រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគបង្កើតរោចក្រផលិតដែកតម្លៃ៤០លានដុល្លារ

ភ្នំពេញៈ គម្រោង​​បង្កើតរោងចក្រផលិតដែកគ្រប់​ប្រភេទ​របស់​ក្រុម​ហ៊ុន​Huale Steel (Cambodia) Co., Ltd ដែល​មាន​​​ទុន​វិនិយោគ​ ៤០​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន​ ៥២៣​កន្លែង ត្រូវ​បាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC) អនុម័ត​ឱ្យ​វិនិយោគ​ជា​ផ្លូវ​ការ​នៅ​កម្ពុជា ដោយ​​​គម្រោង​នេះមាន​ទីតាំង​ស្ថិត​​ក្នុង​​តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នេះ​បើ​យោង​តាម​ CDC។

នៅ​លើ​បណ្តាញ​សង្គម​របស់ CDC ក្នុង​ថ្ងៃ​ទី​២០ ខែ​កញ្ញា ក្រៅ​ពី​គម្រោងបង្កើតរោងចក្រផលិតដែកគ្រប់​ប្រភេទ ​របស់​ក្រុម​ហ៊ុន​Huale Steel (Cambodia) Co., Ltd ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក៏​បាន​អនុម័ត​ឱ្យ​គម្រោង​ចំនួន ៧​​ផ្សេង​ទៀត​​ដែរ​ដូច​ជា គម្រោង​​បង្កើតរោងចក្រផលិតអំពូលភ្លើង សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងបន្ទប់ទឹក និងគ្រឿងបង្គុំវាំងនន, គម្រោងបង្កើតរោងចក្រផលិតគ្រាប់ប្លាស្ទិក ខ្សែភ្លើង និងខ្សែកាប, គម្រោងបង្កើតរោងចក្រផលិតផលិតផលប្លាស្ទិក សម្ភារ​លំអ និងគ្រឿងបង្គុំអេឡិចត្រូនិកធ្វើពីប្លាស្ទិក, គម្រោងបង្កើតរោងចក្រផលិតចំណី និងសម្ភារ​សម្រាប់សត្វចិញ្ចឹម, គម្រោងបង្កើតរោងចក្រផលិតសាឡុង និងគ្រឿងសង្ហារិម, គម្រោងបង្កើតរោងចក្រផ្គុំ និងតម្លើងសម្ភារៈបរិក្ខារចង្ក្រានហ្គាស (Regulators, Valves, Hose…) និង​គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលំអ និងអំពូលភ្លើង LED។ គម្រោង​ទាំង ៧ មាន​ទុន​វិនិយោគ​សរុប ២៤,៣​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ៣ ៥១៧។​

អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា(GDCE) ឱ្យ​ដឹង​ថា រយ​ពេល ៨​ខែ​ ដើម​​ឆ្នាំ​២០២៣ ​កម្ពុជាបាន​បញ្ចេញ​ប្រាក់​ ២៥៤,៣៧​លាន​ដុល្លារ​​លើ​ការ​នាំ​ចូល​ដែក និង​ដែក​ថែប(ស្ថិត​ក្នុង​ជំពូក​ទំនិញលេខ​កូដ៍ ៧២)​កើន​ឡើង ៣,៩​ភាគ​រយ​បើ​​ធៀប​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២២ ដែល​មាន​ចំនួន ២៤៤,៧៥​លាន​ដុល្លារ។ ដោយ​ឡែក​សម្រាប់​ខែ​សីហា ឆ្នាំ​២០២៣ គឺ​ការ​នាំ​ចូល​​ទំនិញ​លេខ​កូដ៍ ៧២ មាន​ទឹក​ប្រាក់​ ៣៨,៤២​លាន​ដុល្លារ កើន​ឡើង ៣០,៣​ភាគ​រយ​ធៀប​នឹង​ខែ​សីហា ឆ្នាំ​២០២២៕​