រាជរដ្ឋាភិបាល​បន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និង ជា «មាសបៃតង»

ក្រុងកែប៖ លោកនាយករដ្ឋមន្ដ្រី​ ហ៊ុន ម៉ាណែតបានដាក់ចេញនូវចំនុចពិសេសមួយចំនួនដើម្បីអភិវឌ្ឍន៍វិស័យ​ទេចរណ៍ឱ្យ​កាន់តែមានភាពទាក់ទាញ និង លើកកម្ពស់កិត្តិនាមប្រទេសជាតិ។​

ថ្លែងក្នុងពិធីបិទបុណ្យសមុទ្រលើកទី១០ ជុំទី៣ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» នៅខេត្តកែបនាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ដ្រី​ ហ៊ុន ម៉ាណែត បានផ្តល់ប្រសាសន៍ដោយ​លើកអំពីលក្ខណៈពិសេស ៣ យ៉ាង ក្នុងចំណោមលក្ខណៈពិសេសជាច្រើនរបស់​វិស័យទេសចរណ៍ មានដូចជា៖ ​ វិស័យទេសចរណ៍នាំឱ្យមានការអភិវឌ្ឍនៅនឹងកន្លែង;  ការរីកចម្រើនខាងវិស័យទេសចរណ៍បណ្តាលឱ្យវិស័យដទៃៗ ទៀតមានការរីកចម្រើនផងដែរ; និង វិស័យទេសចរណ៍ជួយលើកកម្ពស់កិត្តិនាមរបស់ប្រទេសជាតិ ក៏ដូចជាមរណីយដ្ឋានគោលដៅនានា តាមរយៈការបង្កើនភាពជឿជាក់ និងទាក់ទាញដល់បណ្តាភ្ញៀវជាតិ និងអន្តរជាតិមកពីគ្រប់ទិសទី ។

លោកបានថ្លែងថា ក្នុងន័យនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យ​អាទិភាព និង ជា «មាសបៃតង» ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការធ្វើពិពិធកម្ម​ក្នុងវិស័យទេសចរណ៍ ដោយបង្កើននូវប្រភេទសេវាកម្មទេសចរណ៍ និងព្រឹត្តិការណ៍ទេសចរណ៍សម្បូរបែបនានា ដើម្បីទាក់ទាញ និងទទួលបាននូវភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យកាន់តែមានចំនួនច្រើនទ្បើងថែមទៀត ធានាបាននូវ​ការបង្កើតឱកាសការងារ, បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ, ជំរុញការនាំចេញនៅនឹងកន្លែង, ទ្រទ្រង់កំណើន​សេដ្ឋកិច្ច និងបង្កើនចំណូលជាតិ, ចូលរួមដល់ការអភិរក្សវប្បធម៌ និងការការពារបរិស្ថាន, ធនធានធម្មជាតិរបស់យើង ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ រួមចំណែកដល់ការសម្រេចបានគោលដៅនៃយុទ្ធសាស្ត្រ​បញ្ចកោណ-ដំណាក់កាលទី ១ និងឈានទៅសម្រេចបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ។

លោកនាយករដ្ឋមន្រ្តី ក៏បានបន្តទៀតថា រាជរដ្ឋាភិបាលបានកំណត់ប្រារព្ធពិធីបុណ្យសមុទ្រ ដែលមិនត្រឹមតែ​រួមចំណែកដល់ការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍នៃខេត្តតំបន់ឆ្នេរសមុទ្ររបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមដល់ការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តោតការយកចិត្ត​ទុកដាក់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងបរិយាបន្ន ។

លោកបានថ្លែងបន្តទៀតថា៖«ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជានេះទៀតសោត មិនមែនធ្វើឡើងសម្រាប់តែពេល​បច្ចុប្បន្ននោះទេ ប៉ុន្តែយើងត្រូវគិតគូរឱ្យបានវែងឆ្ងាយទៅដល់អនាគត ដោយត្រូវមានផែនការច្បាស់លាស់ និងការគ្រប់គ្រងឱ្យបានម៉ត់ចត់» ។

ជាមួយគ្នានោះ លោកនាយករដ្ឋមន្រ្តី ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនសម្រាប់ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ អនុវត្តដូចជា៖ (១) បន្តថែរក្សាបរិយាកាសសុខសន្តិភាពពាសពេញផ្ទៃប្រទេសឱ្យបានឋិតឋេរយូរអង្វែង (២) សូមអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតំបន់ឆ្នេរសមុទ្រទាំង៤ រួមគ្នារក្សាឱ្យបាន​នូវកិត្តិនាមជា​សមាជិកក្លឹប​ឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ឱ្យស័ក្តិសមជា «តារារះនាទិសនារតី» (៣) បន្តផ្តល់អាទិភាព​ដល់ការអភិវឌ្ឍតំបន់ឆ្នេរ ជាពិសេស ការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ (៤) បន្តជំរុញការ​ផលិតផលិតផលទេសចរណ៍ឱ្យបានសម្បូរបែប ដើម្បីផ្គត់ផ្គង់ដល់ទេសចរ សម្រាប់ជំរុញ «ការនាំចេញ​នៅនឹងកន្លែង» (៥) បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខ និងសុវត្ថិភាព សម្រាប់ភ្ញៀវទេសចរនៅ​គ្រប់គោលដៅទេសចរណ៍ និងមិនត្រូវធ្វើឱ្យតំបន់គោលដៅទេសចរណ៍ ក្លាយជាតំបន់ជ្រកកោននៃការប្រើប្រាស់​គ្រឿងញៀន និងអំពើឧក្រិដ្ឋកម្មផ្សេងៗឡើយ ៕