ព្រលានយន្តហោះអន្តរជាតិតារាសាគរនឹងដាក់ដំណើការសាកល្បងឆាប់ៗ

ភ្នំពេញ៖ក្រុមហ៊ុនទទួលបន្ទុកស្ថាបនាអាកាស​យានដ្ឋានអន្តរជាតិតារាសាគរ នៃខេត្តកោះកុងបានប្រកាសពីផែនការនៃការបើកដំណើការ​ហោះហើរ​សាកល្បងលើកដំបូងនៅចុងខែមករាឬដើមខែកុម្ភះខាងមុខនេះ។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួមជាមួយតំណាងរបស់ក្រុមហ៊ុនសាងសង់​ព្រលាន​យន្តហោះតារាសាគរកាលពិថ្ងៃទី៣០ ខែតុលា។ តំណាងក្រុមហ៊ុនបានថ្លែងថា ការស្ថាបនា​អាកាស​យានដ្ឋានអន្តរជាតិតារាសាគរ នៃខេត្តកោះកុងបានឱ្យដឹងថា ដំណើរការ សាងសង់អាកាស​យាន​ដ្ឋានសម្រេចបាន៩៥%ហើយ គិតត្រឹមថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២១ នេះ។​ 

«តាមផែនការគ្រោងនឹងប្រតិបត្តិការហោះហើរសាកល្បងលើកដំបូងនាខែចុងខែមករា ឬដើមខែកុម្ភៈ ឆ្នាំ ២០២២ ខាងមុខ» នេះបើយោងតាមការថ្លែងអះអាងរបស់ក្រុមហ៊ុនដែលត្រូវបានទូរទស្សន៍ក្នុងស្រុក BTV ដកស្រង់សម្តី។

លោក​ ថោង  ខុន បានសំណូមឱ្យក្រុមហ៊ុន សាងសង់ ពន្លឿនការការងាររបស់ខ្លួន ដើម្បីឆាប់បាន​បម្រើ​សេវាកម្មដឹកភ្ញៀវទេសចរមកកម្សាន្ត នៅតំបន់ តារាសាគរនៃខេត្តកោះកុង ដែលជាទីតាំងទេសចរ​វ៉ាក់សាំងដែលរាជរដ្ឋាភិបាលបានរៀបចំ។

អាកាសយានដ្ឋានអន្តរជាតិតារាសាគរលាតសន្ធឹងលើផ្ទៃដីទំហំ ៤.៥ ហិកតា ស្ថិតក្នុងភូមិសាស្រ្ត ស្រុកបុទុមសាគរ ខេត្តកោះកុង ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនចិន Tianjin Union Development Group (UDG) ជាមួយទុនវិនិយោគ ៣៥០ លានដុល្លារ។ អាកាសយានដ្ឋាននេះ អាចផ្តល់សេវាកម្មដឹកអ្នកដំណើរតាមយន្តហោះ ប្រភេទBoeing-777 និង  Airbus A-340។

តាម​ផែនការ​កម្ពុជា នឹង​បើក​ទទួល​ភ្ញៀវទេសចរអន្តរជាតិ នៅ​ក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង​ចាប់ពីថ្ងៃទី ៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២១ តទៅ ដោយ​ចាប់​ផ្តើម​ដំបូង​នៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និង តំបន់តារាសាគរនៃខេត្តកោះកុង មុន​នឹង​ឈាន​ទៅ​​ខេត្តសៀមរាប​ក្នុងខែ មករា ឆ្នាំ ២០២២៕