រដ្ឋក្រើនរំលឹកដល់ពលរដ្ឋលើកាតព្វកិច្ចពន្ធលើអចលនទ្រព្យ

ភ្នំពេញ៖ ពន្ធដារ ក្រើនរំលឹក​ដល់ ម្ចាស់​អចលនទ្រព្យ​ទាំង ដែល​ស្ថិត នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​ទាំងអស់​បំពេញ​កាតព្វកិច្ច​ប្រកាស​បង់ពន្ធ​លើ​អចលនទ្រព្យ និង​ឬ ពន្ធ​លើដី​ធ្លី​មិនបាន​ប្រើប្រាស់ សម្រាប់​ឆ្នាំ២០២២ ឱ្យបាន​មុន​ថ្ងៃ៣០ខែកញ្ញា ឆ្នាំ២០២២ ចៀសវាង​ការរង​នូវ​ទោសទណ្ឌ​តាមផ្លូវ​ច្បាប់។

អគ្គនាយកដ្ឋាន​ពន្ធដា​រ កាល​ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២២ បានចេញ​សេចក្តីជូនដំណឹង​ស្តី ការ​រំលឹក​ការប្រកាស​បង់ពន្ធ​លើ​អចលនទ្រព្យ និង​ឬ ពន្ធ​លើដី​ធ្លី​មិនបាន​ប្រើប្រាស់ សម្រាប់​ឆ្នាំ២០២២ ដោយសារតែ​ខាង​ពន្ធដារ​សង្កេតឃើញថា  រហូតមកទល់​ពេលនេះ មាន​ម្ចាស់​អចលនទ្រព្យ​មួយចំនួន​នៅ​មិនទាន់ បាន​បំពេញ​កាតព្វកិច្ច​ប្រកាស​បង់ពន្ធ​ប្រភេទ​ទាំងនេះ​នៅឡើយ។ ដូចនេះ ដើម្បី​ជំរុញ​ការប្រមូល​ពន្ធ​លើ​អចលនទ្រព្យ និង ឬ ពន្ធ​លើដី​ធ្លី​មិនបាន​ប្រើប្រាស់ សម្រាប់​ឆ្នាំ២០២២នេះ បាន​អស់​លទ្ធភាព​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ចៀសវាង​បាន​នូវ​ការ កកស្ទះ ការ​ប្រជ្រៀត​គ្នា​មក​ប្រកាស​បង់ពន្ធ​នៅ​ថ្ងៃ​ជិត​ផុតកំណត់ ដែល​អាច​នាំឱ្យមាន​បាតុភាព​អសកម្ម​ដោយ​ប្រការ​ណាមួយ អគ្គនាយកដ្ឋាន​ពន្ធដា​រ​សូម​ក្រើនរំលឹក​ដល់​ម្ចាស់​អចលនទ្រព្យ​ទាំងអស់ ដែល​មិនទាន់បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ ត្រូវ​រួសរាន់​មក​ប្រកាស​បង់ពន្ធ​ឱ្យបាន​ទាន់ពេលវេលា​ត្រឹម​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ឬ សាខា​ពន្ធដារ​ខេត្ត-ខណ្ឌ​ដែល​អចលនទ្រព្យ​ស្ថិតនៅ ឬ​នៅ​គ្រប់​សាខា​ធនាគារ ។ចំពោះ​ការខកខាន​មិនបាន​ដាក់​លិខិត​ប្រកាស​បង់ពន្ធ​ទាន់ពេលវេលា​កំណត់​ខាងលើ​ម្ចាស់​អចលនទ្រព្យ​នឹង ត្រូវ​រង​នូវ​ទោសទណ្ឌ តាមច្បាប់​ជា​ធរមាន។

យោងតាម​របាយការណ៍​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ឲ្យ​ដឹងថា នៅក្នុង​រយៈពេល ៥ខែ ឆ្នាំ២០២២ ចំណូល​ពន្ធ-អាករ ដែល ពន្ធដារ​ប្រមូលបាន មាន​ចំនួន ប្រមាណ​ជា ១ ៧២៦,៩៣ លាន​ដុល្លារ កើនឡើង២៧,៩៥ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០២១ ៕