រដ្ឋាភិបាលសម្រេច​លើក​ចេញ​នូវ​បម្រាម​នាំ​ចូល​សាច់​បង្កក និង​មុខ​ទំនិញ​បង្កកនាំចូលពីឥណ្ឌា

ភ្នំពេញៈ កម្ពុជា​បាន​សម្រេច​លើក​ចេញ​នូវ​បម្រាម​នាំ​ចូល​សាច់​បង្កក និង​មុខ​ទំនិញ​បង្កក​ដែល​អាច​មាន​ហានិភ័យ​ផ្សេង​ទៀត​មាន​ប្រភព​មក​ពី​ប្រទេស​ឥណ្ឌា បន្ទាប់​ពី​បាន​ពិនិត្យ​ឃើញ​ថា ស្ថានភាព​នាំ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ នៅ​ប្រទេស​ឥណ្ឌា​មាន​ភាព​ធូរ​ស្រាល និង​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​លើ​សាច់​បង្កក​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា​កន្លង​មក គឺ​អវិជ្ជមាន​មេរោគ​កូវីដ​១៩ ទាំង​អស់។

លិខិត​របស់​អគ្គ​នាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឱ្យ​ដឹង​ថា យោង​តាម​ស្ថានភាព​ធូរ​ស្រាល​នៃ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩ នៅ​ប្រទេស​ឥណ្ឌា និង​លទ្ធផល​អវិជ្ជមាន​នៃ​ការ​ធ្វើ​តេស្ត​លើ​សាច់​បង្កក​នា​ពេល​កន្លង​មក រាជ​រដ្ឋាភិបាល​សម្រេច​លើក​លែង​បម្រាម​លើ​ការ​នាំចូល​សាច់​បង្កក និង​មុខ​ទំនិញ​បង្កក ដែល​អាច​មាន​ហានិភ័យ​ផ្សេង​ទៀត​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា ដោយ​ដាក់​មក​ជំនួស​វិញ​នូវ វិធានការ​បណ្តោះ​អាសន្ន​មួយ​ចំនួន។

វិធាន​ការ​ទាំង​នោះ​មាន​ដូច​ជា គ្រប់​ការ​នាំ​ចូល​សាច់​បង្កក និង​មុខ​ទំនិញ​បង្កក​ដែល​អាច​មាន​ហានិភ័យ​ គឺ​តម្រូវ​ឱ្យ​មាន​វិញ្ញាបន​បត្រ ឬ​លិខិត​បញ្ជាក់​បន្ថែម​ចេញ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៃ​ប្រទេស​ដើម​កំណើត​ទំនិញ ដែល​បញ្ជាក់​ថា គ្មាន​វ័រុស​កូវីដ​១៩ លើ​សាច់​បង្កក  និង​នៅ​ពេល​ទំនិញ​មក​ដល់​ តម្រូវ​ឱ្យ​យក​សំណាក​ធ្វើ​តេស្ត​រក​វីរុស​កូវីដ​១៩ ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា  មុន​ពេល​អនុញ្ញាត​ឱ្យ​បំពេញ​បែប​បទ​បញ្ចេញ​ទំនិញ​ពី​គយ ។

ទោះ​យ៉ាង​ណា លិខិត​បាន​លើក​ដែរ​ថា ៖«យោង​តាម​ពេល​វេលា និង​ការវិវត្ត​ជាក់​ស្តែង ការ​អនុវត្ត​លក្ខខណ្ឌ​ទាំង ២ អាច​នឹង​ត្រូវ​បន្ធូរ​បន្ថយ ឬ​ដក​ចេញ​ទាំង​ស្រុង ដោយ​ផ្អែក​លើ​ស្ថានភាព​ធូរស្រាល​នៃ​ការរីក​រាល​ដាល​ជំងឺ​កូវីដ​១៩ នៅ​ប្រទេស​នាំ​ចេញ និង​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​លើ​សាច់​បង្កក​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បើ​រកឃើញថា អវិជ្ជ​មាន ជា​បន្ត​បន្ទាប់»។

យោង​តាម https://www.worldometers.info/ គិត​ត្រឹម​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២១ ប្រទេស​ឥណ្ឌា បាន​តត់​ត្រា​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ សរុប ២៩ ៨៨១ ៣៥២​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ ៣៨៦ ៧៤០​នាក់​។ នៅ​ក្នុង​ថ្ងៃ​ទី​១៩ អ្នក​ជំងឺ​កូវីដ​១៩ ចំនួន ៥៨ ៥៨៨​នាក់​ត្រូវ​បាន​រក​ឃើញ​៕​

Leave a Reply

Your email address will not be published. Required fields are marked *