ក​សិ​-​ឧស្សាហកម្ម  និង ទេសចរណ៍​បាន​ឆាប់រហ័ស និង​ចំណាយ​តិច ជា​ពិសេស​ជាមួយ​ប្រទេស​ជិតខាង​។

រហូត​មក​ទល់​នឹង​ពេល​នេះ គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​១០ ដែល​មាន​ប្រវែង​១៩៧,៣៦ គីឡូម៉ែត្រ សម្រេច​បាន​៦៤,៣៣ %​ហើយ ដោយនៅ​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​នេះ លោក ស៊ុន ចាន់​ថុ​ល បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ធ្វើ​ដំណើរ​ចុះ​ពិនិត្យ ទីតាំង​ស្ពាន​មួយ​កន្លែង​មាន​កម្ពស់​រហូត​ដល់​៧៥​ម៉ែត្រ បណ្តោយ​៥៣០​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ជា​ស្ពាន​ខ្ពស់ ជាង​ស្ពាន​ទាំងអស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

គម្រោង​ផ្លូវ​នេះ​គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ​១៨៨,៣៨​លាន​ដុល្លារ សហ​អា​មេ​រិ​ក ជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួម​ជាមួយ​ថវិកាបដិភាគ​របស់ រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​ការ​ដោះស្រាយ​ផល​ប៉ះពាល់ ការ​បោសសម្អាត​គ្រាប់​មីន យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់ ផ្ទុះ សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​(CRBC) ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់​ដោយ ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ក្វា​ង​ចូ​វ វ៉ា​ន​អាន និង​គ្រោង​ចំណាយពេល​សាងសង់​ចំនួន​៤៨​ខែ ចាប់ពី​ខែធ្នូ ឆ្នាំ​២០១៩ ដល់​ខែធ្នូ ឆ្នាំ​២០២៣​។

លោក ស៊ុន ចាន់​ថុ​ល បាន​ថ្លែង​ថា ផ្លូវ​នេះ​គឺជា​សរសៃឈាម​សេដ្ឋកិច្ចជាតិ​ដ៏​មាន​សក្តានុពល​របស់​កម្ពុជា អាច​ជួយ​សម្រួល​ដល់​កា​រត​ភ្ជាប់ ទំនាក់ទំនង​គមនាគមន៍ ធ្វើ​សមាហរណកម្ម​ត​ភ្ជាប់​ផ្ទៃក្នុង​ប្រទេស និង​ជាមួយ​តំបន់ រួមចំណែក​ដល់​ការ លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម វិនិយោគ ដំណាំ​កសិផល ក​សិ​-​ឧស្សាហកម្ម  និង ទេសចរណ៍​បាន​ឆាប់រហ័ស និង​ចំណាយ​តិច ជា​ពិសេស​ជាមួយ​ប្រទេស​ជិតខាង​។

ផ្លូវ​នេះ​លាតសន្ធឹង​កាត់​ខេត្តកោះកុង ពោធិ៍សាត់ រហូត​ដល់​ខេត្តបាត់ដំបង ផ្លូវ​នេះ​មិន​ត្រឹមតែ​ផ្តល់ អត្ថប្រយោជន៍​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​អាច​ជា​ផ្នែក​មួយ​ទាក់ទាញ​អ្នក​ទេសចរណ៍ ដែល​ចូល​ចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត អាច​គយគន់​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល ដោយសារ​ផ្លូវ​នេះ​មាន​តំបន់​ធម្មជាតិ ជា​ច្រើន ជា​ពិសេស​ព្រៃឈើ​ក្រាស់​ៗ​យ៉ាង​ស្រស់​ស្អាត​។

គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​១០ មាន​ប្រវែង​សរុប​ចំនួន​១៩៧,៣៣​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​សំឡូត​- វាល​វែង​-​អូរ​សោម ដល់​កោះកុង សាងសង់​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស​កម្រិត​៣​របស់​សាធារណរដ្ឋ​ប្រជាមានិត ចិន មាន​ទទឹង​តួ​ផ្លូវ​សរុប​ចំនួន​៩​ម៉ែត្រ ជា​ប្រភេទ​ផ្លូវ​កៅស៊ូ​ពីរ​ស្រទាប់ (DBST) សាងសង់​ស្ពាន ចំនួន​២៣ កន្លែង ប្រវែង​១៧២១,៤៦​ម៉ែត្រ​ដែល​ក្នុង​នោះ​មាន​ស្ពាន​ខ្ពស់​ជាងគេ​មួយ​ដែល​មាន​កម្ពស់​៧៥​ម៉ែត្រ បណ្តោយ​៥៣០​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ព្រមទាំង​មាន​បំពាក់​ផ្លា​ក​សញ្ញា​ចរាចរណ៍ គំនូស​ចរាចរណ៍ បង្គោលគីឡូម៉ែត្រ និង​បង្គោល​សុវត្ថិភាព​ផង​ដែរ​៕