រដ្ឋាភិបាលស្នើដល់អ្នកនាំចេញចូលរួមផ្តល់យោបល់ជាមួយចក្រភពអង់គ្លេស

ភ្នំពេញៈ​ក្រសួង​ពាណិជ្ជកម្ម​អំពាវនាវ​ដល់​អ្នក​​នាំ​ចេញ​ទាំង​អស់នៅ​កម្ពុជាឱ្យ​​ចូល​រួម​ផ្តល់ប្រឹក្សា​យោបល់​​​ក្នុង​ដំណើរ​ការ​រៀប​ចំ​សេចក្តី​ព្រាង​យន្ត​ការ​អនុគ្រោះ​ពន្ធ​ទូទៅ​ថ្មី​សម្រាប់​នាំ​ចូល​ទំនិញ​ទៅកាន់​ចក្រ​ភព​អង់គ្លេស​។​នេះបើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​។

សេចក្តី​ជូន​ដំណឹង​បានផ្សាយ​នៅ​ថ្ងៃទី​១៦ ខែ​សីហានេះ បាន​ឱ្យដឹងថា ក្នុង​ដំណើរ​ការ​នៃ​ការ​រៀប​ចំ​សេចក្តី​ព្រាង​យន្ត​ការអនុ​គ្រោះ​ពន្ធ​ទូទៅ​ថ្មី​នេះ ​ចក្រ​ភព​អង់​គ្លេស​ផ្តល់​ឱ​កាស​ឱ្យ​​ភាគី​ពាក់​ព័ន្ធ​ចូល​រួម​ប្រឹក្សា​យោបល់​សាធារណៈ​ ប្រមូល​ធាតុ​ចូល​ និង​សំណូមពរ​ តាម​រយៈ​ការ​បំពេញ​នូវ​កម្រង​ សំណួរ​ ដើម្បី​ចូល​រួម​កែ​សម្រួល​លក្ខ​ខណ្ឌ​តម្រូវ​ និង​នីតិវិធី​ ឱ្យមានលក្ខណៈងាយស្រួល​ និង​សាមញ្ញ ​ប្រកប​ដោយ ​តម្លាភាព ​និង​បរិយាប័ន្ន។​

សេចក្តី​ជូន​ដំណឹង​បន្តថា៖ «បន្ទាប់​ពី​ទទួល​បាន​ធាតុ​ចូល​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ ​ចក្រ​ភព​អង់​គ្លេស​នឹង​ពិនិត្យ​សម្រេច​ ដាក់​ ចេញ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ថ្មី​មួយ​ សម្រាប់​អនុវត្ត​នៅ​ឆ្នាំ​២០២២ ​ខាង​មុខ​»។

ក្នុង​ន័យ​នេះ ​ក្រសួង​ពាណិជ្ជ​កម្ម​សូមអំពាវ​នាវ​ដល់​ផលិតករ ​ឬ​អ្នក​នាំ​ចេញ​ទាំង​អស់ ​ចូល​រួម​ឆ្លើយ​នូវ​កម្រង​សំណួរ ​តាម​រយៈ​គេហ​ទំព័រ​ផ្លូវការ​https://www.gov.uk/government/consultations/designing-the-uk-trade-preferences-scheme-fordeveloping-nations ​ឱ្យ​បាន​ត្រឹម​ថ្ងៃទី​១២​ ខែកញ្ញា ​ឆ្នាំ២០២១​។

សេចក្តី​ជូន​ដំណឹងនេះ​បញ្ជាក់ថា៖ «អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាង​លើ​សូម​ឱ្យ​ផលិតករ​ ឬ​អ្នក​នាំ​ចេញ​ទាំង​អស់ ​ចូល​រួម​ឆ្លើយ​នូវ​កម្រង​សំណួរ​ខាង​លើ​នេះ​»។

កាលពី​ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំនេះ រដ្ឋា​ភិបាល​អង់គ្លេស​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ពិគ្រោះ​យោ​បល់​លើ​ច្បាប់​ពាណិជ្ជកម្ម​ថ្មី​មួយ​ ដើម្បី​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប រួម​ទាំង​កម្ពុជា ផងដែរ​។

សេចក្តី​ព្រាង​យន្តការ​អនុគ្រោះ​ពន្ធ​ទូទៅ​ថ្មីនេះ ​នឹង​អនុវត្ត​ចំពោះ​បណ្ដា​ប្រទេស​កំពុងអភិវឌ្ឍន៍​ចំនួន​ ៧០ នៅពេល​បច្ចុប្បន្ន និង​រួមទាំង​ការកែលម្អ​ដូចជា ពន្ធ​នាំចូល​កាន់តែ​ទាប និង​ច្បាប់​នៃ​លក្ខខណ្ឌ​តម្រូវ​ប្រភពដើម​កាន់តែ​ងាយស្រួល​សម្រាប់​ប្រទេស​ជាច្រើន ដែល​នាំចេញ​ទំនិញ​ទៅ​ចក្រភព​អង់គ្លេស​អាច​ឱ្យ​ប្រទេស​ទាំងនោះ​ធ្វើ​ពិពិធកម្ម​ការនាំចេញ និង​ធ្វើឱ្យ​សេដ្ឋកិច្ច​ពួកគេ​រីកចម្រើន​។

ផែនការ​ពាណិជ្ជកម្ម​បណ្ដា​ប្រទេស​កំពុងអភិវឌ្ឍន៍​របស់​ចក្រភព​អង់គ្លេស​នឹង​អនុវត្ត​ចំពោះ​ប្រទេស​ចំនួន ៤៧ ក្នុង​ក្របខ័ណ្ឌ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បំផុត​ (LDCF) និង​បណ្ដា​ប្រទេស ២៣ ​បន្ថែមទៀត​ដែល​ត្រូវ​ចាត់ថ្នាក់​ដោយ​ធនាគារពិភពលោក ជា​ប្រទេស​មាន​ប្រាក់ចំណូល​ទាប និង​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប​។

ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស​បាន​បន្ត​កើន​ឡើងជា​លំដាប់​ជាក់ស្តែង​ក្នុង​រយៈពេល ​៥ ​ខែ​ដើម​ ២០២១​ នេះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​មាន​តម្លៃ ​២៥៨,៤៥ ​លាន​ដុល្លារ​ក្នុងនោះ ​កម្ពុជា​នាំចេញ​ទៅ​ចក្រភព​អង់គ្លេស​ ២៣៩,៧៣ ​លាន​ដុល្លារ ខណៈ​កម្ពុជា​នាំចូល​ ១៨,១៧ ​លាន​ដុល្លារ​៕

Leave a Reply

Your email address will not be published. Required fields are marked *