វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វីដ​១៩​ពី​ប្រទេស​ចិន ចំនួន​១​លាន​ដូ​សបាន​មកដល់​កម្ពុជា

​ភ្នំពេញ​÷ កម្ពុជា​ទទួលបាន​វ៉ាក់សាំង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ស៊ី​ណូ​វ៉ា​ក់ (Sinovac Vaccine) ចំនួន​៥០​ម៉ឺន​ដូ​ស និង​ស៉ី​ណូ​ហ្វា​ម (Sinopharm Vaccine) ចំនួន​៥០​ម៉ឺន​ដូ​ស របស់​ក្រុមហ៊ុន​នៃ​ប្រទេស​ចិន សរុប​ថ្ងៃនេះ​ចំនួន​១​លាន​ដូ​ស​ទៀត បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​យើង​ទៀតហើយ សម្រាប់​ទុក​ចាក់​ជូន ប្រជាពលរដ្ឋ​យើង​ជា​បន្តបន្ទាប់​ទៀត​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវ ការ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា វ៉ាក់សាំង​១​លាន​ដូ​ស ដែល​បាន​ដឹក​មកដល់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​០៨ ខែមិថុនា ឆ្នាំ​២០២១ គឺជា​វ៉ាក់សាំង​ជើង​ទី​៦​ហើយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ​ពី ក្រុមហ៊ុន ស៊ី​ណូ​វ៉ា​ក់ ខណៈ​ជើង​ទី​១ មាន​ចំនួន ១.៥​លាន​ដូ​ស ត្រូវបាន​ដឹក​មកដល់​កម្ពុជា កាលពី​ថ្ងៃទី​២៦ ខែមីនា​, ជើង​ទី​២ មាន​ចំនួន ៥០​ម៉ឺន​ដូ​ស ដឹក​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៧ ខែមេសា និង​ជើង​ទី​៣ មាន​ចំនួន ៥០​ម៉ឺន​ដូ​ស ដឹក​មកដល់​កម្ពុជា​ថ្ងៃទី​១១ ខែឧសភា និង​ជើង​ទី​៤ មាន​ចំនួន ៥០​ម៉ឺន​ដូ​ស ដឹក​មកដល់​ថ្ងៃទី​១៦ ខែឧសភា និង​ជើង​ទី​៥ មាន​ចំនួន ១​លាន​ដូ​ស ដឹក​មកដល់​កម្ពុ​ជាកា​លពី​ថ្ងៃទី​២៣ ខែឧសភា​។

​លោក​ថ្លែងថា​÷”​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​នេះ​ឱ្យបាន​លឿន តាម ដែល​អាចធ្វើ​ទៅបាន​ជូន​ដល់​ប្រជាពលរដ្ឋ​របស់ខ្លួន​។ ទន្ទឹមនឹងនេះ​រាជរដ្ឋាភិបាល​ស្វះ​ស្វែងរក​វ៉ាក់សាំង ហើយ​បាន​នាំមក​ដល់​នូវ​វ៉ាក់សាំង​ជា​បន្តបន្ទាប់​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់ខ្លួន​។ គិតពី​ត្រឹម​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១ មកដល់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២១ កម្ពុជា​ទទួលបាន​វ៉ាក់សាំង​ជាង ៦​លាន​ដូ​ស​រួចហើយ សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​”​។

​រដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​ផែន​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង ប្រមាណ​១៣​លាន​នាក់ ត្រូវ​នឹង​វ៉ាក់សាំង​ប្រមាណ ២៦​លាន​ដូ​ស​។ នៅក្នុង​ខែមិថុនា​នេះ វ៉ាក់សាំង​ប្រមាណ ៤.៥​លាន​ដូ​ស នឹង​ដឹក​មកដល់​ប្រទេស​កម្ពុជា ដែលជា​ការជួយ​ឱ្យ​កម្ពុ​ជាមាន​វ៉ាក់សាំង​គ្រប់គ្រាន់ សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​។ កម្ពុជា​នឹង​សម្រេច​ការចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ​ចំនួន ១០​លាន​នាក់ នៅក្នុង​ឆ្នាំ​២០២១​នេះ ឬ​យ៉ាងយូរបំផុត​នៅ​ដើមឆ្នាំ​២០២២៕

Leave a Reply

Your email address will not be published. Required fields are marked *