ពន្ធដារអំពាវនាវដល់អ្នកជាប់ពន្ធអនិវាសនជនត្រូវចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ(GDT) បានចេញសេចក្តីជូនដំណឹង ស្តីពីការរំលឹកអំពី កាតព្វកិច្ច ចុះបញ្ជីអាករ លើតម្លៃបន្ថែមសាមញ្ញា របស់អ្នកជាប់ពន្ធអនិវាសនជន។

សេចក្ដីជូនដំណឹង អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា ផ្អែកតាមសេចក្តីជូនដំណឹងលេខ ៧៧៦ អពដ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារបានធ្វើការពន្យារពេលកាលបរិច្ឆេទដាក់ឲ្យ​អនុវត្តប្រកាសលេខ ៥៤២ សហវ.ប្រក ចុះថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីវិធាន និងនីតិវិធីនៃ​ការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដោយនឹងត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ។

បច្ចុប្បន្ននេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានសហគ្រាសដែលជាអ្នកជាប់ពន្ធអនិវាសនជនមួយ​ចំនួនបានមកបំពេញកាតព្វកិច្ច ចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ (Simplified VAT Registration) រួចរាល់ហើយ ប៉ុន្តែនៅមានសហគ្រាសមួយចំនួនទៀត មិនទាន់បានមកបំពេញកាតព្វកិច្ចចុះបញ្ជីនៅឡើយ។

សេចក្តីជូនដំណឹងនេះបញ្ជាក់ថា៖«អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការក្រើនរំលឹកដល់អ្នកជាប់ពន្ធអនិវាសនជន ដែលធ្វើការផ្គត់ផ្គង់​ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មភាពពាណិជ្ជកម្មតាម​ប្រព័ន្ធអេឡិចត្រូនិកចូលមកព្រះរាជាណាចក្រកម្ពុជាទាំងអស់មេត្តារួសរាន់មកធ្វើការចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ (Simplified VAT Registration) ឲ្យបានរួចរាល់ស្រេចបាច់មុនថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២»។

អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថាក្នុងករណីដែលអ្នកជាប់ពន្ធអនិវាសនជន មិនបានចុះបញ្ជី ឬមិនបាន​ដាក់លិខិត ប្រកាសពន្ធ និងបង់ប្រាក់អាករលើតម្លៃបន្ថែម ជូនរដ្ឋបាលសារពើពន្ធ ឲ្យបានទាន់ពេលវេលា​ដែលច្បាប់កំណត់ត្រូវរងទោសទណ្ឌ ដូចមានចែងក្នុងច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន៕