ពន្លាជាតិរបស់កម្ពុជានៅទីក្រុងឌុយបៃ​​ទទួលបានការគាំទ្រយ៉ាងខ្លាំងពីភ្ញៀវអន្តរជាតិ

ឌុយបៃ សហភាពអារ៉ាប់រួម៖ កាលពីព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអម​នាយក​រដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំ​គណៈប្រតិភូ​អារ៉ាប់ ចូលរួមគាំទ្រ និងទស្សនាពន្លាជាតិកម្ពុជា ដែលកំពុងតាំងបង្ហាញ​នៅក្នុងព្រឹត្តិការណ៍​ពិព័រណ៍ពិភពលោក Expo 2020 Dubai នៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម។

ក្នុងឱកាសនោះ លោក អ៊ុច បូររិបានកោតសរសើរចំពោះការរៀបចំពន្លាជាតិកម្ពុជាដែលមានការទាក់ទាញបំផុត និងអះអាងប្រាប់គណៈកម្មការរៀបចំពិព័រណ៍ពិភពលោក និងគណៈប្រតិភូសហភាពអារ៉ាប់រួម ក្នុងន័យថា “ពន្លាជាតិកម្ពុជាតូចមែន តែខ្លឹម”។

ក្នុងការឆ្លើយតបជាមួយការលើកឡើង ក៏ដូចជាការទទូចស្នើសុំរបស់គណៈកម្មការៀបចំពិព័រណ៍ពិភពលោក ឯកឧត្តមរដ្ឋមន្រ្តី បានសន្យាថានឹងជួយជំរុញនូវការបញ្ជូនបញ្ជីឈ្មោះរបស់គណៈប្រតិភូអមលោកនាយករដ្ឋមន្រ្តី ឱ្យបានឆាប់ជូនទៅគណៈកម្មការពិព័រណ៍ពិភពលោក ដើម្បីត្រៀមរៀបចំ និងសម្របសម្រួលការចូលរួមពិធីប្រារព្ធ​ទិវាជាតិកម្ពុជា នាខែមករា ឆ្នាំ២០២២ខាងមុខ។

ក្នុងការចូលរួមគាំទ្រ និងលើកស្ទួយផលិតផលកសិកម្មខ្មែរ លោក អ៊ុច បូររិបានទិញម្រេចកំពតចំនួន ៨ដប សម្រាប់ជាកាដូអនុស្សាវរីយជូនគណៈកម្មការពិព័រណ៍ពិភពលោក និងគណៈប្រតិភូសហភាពអារ៉ាប់រួម មុននឹងចាកចេញទៅទស្សនាពន្លាជាតិដទៃទៀត៕