ផ្លែ​មៀន​លើក​ដំបូងរបស់កម្ពុជានឹងនាំចេញ​ទៅ​កាន់​ទីផ្សារ​ចិន​នៅ​ខែ​វិច្ឆកា​

​ភ្នំពេញៈ ក្រុមហ៊ុនពេជ្រចិន្តា គ្រោង​នឹង​នាំ​ចេញផ្លែ​​មៀន​ប៉ៃលិន​ស្រស់​ ​​សាក​ល្បងជា​លើក​ដំបូង​ ក្នុង​បរិមាណ​​​ចន្លោះ​​​​ពី ២-៤​កុងតឺន័រ​ទៅ​​ប្រទេស​ចិន​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ ខណៈ​នៅ​​ពេល​នេះ​ក្រុមហ៊ុន​កំពុង​រៀបចំ​នីតិ​វិធី​មួយ​ចំនួន​ដើម្បី​នាំចេញ​។​​​

រដ្ឋាភិបាល​ចិន កាល​ពី​ខែ​កញ្ញា​ ឆ្នាំ២០២២ ​បានសម្រេច​​​អនុញ្ញាត​ឱ្យ​កម្ពុជា​​​​​នាំ​ចេញ​ផ្លែ​មៀន​របស់​ខ្លួន​ជា​ផ្លូវ​ការ​ទៅ​ទីផ្សារ​ចិន​​​។​ បណ្តាញ​សង្គម​ផ្លូវ​ការ​របស់​ស្ថាន​ទូត​ប្រទេស​ចិន​ប្រចាំ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០២២ បាន​សរសេរ​ថា ដំណាំ​មៀន​កម្ពុជា​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នាំ​ចេញ​ទៅកាន់ប្រទេសចិន ចាប់​ពី​ថ្ងៃ​ទី៧ ខែកញ្ញាដែល​មាន​ន័យ​ថា ​ដំណាំ​មៀន​កម្ពុជា​បាន​បញ្ចប់​នីតិវិធី​ទាំង​ស្រុង(ការ​ត្រួត​ពិនិត្យ​លើ​ទិដ្ឋភាព​ច្បាប់ គុណភាព និង​ភូតគាមអនាម័យCamGAP​) ​ក្នុង​ការ​នាំ​ចេញ​ទៅ​ប្រទេស​ចិន។

លោក ភក់ សុផាន់បូរី ​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន ពេជ្រចិន្តា ដែល​ជា​ក្រុមហ៊ុន​សម្អាត កែច្នៃ និង​វេចខ្ចប់​ផលិត​ផល​កសិកម្ម ដើម្បី​នាំ​ចេញ​ទៅទីផ្សារ​អន្តរជាតិ​ បាន​ឱ្យ​ដឹង​ថា នៅ​ពេល​​នេះ​​ក្រុម​ហ៊ុន​​របស់​លោក​កំពុង​ខិតខំ​ពន្លឿន​នីតិ​វិធីនាំ​ចេញ ពិ​សេស​ការ​ដឹក​ជញ្ជូន ដើម្បីនាំចេញ​ផ្លែមៀន​សាកល្បង​ទៅ​​ប្រទេស​ចិន នៅ​ខែ​ក្រោយ ដែល​អាច​នឹង​មាន​ចំនួនចន្លោះ​ពី​ ២-៤​ កុងតឺន័រ ដោយ​ក្នុង​១​កុងតឺន័រ មាន​ទម្ងន់​ប្រហែល ២៣​តោន​ ដូច្នេះ​អាច​ស្មើ​នឹង​ចន្លោះ​ពី​ជិតជិត ៥០​តោន ទៅ​៨០​តោន​។ លោក​បន្ត​ថា ជា​មួយ​គ្នា​នេះ​ក្រុមហ៊ុន​ក៏​កំពុងធ្វើ​ការ​​​ជាមួយ​​សហភាព​​​សហគមន៍​មៀន​កម្ពុជា(មាន​សមាជិក​ក្នុង​ខេត្ត​ប៉ៃលិន បាត់​ដំបង និង​បន្ទាយ​មាន​ជ័យ) និងប្រជាកសិករ​ផ្ទាល់​ផង​ដែរ ដោយ​ផ្តល់​តម្លៃ​ចាប់​ពី ៣ ០០០​រៀល​ក្នុង​១​គីឡូ​ក្រាម​ឡើង​ទៅ។​

លោក​បាន​បញ្ជាក់​ថា៖​«​ក្រុមហ៊ុន​ពេជ្រ​ចិន្តា​ នឹង​ក្លាយ​ជា​ក្រុមហ៊ុន​ក្នុង​ស្រុក ​ដែល​​​មាន​ម្ចាស់​ និង​បុគ្គលិក​​បម្រើ​ការ​​ជា​ជន​ជាតិ​ខ្មែរ​មុន​​គេ ​ដែល​នាំ​ចេញ​មៀន​ប៉ៃលិនស្រស់​​ទៅ​កាន់​ប្រទេស​ចិន ខណៈ​បច្ចុប្បន្ន​ក៏​មាន​ក្រុមហ៊ុន​ក្នុង​ស្រុក ឬ​ពី​ក្រៅ​ប្រទេស​(ចិន និង​ថៃ ជា​ដើម​) បាន​មក​​បើក​អាជីវកម្ម​នៅ​កម្ពុជា​ដើម្បី​នាំ​ចេញ​​​ទៅ​ប្រទេស​ចិន​ដែរ​​។ ការ​នាំ​ចេញនឹង​ធ្វើ​ជា​លើក​ដំបូង​ក្នុង​ខែ​វិច្ឆិកា ព្រោះ​វា​ជា​ពេល​ដែល​មៀនប៉ៃលិន​ផ្តល់​ផល​ច្រើន​​»។​​

លោក​បាន​ប្រាប់​ទៀត​ថា ​សម្រាប់​ការ​នាំ​ចេញ​ជា​ផ្លូវ​ការ​នឹង​ចាប់​ផ្តើម​នៅ​ពេល​ណា​នោះ គឺ​ក្រុមហ៊ុន​នៅ​មិន​អាច​កំណត់​​នៅ​ឡើយ​ទេ ព្រោះ​ដំណើរ​ការ​ចង្វាក់​ផលិត​កម្ម​មួយ​ចំនួន​នៅ​មិន​ទាន់​រួច​រាល់ទេ​ ព្រោះ​ត្រូវ​នៅ​រង់​ចាំ​ដក​ពិសោធន៍​ពី​ការ​នាំ​ចេញ​សាកល្បងនៅ​​ខែ​វិច្ឆិកា ជា​មុន​សិន​។​

ទាក់​ទង​នឹង​គុណភាព​ផ្លែមៀនកម្ពុជា លោក សុផាន់បូរី បាន​ប្រាប់​ថា ជា​ទូទៅ​មៀនកម្ពុជា​មាន​គុណភាព​ល្អ​ ខណៈ​​ការ​ដាំដុះ​មៀន គឺ​គេ​ត្រូវ​ការ​បច្ចេក​ទេស​ដាំដុះ​ និង​ការ​ថែទាំ​ច្រើន​ផង​ដែរ​ ដើម្បី​អាច​ទទួល​បាន​ផល​ខ្ពស់ និង​គុណភាព​កម្រិត​ស្តង់ដា។​

លោក​បាន​បញ្ជាក់​ថា៖​«​នៅ​ពេល​ឆាប់​ៗ​នេះ​ក្រុមហ៊ុន​នឹង​ចាប់​ផ្តើម​ធ្វើ​កិច្ច​សន្យា​ប្រមូល​ទិញ​ជាមួយ​នឹង​ប្រជាកសិករ​​សម្រាប់​បម្រើ​ឱ្យ​ការ​នាំ​ចេញ​ក្នុងបរិមាណ​ច្រើន​»។​

បើ​តាម​លោក សុផាន់បូរី ការ​ដឹក​ជញ្ជូន​ពី​កម្ពុជា​ទៅ​ចិន​អាច​ចំណាយ​ពេល​ប្រហែល ១០​ថ្ងៃ ហើយ​ប្រសិន​បើ​លើស​ពី​នេះ វា​អាច​នឹង​មាន​ផល​ប៉ះ​ពាល់ខ្លះ​​​សម្រាប់​គុណភាព​របស់​ផ្លែមៀន​។​

យោង​តាម​ស្ថិតិ​របស់​អគ្គ​នាយកដ្ឋាន​​កសិកម្ម ក្នុង​ឆ្នាំ​ ២០២១ កម្ពុជា​មាន​ផលិត​កម្ម​មៀន​ប៉ៃលិន ប្រមាណ​ជាង ១,៨ ​ម៉ឺន​ហិកតា ដោយ​បច្ចុប្បន្ន​អាច​ប្រមូល​ផល​បាន​ប្រមាណ​ជាង ១៣១ ​ពាន់​តោន​ ក្នុង ​១ ​ឆ្នាំ៕