ផ្សារមូលបត្រកម្ពុជាជាជម្រើសថ្មីនៃប្រភពទុនរបស់ SME

ភ្នំពេញ៖ ប្រធាននិយ័តករមូលបត្រកម្ពុជាបានលើកទឹកចិត្តដល់សហគ្រាសធុនតូចនិងមធ្យម(SME) នៅកម្ពុជា​ធ្វើការពិចារណាបោះផ្សាយមូលបត្រកម្មសិទ្ធនៅលើផ្សារមូលបត្រកម្ពុជាដែលជាជម្រើសហិរញ្ញប្បទានថ្មីរយះពេលវែងដើម្បីប្រមូលទុនយកទៅធ្វើការពង្រីកអាជីវកម្មរបស់ខ្លួន។​

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ​និយ័តករ​មូលបត្រកម្ពុជា (ន.ម.ក.) បានថ្លែងនៅក្នុងសិក្ខាសាលា ស្តីពី ជម្រើសហិរញ្ញប្បទានសម្រាប់​សហ​គ្រាស​ធុន​តូច និងមធ្យមនៅកម្ពុជា នៅថ្ងៃ​ទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ថា វិស័យ SME តែងតែមាន​បញ្ហា​ប្រឈមជាច្រើន ហើយបញ្ហាដែលចម្បងជាងគេនោះគឹកង្វះទុនដើម្បីយកទៅពង្រីកអាជីវកម្មរបស់ខ្លួន។ លោកថា ផ្សារមូលបត្រ​គឺជាជម្រើសមួយដ៏សក្តិសមដែលអនុញ្ញាតដល់ SME អាចធ្វើការគៀងគរទុន​ប្រកបដោយនិរន្តភាព។​

លោកបានបញ្ជាក់ថា ៖« ជាមួយនិងការបោះផ្សាយលក់មូលបត្រជាសាធារណៈគឺនឹងផ្តល់អត្ថប្រយោជន៍​ជាច្រើន​ដល់ SMEs ដែលមិនត្រឹមតែជាប្រភពទុនថ្មីមិនចេះរីងស្ងួតប៉ុណ្ណោះទេ ប៉ុន្តែជាមួយនិងការចុះបញ្ជីនៅលើផ្សារ​មូលបត្រកម្ពុជាក៏ជួយកសាងកេរ្តិ៍ឈ្មោះ និងជួយពង្រឹងអភិបាលកិច្ចដល់ក្រុមហ៊ុនទៀតផង។ »។

លោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងដែរថាបច្ចុប្បន្ន លោកបានចុះបញ្ជីក្រុមហ៊ុន Telcotech ដែលជា​ក្រុមហ៊ុនមួយ​ក្នុងចំណោម​ក្រុមហ៊ុន​ជាច្រើន របស់ Royal Group  ដោយបានបោះផ្សាយមូលបត្របំណុល 20 លានដុល្លារ ជាមួយនឹង​ការធានាពី  Credit Guarantee and Investment Facility(CGIF)  ក្នុងអត្រាប័ណ្ណគឺ 4.5% ក្នុងមួយឆ្នាំ ហើយមានកាលកំណត់គឺ 5 ឆ្នាំ។

លោកបន្ថែមថា៖« តាំងនាមសភាពាណិជ្ជកម្មកម្ពុជា ខ្ញុំសូមលើកទឹកចិត្តអ្នកទាំងអស់​គ្នាឱ្យពិចារណារ​ប្រមូល​​ទុន​ស​ប្រាក់​តាមរយៈទីផ្សារមូលធន ទោះជាមានឧបសគ្គមួយចំនួនដែលត្រូវដោះស្រាយមែន  ប៉ុន្តែកុំបារម្ភ ព្រោះយើងមាននិយតករមូលបត្របានគាំទ្រខ្លាំង លើការងារននេះ ហើយទីផ្សារមូលធន​គឺជាកន្លែង​ដ៏ល្អ​មួយ​សម្រាប់ដាក់ប្រាក់របស់អ្នក ជាពិសេសការវិនិយោគរយៈពេលវែង»៕