វិស័យរោងចក្រកាត់ដេរនៅកម្ពុជាចាប់ផ្តើមបង្កើនការអនុវត្តថាមពលដោយសន្សំសំចៃ

ភ្នំពេញ៖ ក្រុមការងាររបស់ Switch Garment រួមជាមួយនឹង វិទ្យាស្ថាន ថាមពលនិងធនធាន (TERI) ព្រមទាំងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចាប់ផ្តើម សវនកម្មថាមពល រយៈពេលវែង តាមបណ្តារោងចក្រកាត់ដេរ នៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី២៤ខែសីហានេះតទៅ។

សវនកម្មថាមពល របស់គម្រោង Switch Garment នឹងវិភាគអំពី ការប្រើប្រាស់ថាមពល នៅក្នុងរោងចក្រកាត់ដេរ ព្រមទាំងស្វែងយល់ពី ឱកាសក្នុងការសន្សំសំចៃ និងការបង្កើន​ប្រសិទ្ធភាពផលិតកម្ម។

តាមរយៈគម្រោង Switch Garment សវនកម្មថាមពល នឹងជួយបំភ្លឺ វិថីឆ្ពោះទៅកាន់ការ​វិនិយោគ​​ផ្នែក​ថាមពលស្អាត តាមបណ្តារោងចក្រនានា។ ក្នុងនោះផងដែរ សវនកម្មថាមពល​ក៏នឹងជួយកំណត់ វគ្គ   បណ្តុះបណ្តាលដែលចាំបាច់នានា សម្រាប់ជួយពង្រីកសមត្ថភាព​រោងចក្រ​ក្នុងការប្រើប្រាស់ ថាមពលប្រកបដោយចីរភាព។

នាពេលបច្ចុប្បន្ននេះ ដោយមើលឃើញពីតម្រូវការរបស់អ្នកប្រើប្រាស់សម្លៀកបំពាក់​ដែល​ចង់កាត់បន្ថយផលប៉ះពាល់ទៅកាន់បរិស្ថាន មកពីការប្រើប្រាស់ប្រើប្រាស់សម្លៀកបំពាក់ រោងចក្រចំនួន៣០ បានចូលរួមជាដៃគូជាមួយនឹងគម្រោងSwitch Garment ហើយ គម្រោងនេះនឹងជ្រើសរើស ២០     រោងចក្រទៀត នៅចុងឆ្នាំនេះ។

លោក លី តេកហេងអគ្គនាយក សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលកំពុងដឹកនាំ ការចូលរួមរបស់រោងចក្រនៅក្នុងសវនកម្មនេះ បានមានប្រសាសន៍ថា៖ «នាពេលឥឡូវ​នេះ ម៉ាកអន្តរជាតិជាច្រើនដែលទទួលទិញ សម្លៀកបំពាក់ពីរោងចក្រនៅកម្ពុជា ផ្តោតជាពិសេសទៅលើ ចីរភាពនៃទំនិញ ដោយសារតែកំណើននៃការយល់ដឹង​ពីបរិស្ថានរបស់អ្នកប្រើប្រាស់។ ដូច្នេះ ដើម្បីរក្សាភាពប្រកួតប្រជែង វិស័យកាត់ដេរត្រូវតែដើរអោយទាន់ និន្នាការរបស់អ្នកប្រើប្រាស់។»

ជារោងចក្រដំបូងមួយដែលបានចូលរួមនៅក្នុងគម្រោង Switch Garment នាយកគ្រប់គ្រងនៃPPSEC លោកRobert Hwang បានមានប្រសាសន៍ថា៖«ថ្លៃអគ្គិសនីខ្ពស់និងការកើនឡើងនៃតម្រូវការផ្នែកចីរភាពរបស់អ្នកប្រើប្រាស់ គឺជាចំនុចប្រឈម របស់រោងចក្រកាត់ដេរនៅកម្ពុជា។ហើយ ពួកយើងបានចូលរួមក្នុងគម្រោងមួយនេះ ពីព្រោះការគ្រប់គ្រងថាមពលអោយបានល្អមានសារៈសំខាន់ដើម្បីជួយអោយរោងចក្រកាត់ដេរ នៅតែអាចបន្តការប្រកួតប្រជែងនៅលើទីផ្សារបាន។»

យោងតាមធនាគារពិភពលោកឧស្សាហកម្មកាត់ដេរសកល ផលិតដល់ទៅ ១០ % នៃទំហំឧស្ម័នកាបូនសកលប្រចាំឆ្នាំ។នៅប្រទេសកម្ពុជាGGGI បានធ្វើការប៉ាន់ប្រមាណថាការធ្វើឱ្យប្រសើរឡើងនូវការអនុវត្តថាមពលក្នុងការផលិតសម្លៀកបំពាក់អាចចូលរួមកាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់រហូតដល់ទៅ១៧%៕

Leave a Reply

Your email address will not be published. Required fields are marked *