រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា និង អេមីរ៉ាតអារ៉ាប់រួម ពិភាក្សា អំពីការត្រៀមចុះហត្ថលេខា​លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ​

ភ្នំពេញ៖ នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តមបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិ​អេមីរ៉ាតអារ៉ាប់រួម បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពិនិត្យលើលទ្ធភាព​ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យ​ពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែប្រសើរឡើងថែមទៀត។

កិច្ចពិភាក្សាការងារនេះ ក៏មានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់ ធុរជន និងវិនិយោគិន នៃប្រទេសទាំងពីរ ជាច្រើនរូប ផងដែរ។​ នៅក្នុងជំនួបនេះ ភាគី​ទាំងពីរ​បានសម្តែង​នូវក្តី​សោមនស្សរីករាយ ដែលដំណើរការចរចាបង្កើតកិច្ចព្រមព្រៀងភាពជា​ដៃគូសេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE, Comprehensive Economic Partnership Agreement – CEPA) បានឈានដល់ពិធីចុះហត្ថលេខា ដែលនឹង​ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

ស្របតាមស្មារតីនេះ ភាគីទាំងពីរបានឯកភាពជំរុញការផ្តល់សច្ចាប័ន្នលើកិច្ចព្រមព្រៀង​នេះ ដើម្បីវិនិយោគិន ធុរជន ផលិតករ ពាណិជ្ជករ ក៏ដូចជាអ្នកប្រើប្រាស់នៃភាគីទាំងពីរ អាចច្បាមយកអត្ថប្រយោជន៍សេដ្ឋកិច្ច និងកាលានុវត្តភាពធុរកិច្ចនិងវិនិយោគ ដែល​កិច្ចព្រមព្រៀង​នេះនឹងផ្តល់ឱ្យនាពេលខាងមុខ។

ជាមួយគ្នានេះ វិនិយោគិន និងធុរជនអេមីរ៉ាតអារ៉ាប់រួម ដែលមកពីវិស័យថាមពល កសិកម្ម កំពង់ផែ ភស្តុភារ ការដឹកជញ្ជូន និងក្រុមប្រឹក្សាវិនិយោគ ក៏បានធ្វើការណែនាំខ្លួន​ជូនដល់​កិច្ចប្រជុំ និងជម្រាបជូនអំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការតាមវិស័យរបស់ខ្លួន ដែល​អាច​ធ្វើកិច្ចសហប្រតិបត្តិការបានជាមួយវិនិយោគិន និងធុរជនកម្ពុជា នាពេលខាងមុខ។

នៅកិច្ចបញ្ចប់នៃជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីនៃប្រទេសទាំងពីរ បានអញ្ជើញចូលរួមក្នុង​សន្និសិទព័ត៌មាន ដើម្បីផ្សព្វផ្សាយជាថ្មីម្តងទៀតជូនសាធារណជន អំពីអត្ថប្រយោជន៍ ដែលរំពឹងថាអាចទទួលបានពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CEPA) ជាពិសេសនៅពេលដែលកិច្ចព្រមព្រៀង​នេះចូល​ជាធរ​មាននាពេលខាងមុខ៕