ភ្ញៀវជិត៤លាន៦សែននាក់ចេញដើរកម្សាន្តទូទាំងប្រទេសអំឡុងបុណ្យចូលឆ្នាំថ្មី៣ថ្ងៃ

 

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានបញ្ជាក់ថា នាឱកាសពិធីបុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបាន​ភ្ញៀវទេសចរ​សរុបចំនួន៤,៥៩០,៣២៦នាក់ ក្នុងនោះភ្ញៀវជាតិ៤,៥៦១,៤៧៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង​២៨,៨៤៩នាក់។

 

ក្នុងនោះតួលេខប្រចាំថ្ងៃ រួមមាន៖  ថ្ងៃទី១៖ ភ្ញៀវមានចំនួន៨៦២,៨៩៧នាក់; ថ្ងៃទី២៖ ភ្ញៀវមាន​ចំនួន​១,៥៧៩,២៥១នាក់ និង  ថ្ងៃទី៣៖ ភ្ញៀវមានចំនួន២,១៤៨,១៧៨នាក់។

គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៣ថ្ងៃនេះ រួមមាន៖​ ខេត្តបាត់ដំបង ៥៦៥,៦១៨នាក់; ខេត្តកំពង់ចាម ៥១៤,៤៤៧នាក់; ខេត្តសៀមរាប ៤០០,៥៩១នាក់; ខេត្តបន្ទាយមានជ័យ ៣៨៨,២៧៣នាក់; ខេត្តព្រៃវែង ៣៨២,៨៦៧នាក់; ខេត្តកំពង់ស្ពឺ ៣៣១,៨០៩នាក់; ខេត្តពោធិ៍សាត់ ២៩៨,០៣៧នាក់; ខេត្តកំពង់ឆ្នាំង ២៧៥,៤០០នាក់ ; ខេត្តកំពត ២៥៤,២៧០នាក់; ខេត្តព្រះសីហនុ ២៣២,២៦៤នាក់ ;រាជធានីភ្នំពេញ ២២២,២២០នាក់។

លោក ថោង ខុន បានបន្តថា ចរន្តភ្ញៀវនាថ្ងៃចូលឆ្នាំប្រពៃណីជាតិថ្ងៃទី៣នេះនៅបន្តមានភាពផុសផល និងកុះករកាន់តែច្រើនធៀបនឹងថ្ងៃទី២ម្សិលម៉ិញ។ ជាក់ស្តែង តួលេខថ្ងៃទី៣នេះបន្តកើនឡើងរហូតដល់ប្រមាណ ៣៦.០២% ធៀបនឹងថ្ងៃទី២។

លោកបានថ្លែងថា សរុបថ្ងៃទី១ និងទី២ ចរន្តភ្ញៀវនាពេលចូលឆ្នាំនេះមានចំនួនច្រើនជាងឆ្នាំ២០១៩ដែល​មិនទាន់​មានជំងឺកូវីដ ប៉ុន្តែសម្រាប់ថ្ងៃទី៣នេះ ដោយសារមានភ្លៀងធ្លាក់ពីតិចទៅច្រើននៅគ្រប់​ខេត្តធ្វើឲ្យភ្ញៀវមានចំនួនតិចជាងឆ្នាំ២០១៩។ ដូច្នេះសរុបរយៈពេល៣ថ្ងៃនៃថ្ងៃចូលឆ្នាំប្រពៃណីជាតិ ឆ្នាំខាល ពុទ្ធសករាជ២៥៦៥ ( ជិតឈានចូល២៥៦៦) មហាសករាជ១៩៤៤ ចុល្លសករាជ១៣៨៤នេះ មានភ្ញៀវប្រហាក់ប្រហែលនឹង៣ថ្ងៃនៃថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរកាលពីឆ្នាំ២០១៩ (ដែលមានចំនួនប្រមាណ៤,៧២៦,៦០២នាក់)។

លោកបានបន្តទៀតថា បណ្តាខេត្តដែលមានរៀបចំព្រឹត្តិការណ៍សង្រ្កាន្ត កម្មវិធីកម្សាន្តសប្បាយទាំងពេលថ្ងៃ និងពេលយប់ និងគោលដៅទេសចរណ៍ទាំងអស់បានបើកដំណើរការច្រើន ទទួលភ្ញៀវទេសចរយ៉ាង​ច្រើនកុះករដូចបានរៀបរាប់ខាងលើ។

បើតាមលោក ថោង ខុន តួលេខខាងលើមិនបានរាប់បញ្ចូលប្រជាពលរដ្ឋដែលទៅជួបជុំ​ទទួលអាហារ​ជាលក្ខណៈក្រុមគ្រួសារនៅតាមអាហារដ្ឋាន និងកន្លែងដែលមានរៀបចំជាខ្យុស (Kiosque) អង្គុយលេង​ញ៉ាំអាហារ និងចំនួនប្រជាពលរដ្ឋជាច្រើនផ្សេងទៀត ដែលបានរៀបចំជាកម្មវិធីជួបជុំនៅរាំលេងកម្សាន្ត ជះទឹក លាបម្សៅតាមគេហដ្ឋាន និងតាមភូមិស្រុកផងដែរ។

ទោះបីចរន្តភ្ញៀវមានភាពកកកុញយ៉ាងណាក៏ដោយ ប៉ុន្តែកម្លាំងមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ និងគណៈបញ្ជា​ការ​ឯកភាពរាជធានីខេត្ត រួមជាមួយកម្លាំងប្រជាការពារនៅតាម​ភូមិឃុំបានខិតខំប្រឹងប្រែងមិនខ្លាច​នឿយហត់ក្នុង​ការធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធា្នប់ និងចរាចរណ៍ទាំងនៅតាមផ្លូវជាតិ ទីប្រជុំជនក្នុងទីរួមខេត្ត កន្លែង​ប្រារព្ធ​កម្មវិធីសង្រ្កាន្ត រួមទាំងគោលដៅទេសចរណ៍នានា ទោះបីប្រឈមនឹងអាកាសធាតុក្តៅ និងហាលភ្លៀង​ពេលខ្លះក៏ដោយ។

មន្ទីរទេសចរណ៍សហការជាមួយមន្ទីរជំនាញនៃរដ្ឋបាលរាជធានីខេត្តបានចាត់តាំងក្រុមការងារចុះប្រចាំការនៅតាមគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីគ្រប់គ្រងចរន្តភ្ញៀវ ការពង្រឹងការអនុវត្តវិធានសុវត្ថិភាព និង SOP ក្នុងការ​ទប់ស្កាត់​ការរាលដាលជំងឺកូវីដ-១៩ និងបញ្ចៀសការលក់ឡើងថ្លៃហួសហេតុ និងបញ្ហាបរិស្ថានអនាម័យជាដើម ដែលក្នុងរយៈពេល៣ថ្ងៃនេះហាក់មិនមានបាតុភាពធំដុំណាមួយកើតឡើងទេ។

ជារួម ក្រោមម្លប់នៃសន្តិភាព និងសន្តិសុខពេញលេញលើផ្ទៃប្រទេស និងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ​ផ្នែកហេដ្ឋារចនាសម្ពន និងភាពជឿជាក់លើប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងបានធ្វើឲ្យប្រជាពលរដ្ឋ​មានឱកាស​ដើរកម្សាន្តនៅគ្រប់គោលដៅទេសចរណ៍ទូទាំងប្រទេសនាឱកាស ពិធីបុណ្យចូលឆ្នាំថ្មីនេះ បើទោះបីតំបន់ខ្លះ​ស្ថិតនៅដាច់ស្រយាល ឬនៅឆ្ងាយពីទីប្រជុំជនក្នុងបរិបទដែលពិភពលោកនៅបន្តប្រឈមនឹងជំងឺកូវីដ-១៩នៅឡើយ៕