សណ្ឋាគារ​លំដាប់​ផ្កាយ ៥ ហៃយ៉ាត់ របស់អាមេរិកបើកជាផ្លូវការនៅរាជធានីភ្នំពេញ

ភ្នំពេញៈ ​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញដែលមាន ទឹកប្រាក់វិនិយោគប្រមាណ១៨០លាន​ដុល្លារ​បានបើកសម្ពោធជាផ្លូវការនាព្រឹកថ្ងៃពុធនេះដើម្បីស្វាគមន៍ភ្ញៀវទេចរជាតិ និងអន្តរជាតិ ។​

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញគឺ​ជា​សណ្ឋាគារ​ប្រណីត​លំដាប់​ផ្កាយ ៥ ដ៏​ធំ​មួយ​ដែល​ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជម្នះ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ក្នុង​ស្រុក ជីប ម៉ុង ក្នុង​ទឹក​ប្រាក់​សរុប​ ១៨០​លាន​ដុល្លារ។ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញសាង​សង់​លើ​ផ្ទៃដី ៧ ០៣១​ម៉ែត្រការ៉េ ដោយ​បាន​បើក​ការ​ដ្ឋាន​សាង​សង់​កាល​ពី​ដើម​ឆ្នាំ​២០១៧ និង​បញ្ចប់​ការ​សាង​សង់​ជា​ស្ថាពរ​កាល​ពី​ដើម​ឆ្នាំ​២០២១។ សណ្ឋាគារ​នេះ​មាន​បន្ទប់​ស្នាក់​នៅ ២៤៧ ព្រម​ទាំង​មាន​សេវាកម្ម​ចម្រុះ​ជា​ច្រើន​ដូច​ជា ​កន្លែង​សម្រាក​កម្សាន្ត ភោជនីយ​ដ្ឋាន និង​សាល​ប្រជុំ​ដ៏​ធំ និង​ទំនើប(Regency Ballroom)ជា​ដើម​។

ក្រុម​ហ៊ុន ជីប ម៉ុង បាន​ទិញ​ម៉ាក​យី​ហោ Hyatt Regency មក​ពី​អាមេរិក​។ សណ្ឋាគារ «Hyatt Regency» គឺ​ជា​ពាណិជ្ជ​កម្ម​មួយ​របស់ «Hyatt Hotels Corporation» ដែល​ជា​ក្រុមហ៊ុន​លំដាប់​ពិភព​លោក​កំពុង​ប្រតិបត្តិ​ការ​សណ្ឋាគារ​ជាង ៩០០​ទីតាំង ក្នុង​៦៥​ប្រទេស និង​មាន​យីហោ​ប្រណីត​ចំនួន ២១។

សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុម​ហ៊ុន ជីប ម៉ុង លោក លាង ឃុន បាន​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៦ ក្រុមហ៊ុន ជីប ម៉ុង បាន​បោះ​ជំហាន​ចូល​ក្នុង​វិស័យ​សណ្ឋាគារ និង​បដិសណ្ឋារ​កិច្ច​តាម​រយៈ​ការ​នាំ​យក​យីហោ​សណ្ឋាគារ​លំដាប់​អន្តរ​ជាតិ «Hyatt Regency»​ដ៏​ល្បី​របស់​​អាមេរិក​មកកាន់​ប្រទេស​​កម្ពុជា។ សណ្ឋាគារ «Hyatt Regency» ​គឺ​ជា​ពាណិជ្ជ​កម្ម​មួយ​របស់ Hyatt Hotel Corporation ដែល​ជា​ក្រុមហ៊ុន​លំដាប់​ពិភព​លោក​កំពុង​ប្រតិបត្តិ​ការ​សណ្ឋាគារ​ជាង ៩០០​ទីតាំង ក្នុង​៦៥​ប្រទេស និង​មាន​យីហោ​ប្រណីត​ចំនួន ២១។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឱកាស​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​បើក​សម្ពោធដាក់​ឱ្យ​ដំណើរ​ការជា​ផ្លូវ​ការ​សណ្ឋា​គារ Hyatt Regency Phnom Penh កាល​ពី​ព្រឹក​ថ្ងៃទី១៥ ខែ​ធ្នូ បាន​លើក​ឡើង​ថា ក្រៅ​ពី​អាច​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អតិថិជន​ក្នុង​ស្រុក និង​វិនិយោ​គិន​អន្តរជាតិ​ធំៗ សណ្ឋាគារ​នេះ​ក៏​អាច​នឹង​ត្រូវ​ប្រើ​ប្រាស់​ជា​កន្លែង​ស្នាក់​នៅ​សម្រាប់​ថ្នាក់​ដឹក​នាំ​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​ ខណៈ​ប្រទេស​កម្ពុជា​នឹង​ត្រូវ​ធ្វើ​ជា​ប្រធាន​អាស៊ាន ​នៅ​ក្នុង​ឆ្នាំ​២០២២ ខាង​មុខ៕​