លោក សុខ ចិន្តា​សោភា៖ កម្ពុជា​បាន​នឹង​កំពុង​ដើរ​ស្រប​តាម​​បដិវត្ត​នៃ​ឧស្សាហ​កម្ម ៤.០ និង​ឌីជីថលូបនីយ​កម្ម

ភ្នំពេញ៖ អគ្គ​លេខាធិការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) លោក សុខ ចិន្តា​សោភា នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វ​ផ្សាយ​ច្បាប់​ស្ដីពី​វិនិយោគ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ដល់​វិនិយោ​គិន​ដែល​ជា​សមាជិក​សភា​ពាណិជ្ជ​កម្ម​អឺរ៉ុប​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី១១ ខែមករា ​បាន​និយាយ​ថា កម្ពុជា​បាន​នឹង​កំពុង​ធ្វើ​កិច្ច​ការ​ជា​ច្រើន​ដើម្បី​កែលម្អ​បរិស្ថាន​វិនិយោគ​​របស់​ខ្លួន​សំដៅ​ទាក់​ទាញ​ការ​វិនិយោគ​ក្នុង​គន្លង​ប្រក្រតី​ភាព​ថ្មី​នៃ​វិបត្តិ​ជំងឺ​កូវីដ​១៩ និង​ឱ្យ​ដើរ​ស្រប​តាម​បដិវត្ត​នៃ​ឧស្សាហ​កម្ម ៤.០ និង​ឌីជីថលូបនីយ​កម្ម។ បន្ថែម​ពី​លើ​នេះ រាជ​រដ្ឋាភិបាល​ក៏​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ជួយ​សម្រួល​ដល់​ការ​វិនិយោគ និង​សេវា​ថែទាំ​វិនិយោគ ដល់​វិនិយោគិន​ទាំង​អស់​ដោយ​គ្មាន​ការ​រើស​អើង​ទៀត​ផង​។​

លោក​បញ្ជាក់​ថា​៖​«​ការ​ចូល​ជា​ធរមាន​នៃ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា​-ចិន, កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់ (RCEP) និង​ការ​ត្រៀម​ចូល​ជា​ធរមាន​នៃ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា-កូរ៉េ នឹង​ជួយ​បើក​ចំហ​ទីផ្សារ និង​បង្កើន​ភាព​ទាក់​ទាញ​វិនិយោគ​របស់​កម្ពុជា​បន្ថែម​ទៀត»​។

ច្បាប់​ស្តីពី​វិនិយោគ​ថ្មី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​កាល​ពី​ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ​២០២១ ខណៈ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-ចិន និង​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់ (RCEP) បាន​ចូល​ជា​ធរមាន​ហើយ កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២២៕