រដ្ឋាភិបាល​បង្កើត​ផ្សារ​អន​ឡាញ​ដើម្បី​ជួយ​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងស្រុក​

​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម ប្រកាស​ឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម ចុះឈ្មោះ​ជាមុន​ចូលក្នុង​ផ្សារ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (CambodiaTrade) ដែល​ក្រសួង និង​ស្ថាប័ន​ដៃគូ​នានា​ទើប​បង្កើតឡើង​ក្នុង​គោលបំណង​ជួយ​ពួកគេ​អាច​តាំង​លក់​ផលិតផល​នានា​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក​។

​បើតាម​ក្រសួងពាណិជ្ជកម្ម​បានប្រកាស​នៅ​ថ្ងៃទី​៩ ខែមិថុនា​នេះ បាន​បាន​បញ្ជាក់ថា CambodiaTrade គឺជា​ផ្សារ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (e-commerce marketplace) ដែល​ប្រតិបត្តិការ​តាមរយៈ​គេហទំព័រ CambodiaTrade.com ក្រោម​ការគ្រប់គ្រង​រប​ស់​ក្រសួងពាណិជ្ជកម្ម​។​

​ក្រសួង​ថា​៖«​ការបង្កើត​ផ្សារ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ចនេះ គឺ​ក្នុង​គោលបំណង​ជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ក្នុង​ការលក់​ផលិតផល​តាម​ប្រព័ន្ធ​អន​ឡាញ​ដល់​អតិថិជន​សក្តានុពល​ទាំង​ក្នុងស្រុក និង​ទីផ្សារ​ក្រៅ​ស្រុក​។

​គួសបញ្ជាក់​ថា ផ្សារ​នេះ ត្រូវបាន​បង្កើតឡើង​ដោយមាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​កម្មវិធី​ពង្រឹង​ក្របខណ្ឌ​សមាហរណកម្ម (Enhanced Integrated Framework) ក្រោម​គម្រោង​អភិវឌ្ឍ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​កម្ពុជា (Go4eCAM) ដែលមាន​គោលបំណង​សំខាន់​ក្នុង​ការជំរុញ​ឱ្យទទួល​បាន​អត្ថប្រយោជន៍​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​។​

​សម្រាប់​ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម​ដែលមាន​បំណង​ចង់​លក់​ផលិតផល​នៅលើ​ទីផ្សា ត្រូវ បំពេញ​តាម​លក្ខន្តិកៈ​បីយ៉ាង​ដូចជា​៖ ទី​១. ជា​ក្រុមហ៊ុន ឬ​សហគ្រាស​ដែល​បាន​ចុះឈ្មោះ​ជា​ផ្លូវការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម ឬ​មាន​លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម​; ២. មាន​វិញ្ញាបនបត្រ​ពន្ធ​ប៉ាតង់ (Patent Certificate) និង​លេខ​អត្តសញ្ញាណ​សារពើពន្ធ (VAT Certificate) ដែលមាន​សុពលភាព និង ទី​៣. លក់​ផលិតផល​ដែល​ផលិត​នៅក្នុង​ប្រទេស​កម្ពុជា​៕

Leave a Reply

Your email address will not be published. Required fields are marked *