លោក ស៊ូ សុជាតិ៖ ធនាគារ​អេស៊ីលីដាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា

 

ភ្នំពេញៈ ធនាគារ​អេស៊ីលីដា និង​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ទីផ្សារ​មូល​ធន​នៅ​កម្ពុជា​ ជាពិសេសបានទាក់ទាញនូវវិនិយោគិនជាច្រើន​ចូលរួមក្នុងផ្សារ​មូលបត្រ​កម្ពុជា។ នេះបើយោងតាមការថ្លែងបញ្ជាក់របស់ លោក ស៊ូ សុជាតិ អគ្គ​នាយក​និយ័ត​ករ​មូល​បត្រ​កម្ពុជា។

លោក ស៊ូ សុជាតិ បាន​​ ថ្លែងកាល​ពីថ្ងៃទី១៦​ខែ​សីហា ​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​វិនិយោ​គិន​ក្នុង​វិស័យ​មូល​បត្រ ស្តី​ពី​ការ​ជំរុញ​ការ​យល់​ដឹង​ក្នុង​វិស័យ​មូល​បត្រ ដល់​ថ្នាក់​ដឹក​នាំ និង​បុគ្គលិក​របស់​ធនាគារ​អេស៊ីលីដា ភីអិល​ស៊ីដែលមានអ្នកចូលរួមផ្ទាល់និងតាមប្រព័ន្ធអនឡាញរាប់រយនាក់។ លោកបានថ្លែងថា ធនាគារ​អេស៊ីលីដា និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង ការ​អភិវឌ្ឍ​ទីផ្សារ​មូល​បត្រ ចាប់​តាំង​ពី​ដំណាក់​កាល​ដំបូង​នៃ​ការ​ចាប់​ផ្តើម​ទីផ្សារ​មូល​បត្រ​របស់​កម្ពុជា​ដោយ​ក្នុង​នោះ ធនាគារ អេស៊ីលីដា បាន​ទទួល​ស្គាល់​ធ្វើ​ជា​ភ្នាក់ងារ​ទូទាត់​សាច់​ប្រាក់​ពាក់ព័ន្ធ​នឹង​មូល​ប​ត្រ​ភ្នាក់​ងារ បញ្ជីកា​មូល​បត្រ ភ្នាក់ងារ​ចុះ​បញ្ជី​ផ្ទេរ​មូល​បត្រ និង​ភ្នាក់​ងារ​ទូទាត់ និង​ពេល​នេះ​ជា​ភ្នាក់ងារ រក្សា​សុវត្ថិ​ភាព ក្នុង​វិស័យ​មូល​បត្រ​។​

លោក​បាន​ថ្លែង​ថា​៖​« ធនាគារ​អេស៊ី​លីដា ក៏​បាន​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្ម​សិទ្ធិ​ជា​សាធារណៈ​កាល​ពី​ក្នុង អំឡុង​ឆ្នាំ​២០២០​ដែល​ទោះ​បី​ជា​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ក៏​ទីផ្សារ​មូល​បត្រ​នៅតែ​បង្ហាញ​ពី​កំណើន និង​ការ​វិវឌ្ឍ​ជា​វិជ្ជមាន។ តាម​រយៈ​ការ​បោះ​ផ្សាយ​លក់​មូល​បត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​របស់​ធនាគារ​អេស៊ីលីដា បាន​ធ្វើ​ឱ្យ​ទីផ្សារ​របស់​យើង​មាន​កំណើន​គួរ​ឱ្យ​កត់​សម្គាល់​ទាំង​កំណើន​វិនិយោ​គិន ទំហំ​និង​តម្លៃ​ជួញ​ដូរ និង​ទំហំ​មូល​ធនូប​នីយកម្ម​ទីផ្សារ​»​។​

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា បាន​ឱ្យ​ដឹង​ថា ធនាគារ​អេស៊ីលីដា កំពុង​បន្ត​រីក​ចម្រើន​ប្រកប​ដោយ​និរន្តរ​ភាព ដោយ​សារ​ធនធាន​មនុស្ស​ដ៏​រឹងមាំ និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​អនុវត្ត​ការងារ​របស់​ខ្លួន​តាម​ការ​គ្រោង​ទុក ស្រប​តាម​ច្បាប់ បទ​ប្បញ្ញត្តិ គោល​ការណ៍ និង​ក្រម​សីលធម៌​វិជ្ជាជីវៈ​ស្រប​ជាមួយ​នឹង​ការ​អភិវឌ្ឍ​បច្ចេក​វិទ្យា និង​លក្ខខណ្ឌ​តម្រូវ​ការងារ​។

លោក​ថ្លែងថា​៖ «​ដូច​យើង​ដឹង​ហើយ​ថា ធនាគារ​អេស៊ីលីដា មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់ តាម​រយៈ​របាយការណ៍​ជា​សាធារណៈ ដែល​ទើប​ចេញ​ផ្សាយ​ថ្មីៗ​នេះ ធនាគារ​យើង​សម្រេច​បាន​លទ្ធផល ល្អ​ប្រសើរ​របស់​ខ្លួន​នៅ​ក្នុង​ឆមាស​ទី១​ឆ្នាំ​នេះ​។ របាយការណ៍​របស់​ក្រុម​ហ៊ុន​ចុះ​បញ្ជី​ត្រូវ​បាន​ចេញ​ផ្សាយ ជា​សាធារណៈ​គឺ​ពិត​ជា​មាន​សារៈ​សំខាន់ និង​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​ធាតុ​ផ្សំ​ជា​មូលដ្ឋាន​សម្រាប់​វិនិយោគិន​ក្នុង​ការ សម្រេច​ចិត្ត​ក្នុង​ការ​វិនិ​យោគ​លើ​មូល​បត្រ​ណា​មួយ​តាម​ការ​យល់​ឃើញ​ដ៏​រឹងមាំ​របស់​ពួក​គេ​»​

គិត​ត្រឹម​ត្រីមាស​ទី​២​ឆ្នាំ​២០២២ និយ័តករមូលបត្រកម្ពុជា បាន​ផ្តល់​លេខ​អត្ត​សញ្ញាណ​វិនិយោគិន​សរុប​ចំនួន ៣២ ៣៧៤ ក្នុង​នោះ​វិនិយោគិន​ជា​រូបវន្ត​បុគ្គល​សរុប​ចំនួន​៩៩,៥២ ភាគរយ និង​វិនិយោគិន​សញ្ជាតិ​ខ្មែរ​មាន​ចំនួន ៨៦,១២ ភាគរយ​។ ទំហំ​មូល​ធនូបនីយ​កម្ម​ទីផ្សារ​សរុប​នៃ​ទីផ្សារ​មូល​ប​ត្រ​កម្មសិទ្ធិ​មាន​តម្លៃ​ប្រហែល​១,៨៦ ពាន់​លាន ដុល្លារ រីឯ​ការ​ជួញ​ដូរ​ភាគហ៊ុន​ក្នុង​ត្រីមាស​ទី២​ឆ្នាំ​២០២២ ក្នុង​បរិមាណ​ជា​មធ្យម ប្រហែល​៤៩៤ ៩៨៨ ភាគ​ហ៊ុន (​ក្នុងតម្លៃ​ជា​មធ្យម​ប្រហែល​១,២៨ លាន​ដុល្លារ​ក្នុង​មួយថ្ងៃ​)៕