រដ្ឋអំពាវនាវ​ឱ្យ​អ្នក​នៅក្នុង​វិស័យ​ផលិតកម្ម​មៀនដាក់​ពាក្យ​ស្នើ​សុំ​​​ដើម្បី​​អាច​​នាំចេញ​ផ្លែ​មៀន​ស្រស់​ទៅ​ទីផ្សារ​ប្រទេស​ចិន

ភ្នំពេញៈ ក្រសួង​កសិកម្ម​ បាន​អំពាវនាវ​ឱ្យ​អ្នក​នៅក្នុង​វិស័យ​ផលិតកម្ម​មៀន និង​ផ្នែក​ឯកជន​ពាក់ព័ន្ធ រួសរាន់​ទៅ​ដាក់​ពាក្យ​ស្នើ​សុំ​ចុះ​បញ្ជី​ចម្ការ និង​រោងចក្រ​វេច​ខ្ចប់​ឱ្យ​បាន​ឆាប់​រហ័ស ដើម្បី​អាច​នាំចេញ​ផ្លែ​មៀន​ស្រស់​ទៅ​ទីផ្សារ​ប្រទេស​ចិន ក្រោយ​ពិធី​សារ​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​បាន​ចូល​ជា​ធរមាន។

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​២៥ ខែ​មីនា បាន​ឱ្យ​ដឹង​ថា ពិធីសារ​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការ​នាំ​ចេញ​ផ្លែ​មៀន​ស្រស់​កម្ពុជា​ទៅ​ប្រទេស​ចិន ត្រូវ​បាន​ចូល​ជា​ធរមាន កាល​ពី​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ២០២២ កន្លង​ទៅ​ថ្មីៗ​នេះ។ ហេតុ​ដូច​នេះ ទើប​ក្រសួង អំពាវនាវ​ដល់​ម្ចាស់​ចម្ការ មៀន​ប៉ៃលិន សហគមន៍​កសិកម្ម​មៀ​ន​ប៉ៃលិន និង​ផ្នែក​ឯកជន​ពាក់ព័ន្ធ​រួសរាន់​មក​ដាក់​ពាក្យ​ស្នើសុំ​ចុះ​បញ្ជី​ចម្ការ និង​រោង​ចក្រ​វេច​ខ្ចប់​ឱ្យ​បាន​ឆាប់​រហ័ស​នៅ​អគ្គ​នាយក​ដ្ឋាន​កសិកម្ម នៃ​ក្រសួង​កសិកម្ម។

លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គ​នាយក​ដ្ឋាន​កសិកម្ម នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន ស្តីពី «លក្ខខណ្ឌ​គុណ​ភាព​ឆ្លើយ​តប និង​ការ​នាំ​ចេញ​កសិផល ទាក់​ទង​នឹង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា​-​កូរ៉េ និង​ចិន» កាលពី​ថ្ងៃទី១៨ ខែ​មីនា ឆ្នាំ​២០២២​ នេះ ធ្លាប់​បាន​លើក​ឡើង​ថា ការ​ចរចា​ជាមួយ​ភាគី​ចិន មាន​ចំនួន ៧​ដំណាក់​កាល ដោយ​បច្ចុប្បន្ន បាន​ឈាន​ចូល​ដល់​ដំណាក់​កាល​ទី៦ ហើយ ។ដូច​នេះ នៅសល់​មួយ​ដំណាក់​កាល​ទៀត កម្ពុជា​អាច​នាំចេញ​មៀន​ប៉ៃលិន​ទៅ​ចិន​បាន​ហើយ។

លោក​បាន​បញ្ជាក់​ថា ក្រសួង​កំពុង​តែ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ពិនិត្យ​ឡើង​វិញ ចំពោះ​ចម្ការ​មៀន រោងចក្រ​វេច​ខ្ចប់ និង​សម្លាប់​សមាសធាតុ​ចង្រៃ ដែល​បាន​ដាក់​ស្នើសុំ​ទៅ​ភាគី​ចិន ដើម្បីឱ្យ​អនុវត្ត​ទៅតាម​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​ពិធី​សារ ទើប​អាច​នាំចេញ​ទៅបាន។

បើតាម​ក្រសួងកសិកម្ម បច្ចុប្បន្ន​ការដាំ​មៀន​ប៉ៃលិន​កំពុង​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ដោយ​មាន​ផ្ទៃដី​ដាំ​ជាង ១៣ ៦០៨ ហិកតា​នៅ​ទូទាំង​ប្រទេស ហើយ​ភាគ​ច្រើន​ដាំ​នៅ​ខេត្ត​បាត់ដំបង ប៉ៃលិន និង​បន្ទាយមានជ័យ។ មៀន​ប៉ៃលិន​នេះ​ផ្តល់​ផល​ជា​មធ្យម​ពី ៧-៣០ តោន​ក្នុង ១ ហិកតា​អាស្រ័យ​លើ​ការថែទាំ។កន្លង​ទៅ ផ្លែ​មៀន​របស់​កម្ពុជា ត្រូវបាន​នាំចេញ​ទៅ​ចិន​បាន តាម​រយៈ ក្រុមហ៊ុន​របស់​ប្រទេស​ថៃ​តែប៉ុណ្ណោះ ដោយសា​រតែ​បញ្ហា​លក្ខខណ្ឌ​ភូតគាម​អនាម័យ ធ្វើ​ឱ្យ​កម្ពុជា មិន​អាច​នាំ​ចេញ​មៀន​ទៅ​ចិន​ដោយផ្ទាល់​បាន៕